ទារក​ជិត២​ពាន់​នាក់​បាន​ប្រសូត​នៅ​ពេទ្យ​គន្ធបុប្ឆា ខេត្ត​សៀមរាប​ក្នុង​ខែ​តុលា

យោងតាម​របាយការណ៍​សង្ខេប​ប្រចាំខែ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ក្នុង​ខែតុលា បានបង្ហាញ​ថា នៅក្នុងរយៈ​ពេល១ខែ​តុលានេះ មានស្ត្រី​ជិត២ពាន់ ដែលខ្លួន​បាន​ធ្វើការសម្រាល​កូននៅ​អាគារសម្ពព​នៃមន្ទីរពេទ្យ​ជ័យវរ័ន្មទី៧ ឬគន្ធរ​បុប្ផា៣ ខេត្ត​សៀមរាប។

រូបភាព សហការី

រូបភាព សហការី

ផ្នែកសម្ពព​​សាខា​សៀមរាប ក្នុងខែ​តុលា មានស្ត្រី​ចំនួន​១១,៧០៨ ដែលមក​ទទួល​សេវាពិនិត្យ​តាមដាន​ផ្ទៃពោះ និងមាន​១,៨៦៤​បានសម្រាល​កូនប្រកប​ដោយ​ជោគជ័យ។

កុមារដែល​មានជំងឺធ្ងន់ ត្រូវព្យាបាល​ផ្នែកពិគ្រោះ​ជម្ងឺ​ខាងក្រៅ សរុបមាន​ចំនួន​៦៩,២៣៦​នាក់ ជំងឺធ្ងន់ ដាក់ព្យាបាល​ក្នុងពេទ្យ​មាន ១៣,៥៤៦​នាក់ វះកាត់​ផ្នែក​សល្យសាស្ត្រ​ចំនួន១,៦៩៣​នាក់ ក្នុងនោះ​វះកាត់បេះដូង​ចំនួន​២៨នាក់។ នេះតួលេខ​អ្នកជំងឺ ដែលមក​ព្យាបាលក្នុង​មន្ទីរគន្ធបុប្ផា​ទាំងរាជធានី និងខេត្ត​សៀមរាប។

យោងតាម​របាយការណ៍​ដែលចេញផ្សាយ​កាលពីថ្ងៃ​ទី១ ខែវិច្ឆិកា បានបញ្ជាក់​ថា មានអ្នកជំងឺ​រលាកខួរក្បាល​ធ្ងន់ធ្ងរចំនួន​៥០២ករណី ដែលបាន​ពិនិត្យ​ឃើញ និងមាន​កុមារចំនួន​២៨,៣៨៧​បានទទួលវ៉ាក់​សាំងការងារ​ជំងឺនេះ។ ក្នុងមួយថ្ងៃ​ពេទ្យនេះ​បានចំណាយ​ប្រាក់ប្រមាណ​១២ម៉ឺន​ដុល្លារ សហរដ្ឋ​អាមេរិក ដើម្បី​ផ្គត់ផ្គង់​រាល់សេវាកម្ម​ព្យាបាល​ទាំងអស់។ ថ្មីៗនេះ មន្ទីរគន្ធ​បុប្ផាទី៣ នៅ ខេត្តសៀមរាប ទើបនឹង​ក្លាយនាយកដ្ឋាន​ដំបូងគេ ដែលមាន​សាខា​នៅ​តាមខេត្ត។ ហើយអ្វី​ដែលពិសេស​ជាងគេនោះ សាខានេះ​មានអាគារ​សម្ពព និងអាគារ​ផ្នែកវះកាត់​បេះដូងកុមារ។

រូបភាព សហការី

រូបភាព សហការី

ចាប់តាំងពី​ពេលដំណើរ​ការឡើងវិញ នៅឆ្នាំ១៩៩១ រហូតមក​ដល់ពេលនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​មានសាខា​សរុបចំនួន៥​សាខាហើយ គឺទី១ ស្ថិតនៅក្នុង​បរិវេណ​ព្រះបរមរាជវាំង សាខា ៣ទៀត នៅម្ដុំ​វត្តភ្នំ និងសាខា​ចុងក្រោយ​នៅក្រុង​សៀមរាប គឺមន្ទីរពេទ្យ​កុមារជ័យ​វរ្ម័នទី៧ ដែលសាខា​ទាំងអស់​នៅក្រោម​ការគ្រប់គ្រង​របស់​វេជ្ជបណ្ឌិត​ជនជាតិស្វីស ឯកទេសផ្នែក​ជំងឺកុមារ គឺលោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ (Beat Richner) ជាប្រធាន។ រហូតមក​ដល់ពេលនេះ តម្រូវការ​ថវិកា​សម្រាប់​ដំណើរការ​មន្ទីរពេទ្យគឺ ៣០លាន​ដុល្លារក្នុង​មួយឆ្នាំ។

នៅក្នុងឆ្នាំ​២០១០ កុមារ​ជិត ១,៥លាននាក់ បានចូលសម្រាកព្យាបាលនៅក្នុងសាខាទាំង ៥ នៃមន្ទីរពេទ្យ​គន្ធបុប្ផា ព្រមទាំង​បានទទួល​សេវាព្យាបាល​សេវាវះកាត់ និងទទួល​វ៉ាក់សាំងពី​មន្ទីរពេទ្យនេះ។ ដោយឡែក​ស្ត្រីមាន​ផ្ទៃពោះ​ជាង១០​ម៉ឺននាក់​បានទទួល​សេវា​ពិនិត្យ និង​សម្រាលកូន។ បើគ្មាន​មន្ទីរពេទ្យ​គន្ធបុប្ផាទេ កុមារចំនួន ៣.២០០នាក់​នៅកម្ពុជា នឹងត្រូវ​បាត់បង់ជីវិត​ជារៀងរាល់​ខែ។

កន្លងទៅ ថវិកា​សម្រាប់​ដំណើរការ​មន្ទីរពេទ្យ គឺបានមក​ពីការខិតខំ​របស់លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ តាមរយៈ​ការអំពាវនាវ​សុំជំនួយ​ពីសប្បុរសជន ដោយលោក​កូដវីយោឡុង ក្នុងការប្រគំ​តន្ត្រីផង ប៉ុន្តែពេលនេះ​លោកមាន​អាយុ ៦៥ឆ្នាំ​ហើយ។

គេហទំព័រ​របស់មន្ទីរពេទ្យ​គន្ធបុប្ផាបាន​ឲ្យដឹងថា រហូតមក​ដល់ពេលនេះ មន្ទីរពេទ្យ​ទទួលប្រាក់​បរិច្ចាគ​ចំនួន ២លានដុល្លារ​ពីរដ្ឋាភិបាល​កម្ពុជា ៤លាន​ដុល្លារពី​រដ្ឋាភិបាល​ស្វីស និង ២២លាន​ដុល្លារពី​សប្បុរសជន​នានាជា​រៀងរាល់ឆ្នាំ ហើយក្នុងរយៈ​ពេលពេល ២០ឆ្នាំកន្លង​ទៅនេះ ថវិកា​ចំនួន ៤០០លាន​ដុល្លារត្រូវ​បានចំណាយ​សម្រាប់ដំណើរ​ការមន្ទីរពេទ្យ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative