កម្ពុជា​កំពុង​រៀបចំ​ច្បាប់​ដើម្បី​ឈាន​ទៅប្តូរ​សរីរាង្គ​មនុស្ស

ដោយសារ​ការរីកចំរើន​នៃវិស័យ​វេជ្ជសាស្រ្ត និង​សមត្ថភាព​គ្រូពេទ្យ​កម្ពុជា​កំពុងមាន​ភាពកាន់តែ​ប្រសើរទ្បើង ប្រទេសកម្ពុជា​បាននិងកំពុង​រៀបចំក្រប​ខ័ណ្ឌច្បាប់ ដើម្បីមាន​លទ្ឋភាព​ឈានទៅរក​ការផ្លាស់ប្តូរ​សរីរាង្គ​មនុស្ស ដែលជា​បដិវត្តមួយ​ក្នុងវិស័យ​សុខាភិបាល។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ឲ្យដឹងកាល​ពីពេលថ្មីៗ​នេះថា ក្រសួង​សុខាភិបាល​បាននិង​កំពុងរៀបចំ​ធ្វើច្បាប់ ដើម្បី​បើកផ្លូវឲ្យ​យើងអាចផ្លាស់​ប្ទុរសរីរាង្គ​មនុស្សបាន ដូចជា​ប្តូរថ្លើម ក្រលៀន ព្រោះយើង​មានលទ្ឋភាព​ធ្វើការងារ​នេះបាន ដោយសារ​បច្ចេកវិទ្យា​មានការ​រីកចំរើន សមត្ថភាព​គ្រូពេទ្យខ្មែរ​ក៏កាន់តែ​មានភាព​ប្រសើរទ្បើង។ លោកបន្ត​ថា បច្ចុប្បន្ននេះ​មន្ទីរពេទ្យ​កាល់ម៉ែត​អាចផ្លាស់ប្តូរ​ខួរឆ្អឹង អាវវះ​កាត់ធំៗ និងវះកាត់​ខួរក្បាល​បាន ដោយយើង​មានគ្រូពេទ្យ​ខ្មែរ និង​បរទេស​មានសតម្ថភាព​ធ្វើការងារនេះមកជួយយើងបាន។ នៅពេលអនាគតឆាប់ៗនេះ ស្រុកគេ​មានវិទ្យាសាស្រ្ត​ពេទ្យធ្វើអី​បានយើង​ធ្វើ​បានដូចគ្នា។

លោកបន្តថា “ប្រជាជន​ខ្មែរឆ្លាត​ណាស់ យើងអាច​សាងសង់​អង្គរវត្តបាន គឺបញ្ជាក់​ពីស្នាដៃ​របស់យើង ដូចគ្នា​គឺគ្រូពេទ្យ​ខ្មែរនាពេលនេះ​ក៏ពូកែមាន​មូលដ្ឋាន​ច្បាស់លាស់ អ្វីដែល​នៅសល់ គឺការ​បំពាក់សម្ភារៈ​បរិក្ខាពេទ្យ​ទំនើបៗ​ប៉ុណ្ណោះ ”។ លោកបន្ត​ថា “ខ្មែរយើងមាន​អស់ហើយ នៅសល់តែ​ការលើកទឹក​ចិត្តគ្នា​ទៅវិញ​ទៅមក ដើម្បីជា​មោទនភាព​ជាតិទាំងអស់​គ្នាប៉ុណ្ណោះ”។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបន្តថា ការប្តូរសរីរាង្គ​មនុស្សមិនមែន​ចេះតែ​ធ្វើនោះទេ គឺយើងត្រូវ​មានក្រប​ខ័ណ្ឌច្បាប់ ដើម្បីបើក​ផ្លូវធ្វើ​រឿងនេះបាន បើពុំដូច្នេះ​ទេគេអាច​ប្តឹងយើងបាន។ លោករដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បានឲ្យដឹង​ផងដែរថា សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​បាន និងកំពុង​ពង្រីក​កម្មវិធីសិក្សា​អន្តរជាតិ ដែលយើង​បាន​ឈានមួយ​ជំហ៊ានទៀត ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិនៃ​ប្រទេសកូរ៉េ (KOICA) ដើម្បីដាក់​ដំណើរការ​កម្មវិធីសិក្សា​អន្តរជាតិលើ​ជំនាញ​គិលានុបដ្ឋាក ហើយយើងនឹង​រៀបចំដាក់កម្មវិធីសិក្សា​អន្តរជាតិលើ​ជំនាញឆ្មប ដោយសុំឲ្យ​មានការជួយ​គាំទ្រ​ពី​ប្រទេស​ជប៉ុន។

លោកបន្តថា “ខ្ញុំមាន​មោទនភាព​ចំពោះកម្មវិធី​សិក្សានេះ ដែលធ្វើឲ្យ​និស្សិតខ្មែរ​មានសមត្ថភាព​ថ្នាក់តំបន់ និងស្តង់ដា​លើសពីថ្នាក់​តំបន់ថែមទៀត​នាពេល​អនាគត”។ លោកបន្តថា “យើងមាន​មោទនភាព​តាមរយៈកិច្ច​សហប្រតិបត្តិការ​លើកម្មវិធី​សិក្សាអន្តរជាតិ ដែលមានការ​គាំទ្រពីមិត្ត​បារាំងជា​យូរមក​ហើយ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative