អ្នកភូមិ​ផ្អេរ​ចំនួន​០៣នាក់​ពុលក្តាម​ប្រៃ តែ​សង្គ្រោះ​ទាន់​ពេល​វេលា

ប្រជាពលរដ្ឋ​ចំនួន០៣​នាក់រស់​នៅភូមិផ្អេរ សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង​កាលពីវេលា​ម៉ោង៨​និង១០​នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លង​ទៅនេះ បានពុល​ក្តាមប្រៃ​ខណៈពេល​ដែល កំពុងបរិភោគ​ជាមួយបាយ​កកពេលព្រឹក ដោយធ្វើឲ្យ​ពួកគេក្អួត​ចង្អោរយ៉ាង​ខ្លាំង ហើយត្រូវបាន​បងប្អូន អ្នកជិត​ខាង​ដឹកយកមក​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យខេត្ត។

រូបភាព សហការី

រូបភាព សហការី

បើតាមសាច់​ញាតិជន​រងគ្រោះបាន​និយាយអោយ​ដឹងថា អ្នកពុលក្តាម​ប្រៃនោះ មានទី០១-ឈ្មោះ យាយ ធន អាយុ៦០ឆ្នាំ ទី០២-ឈ្មោះ ស៊ុន ង៉ោ អាយុ២០​ឆ្នាំ និងទី០៣-ក្មេងតូច​ម្នាក់ទៀត អាយុ០៣ឆ្នាំ ពួកគាត់​រស់នៅក្នុង​ភូមិ-សង្កាត់ ខាងលើ។

សាច់ញាតិ​​ជនរងគ្រោះ​​បានរៀបរាប់​​បន្តថា​មុន​ពេល​កើតហេតុ ពួកគាត់បាន​​ហូបក្តាម​​ប្រៃនេះ​ដោយអ្នក​ជិត​ខាង​បាន​អោយ។ ពេលនាំគ្នា​​យកមក​ហូប​ជាមួយបាយ​កកពេលព្រឹក ក្រោយពីហូប​បានជាង​២ម៉ោង ស្រាប់តែ​មានការវិល​មុខ និងក្អួត​ចង្អោរ​យ៉ាងខ្លាំង ហើយអ្នកជិត​ខាងក៏បាន​ជួយដឹកជន​រងគ្រោះ​ទាំង០៣​នាក់ យកមក​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យ​ខេត្ត។

បើតាមអ្នក​​ភូមិបាន​​និយាយ​​អោយដឹងថា «កន្លងមក​ក៏​មានការ​​ពុលក្តាម​ប្រៃ​របៀប​នេះ​ដែរហើយ​ពួកគាត់​បាន​សន្និដ្ឋានថា​ករណីពុល​ក្តាមនេះ​អាចបណ្តាល​មកពី​ក្តាមដែល ប្រជាពលរដ្ឋ​បាញ់ថ្នាំពុល​ដោយសារតែ​ក្តាមទាំងនោះ​មកកាត់​ស្រូវ។ ក្តាមដែល​ត្រូវថ្នាំ​ទាំងនោះ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បានរើស​យកមកធ្វើ​ក្តាមប្រៃ ហើយពេលយក​មកហូបក៏មាន​ការពុលក្អួត​ចង្អោរវិល​មុខដូច្នេះ​ទៅ បើគ្មានការ​សង្គ្រោះទាន់​ពេលវេលា​ទេនោះក៏អាច​អោយ​ជនរង​គ្រោះស្លាប់​បានដែរ»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative