មនុស្ស​ចំនួន​១២៧៩០​នាក់​បាន​ទទួល​ការព្យាបាល​ពីគ្រូពេទ្យ​ចល័ត​នៅក្នុង​ពិធី​បុណ្យុ​អុំទូក

រយៈពេលបួន​ថ្ងៃគិតពី​ថ្ងៃទី៤​ដល់៧ វិច្ឆិកា​កន្លង​មកនេះ ក្រុមគ្រូពេទ្យ​ចល័ត​និងក្រុម​គ្រូពេទ្យ​នៅតាមប៉ុស្ត៍​ចំនួន១០ បានទទួល​ព្យាបាល​ប្រជាពលរដ្ឋ​សរុប​ចំនួន​១២៧៩០​នាក់ ក្នុងពេល​ដែលពួកគេ​ចូលរួម​កំសាន្ត ក្នុងពិធី​បុណ្យអុំទូក​អកអំបុក និង​សំពះព្រះខែ​ដែលទើប​បញ្ចប់ថ្មីៗ​នេះ។

រូបភាព សហការី

រូបភាព សហការី

លោកវេជ្ជបណ្ឌិត សុខ សុគន្ឋ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាព​កម្ពុជាដឹង​នៅព្រឹក​ថ្ងៃទី៨ វិច្ឆិកា​នេះថា គិតចាប់​ពីថ្ងៃទី៤ មុនពិធី​អុំទូកមួយថ្ងៃ និង​រហូតមក​ដល់ថ្ងៃ​ទី៧ វិច្ឆិកា​ដដែលនេះ​ក្រុមគ្រូពេទ្យ​ចល័ត​១០ក្រុម និងក្រុម​គ្រូពេទ្យ​នៅតាម​ប៉ុស្ត៍សុខភាព​ដែលដាក់​ប្រចាំការ​ទាំង១០​ទីតាំង បានទទួល​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ចំនួន១២៧៩០​នាក់ ដែលអ្នក​ទាំងនោះ​ភាគច្រើន មានជំងឺ​រាករូស ខ្យល់គរ ក្តៅខ្លួន ចុកពោះ​ដែលអាច​ផ្តល់ថ្នាំ​ឲ្យបាន។

លោកបន្ត​ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ មានប្រជាពលរដ្ឋ​ចំនួន១០នាក់ ត្រូវបានបញ្ជូន​ទៅសង្រ្គោះ​នៅមន្ទីរពេទ្យ ក្នុងនោះ​៧នាក់បាន​សន្លប់​ដោយសារ​ខ្យល់គរ និង​នឿយហត់​អស់កំលាំង​ខ្លាំង។ លោកបន្ត​ថា ក្នុងពិធី​បុណ្យអុំទូក​ថ្ងៃចុងក្រោយ មានកីទ្បាករ​អុំទូកធ្លាក់​ទឹកម្នាក់​សន្លប់ តែត្រូវ​បាន​ជួយសង្រ្គោះ​ទាន់ពេល​វេលា ប៉ុន្តែជា​អកុសល​មានកុមារី​អាយុ១០ឆ្នាំ​ម្នាក់​បានស្លាប់​ដោយសារ​លង់ទឹក​នៅកោះពេជ្រ។

លោកវេជ្ជបណ្ឌិត សុខ សុគន្ឋ បានបន្ត​ថា ក្នុងរយៈពេល​៤ថ្ងៃនេះ យើងបាន​ដាក់គ្រូពេទ្យ​ចល័ត​និងគ្រូពេទ្យ​ប្រចាំការ​ចំនួន​៥៩៧នាក់ និងមាន​រថយន្ត​សាម៊ុយចំនួន៣១​​គ្រឿង ដែលរង់ចាំ​ប្រចាំការ​២៤ម៉ោង​លើ២៤ម៉ោង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative