ថ្ងៃទី២ នៃបុណ្យ​អុំទូក មាន​មនុស្ស​១៣០០​នាក់ ទទួល​ការព្យាបាល​​ជំងឺ​កើន​​ឡើង​ជាង​ថ្ងៃទី១

មន្ត្រី​សុខាភិបាល​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា នៅក្នុងថ្ងៃ​ទី២នៃព្រះរាជ​ពិធីបុណ្យ​អុំទូកនេះ​ មានបងប្អូន​ប្រជាពលរដ្ឋ ដែលមាន​អាការៈឈឺ​ក្បាល វិលមុខ និងរងរបួស​ផ្សេងៗ មកទទួល​ការព្យាបាល​នៅតាមតង់​ចំនួន១៣០០​នាក់។ ចំនួនបើ​ធៀបទៅនឹង​ថ្ងៃទី១​នៃពិធី​បុណ្យអុំទូក​ឃើញថា​មានការ​កើនឡើង។

រូបភាព សហការី

រូបភាព សហការី

នៅ​ក្នុងថ្ងៃ​ទី១មាន​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​អាការៈ​ឈឺក្បាល វិលមុខ និងរង​របួសផ្សេងៗ​ មកទទួល​ការព្យាបាល​នៅតាមតង់​ចំនួន ១២៥០​នាក់ ។បើបូក​ក្នុងរយៈពេល​២យប់ ២ថ្ងៃ នៃថ្ងៃបុណ្យ​អុំទូកនេះ មាន​ប្រមាណ​ជិត ៣ពាន់​នាក់ ដែលចូល​មកទទួល​យកការ​ព្យាបាល។

កាលពី​ថៃ្ង​ទី៤ វិច្ចិកា ដែលជាថ្ងៃ​​មុនការ​ចាប់ផ្តើម​ប្រារពពិធី​បុណ្យអុំទុក​មួយថ្ងៃ ក្រុមគ្រូពេទ្យ​ចល័ត និងគ្រូពេទ្យ​ប្រចាំការ​នៅតាម​ប៉ុស្ត៍​និមួយៗ បានពិនិត្យ​ជំងឺបាន​១០០៧នាក់ ក្នុងនោះ​កាប់គ្នា​របួស១នាក់ លង់ទឹក​១នាក់ជា​កីឡាករអុំទូក​បញ្ចូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ប៉ុន្តែគ្មាន​អ្នកសា្លប់​នោះទេ។

បើតាម​លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ បានថ្លែងឲ្យ​ដឹងកាលពី​ថ្ងៃទី៦ វិច្ឆិកា ថា ចំនួន​ប្រជាពលរដ្ឋ​ចូលរួមនៅ​ថ្ងៃទី២នៃ​ព្រះរាជពិធី​បុណ្យអុំទូក​មានប្រមាណ​ជាង៣០​ម៉ឺននាក់។ ចំនួននេះ គឺកើនឡើង​ប្រហែល ៣ដង បើធៀប​ទៅនឹងថ្ងៃ​ទី១ ដែលមាន​ប្រមាណតែ ១០ម៉ឺននាក់​ប៉ុណ្ណោះ។
អាជ្ញាធរ​រាជធានីភ្នំពេញ និងស្ថាប័ន​ពាក់ព័ន្ធ​បានបានរៀប​ចំសេវាសុខភាព​ចំនួន១២​ទីតាំង​ដើម្បីជួយ​ព្យាបាលជំងឺ​ដង្កាត់ផ្សេងៗ​ជួនដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលបានមក​ចូលរួម​ទស្សនា​នៅក្នុង​ពិធីបុណ្យ​អុំទូក អកសំបុក សំពះ​ព្រះខែ និង​បណ្តែត​ប្រទីប។

ចំពោះ​ទីតាំង ដែលមាន​សេវា​សុខភាព ចំនួន១២​កន្លែង មានដូចជា ៖

១. នៅវត្តភ្នំ ម្តុំ CDC មួយ​កន្លែង

២.នៅមាត់ទន្លេម្តុំមុខវណ្ណឧណ្ណាលោម មួយកន្លែង

៣. នៅមាត់ទន្លេ ម្តុំព្រះអង្គដងកើរ មួយកន្លែង

៤. នៅសួនច្បារមុខព្រះបរមរាជវាំងពីរកន្លែង

៥. នៅសាលមហោស្រពចតុមុខ មួយកន្លែង

៦. នៅមុខសណ្ឋាគារ ហ៊ីម៉ាវ៉ារី មួយកន្លែង

៧. នៅម្តុំសួន ច្បារ មុខវត្តបុទុមវត្តី មួយកន្លែង

៨. នៅសួនច្បារ សម្តេច ហ៊ុន សែន មួយកន្លែង

៩. នៅត្រើយខាង កើត ម្តុំវត្តប្រជុំសាគរ មួយកន្លែង

១០ . នៅត្រើយខាងកើត ម្តុំក្បាលជ្រោយសាគរ មួយកន្លែង

១១. នៅកោះពេជ្រ មុខអគារសាល មហោស្រព កោះពេជ្រ មួយកន្លែង

១២. នៅកោះពេជ្រ ក្រោយអគារសាលមហោស្រព កោះពេជ្រ មួយកន្លែង។

គួរបញ្ជាក់ថា​មន្ទីរសុខាភិ​បាលរាជធានី​បានដាក់​ពង្រាយ ក្រុមគ្រូពេទ្យ នៅតាម​គោលដៅ​សរុប១០​ទីតាំង មានថយន្ត Ambulance ៣១គ្រឿង បុគ្គលិក​សុខាភិបាល​ចូលរួម​សង្គ្រោះ​៥៩៧នាក់ ក្រុមគ្រូពេទ្យ​ចល័ត១០​ក្រុម មាន៥០​នាក់ ក្រុមអប់រំ​ផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ​៩នាក់ មួយក្រុម៣នាក់ មាន៣​ក្រុម ក្រុមផ្សព្វផ្សាយ​ទប់ស្កាត់ជំងឺ​អេដស៍​១០នាក់។ ក្រៅពីក្រុម​គ្រូពេទ្យរបស់​ក្រសួង​សុខាភិបាល និងមន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ​ក៏មានការ​ចូលរួមពី​យុវជន ស្ម័គ្រចិត្ត​កាកបាទ​ក្រហម រាជធានី មាន១០​កន្លែង ១កន្លែង​៤នាក់ដើម្បី​សង្គ្រោះ និងមាន​រថយន្ត​សង្គ្រោះ​របស់មន្ទីរពេទ្យង​-៧០​ចំនួន ៤គ្រឿង​ចូលរួម​ផងដែរ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative