ប្រមុខ​​រាជ​​រដ្ឋាភិបាល អំពាវនាវ​​ឲ្យ​​សមត្ថកិច្ច បង្កើន​​ការ​​ធានា​​សុវត្ថិភាព​​ចំណី​​អាហារ

ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា បានអំពាវ​នាវឲ្យ សមត្ថកិច្ច និង​ក្រសួង ស្ថាប័ន​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលធ្វើ​ការងារលើ​សុវត្ថិភាព​ចំណីអាហារ ត្រូវ​បង្កើន​​កិច្ចសហការ​គ្នា ឱ្យបាន​ល្អប្រសើរ ដើម្បី​ធានាថា ទាំងស្បៀង​អាហារ​នាំចូល និង​ស្បៀងអាហារ​ផលិតក្នុង​ស្រុក ត្រូវតែមាន​សុវត្ថិភាពខ្ពស់ និង​គុណភាពល្អ ដើម្បីជៀស​វាងគ្រោះថ្នាក់ ដល់សុខភាព​របស់​ប្រជាពលរដ្ឋ និងជា​ពិសេស ដើម្បីការពារ​កុមារឲ្យ​ជៀសផុត​ពីជំងឺផ្សេងៗ ដែលនាំឲ្យ​មានបញ្ហា​កង្វះ​អាហារូបត្ថម្ភ ។

រូបភាព សហការី

រូបភាព សហការី

សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអំពាវនាវ​បែបនេះ តាមរយៈ​សារលិខិត ក្នុងទិវាជាតិ​អាហារូបត្ថម្ភ លើកទី១ នៅថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោម​ប្រធានបទ “អាហារូបត្ថម្ភ​ល្អ ដើម្បីជីវិត​រស់នៅ កាន់តែ​ប្រសើរ” ។

ឆ្នាំនេះ ទិវាអាហារូបត្ថម្ភ ៦ វិច្ឆិកា ត្រូវបាន​ប្រារព្ធឡើង ជាលើក​ដំបូង ក្រោម​ប្រធានបទ “អាហារូបត្ថម្ភល្អ ដើម្បីជីវិតរស់នៅ កាន់តែប្រសើរ” មានគោល​បំណង ដើម្បីលើក​កម្ពស់ការ​យល់ដឹង ពីអាហារូបត្ថម្ភ នៅទូទាំង​ប្រទេស ស្របគ្នា​ជាមួយទិវា​យល់ដឹង អាហារូបត្ថម្ភ​ពិភពលោក។ ការប្រារព្ធ​ទិវាអាហា​រូត្ថម្ភ ៦វិច្ឆិកានេះ គឺឆ្លើយតប​​ទៅនឹងការ​ប្រកាស របស់​ពិភពលោក ដែលបានបញ្ជាក់ថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបានពិភពលោក ទទួល​ស្គាល់ និង​ចាត់ទុកថា ជាសិទ្ធិ​មូលដ្ឋាន​របស់​បុគ្គលម្នាក់ៗ ដែលស្ថិត​ក្រោមសេចក្តី​ថ្លែងការណ៍​ជាសាកល ស្តីពីសិទ្ធិ​មនុស្ស និងសិទ្ធិ​សញ្ញាអន្តរជាតិ ស្តីពីសិទ្ធិ​សេដ្ឋកិច្ច សង្គម វប្បធម៌ ដែលព្រះរាជា​ណាចក្រកម្ពុជា បានផ្តល់​សច្ចាប័ន។ ឈរលើ​ស្មារតីនេះ និងដោយ​ទទួលស្គាល់ អំពីសារៈ​សំខាន់នៃ បញ្ហា​អាហារូបត្ថម្ភ រាជរដ្ឋាភិបាល​កម្ពុជា បាននិង​កំពុងយក​ចិត្តទុកដាក់ ជាពិសេស​លើការលើក​កំពស់ អាហារូបត្ថម្ភ​សម្រាប់មាតា និង​កុមារ ហើយបាន​ចាត់ទុក អាហារូបត្ថម្ភ ជាបញ្ហា​អាទិភាព នៅក្នុង​គោល​នយោបាយ ការអភិវឌ្ឍ​សង្គម ដោយដាក់​បញ្ចូល ទៅក្នុង​គោល​នយោបាយ និងផែនការ​យុទ្ធសាស្ត្រ​នានា ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាលទី៣ (២០១៤​-២០១៨), ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ (២០១៤​-២០១៨), យុទ្ធសាស្ត្រជាតិ ស្តីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ (២០១៤​-២០១៨), ផែនការ​សកម្មភាពជាតិ ស្តីពីការ​គាំពារ និងអភិវឌ្ឍន៍​កុមារតូច​ឆ្នាំ (២០១៤​-២០១៨) និង យុទ្ធសាស្ត្រ​ជាតិអាហារូបត្ថម្ភ ។

នៅក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា អាហារូបត្ថម្ភ​ត្រូវបាន​លើកឡើង នៅក្នុង​គោលដៅទី១ “លុបបំបាត់​ភាពក្រីក្រ និងភាព​ស្រែកឃ្លាន” ហើយ​អាហារូបត្ថម្ភ ក៏មានសារៈ​សំខាន់ផង​ដែរ ក្នុងការ​សម្រេចបាន នូវគោលដៅ​ផ្សេងៗទៀត នៃគោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា គឺគោលដៅ​ទី៤ “កាត់បន្ថយ​មរណភាព​របស់កុមារ” និង​គោលដៅ​ទី៥ “កែលម្អ​សុខភាព​មាតា” ។

នៅក្នុងសារ​លិខិតជូន​ជនរួមជាតិ សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា៖ លទ្ធផលនៃ​ការធ្វើអង្កេត នាពេល​ថ្មីៗនេះ បាន​បង្ហាញ​ថា ៤៣ ភាគរយ នៃម្តាយៗ នៅរាជ​ធានីភ្នំពេញ បានបំបៅ​ទឹកដោះ សិប្បនិមិ្មត​ដល់ទារក ដែលទើប​និងកើត ដល់អាយុ​៦ខែ។ ដូចនេះ​សូមក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដែគូ​អភិវឌ្ឍន៍ សង្គម ស៊ីវិល និង វិស័យឯកជន ត្រូវតែបន្ត​នូវកិច្ច​ខិតខំ ប្រឹងប្រែង​រួមគ្នា ធ្វើយុទ្ធនា​ការអប់រំ ប្រជាពលរដ្ឋ ដើម្បីផ្លាស់​ប្តូរ​ទម្លាប់ និង​ឥរិយាបថ និងធ្វើឲ្យ​ប្រជាពលរដ្ឋ បានយល់ជ្រួត​ជ្រាបថា៖ “ការបំបៅ​កូនដោយ​ទឹកដោះម្តាយ​តែមួយ​មុខគត់ ចាប់ពី​អាយុ ០ រហូតដល់​អាយុ ៦ ខែ គឺជា​ជម្រើស​ដ៏ល្អ និងប្រកប​ដោយសុខមាលភាព” ជាជាងការ​បំបៅកូន ដោយទឹកដោះ​សិប្បនិម្មិត និងត្រូវ​បង្កើតឲ្យ​មានសហគមន៍ និង​មន្ទីរពេទ្យ ស្រឡាញ់​ទារក នៅទូទាំង​ព្រះរាជាណា​ចក្រកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ ដោយបញ្ហា​កង្វះអាហា​រូបត្ថម្ភ ក៏មាន​ទំនាក់ទំនងគ្នា ដ៏ជិតស្និទ្ធ​ជាមួយ ការប្រើប្រាស់​ទឹកស្អាត និង​អនាម័យល្អ។ រាជរដ្ឋាភិបាល​កម្ពុជា សូមអំពាវនាវ​ដល់បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវនាំគ្នា​ប្រើប្រាស់ ទឹកបរិភោគ ប្រកបដោយ​សុវត្ថិភាព ប្រើប្រាស់​បង្គន់អនាម័យ​ជាប្រចាំ និង​លាងសម្អាត​ដៃជាមួយ​សាប៊ូ ដើម្បីកាត់​បន្ថយជំងឺ​នានា ដែលបណ្តាល​មកពី​ការប្រើប្រាស់​ទឹកកខ្វក់ និង​ការរស់នៅ​គ្មានអនាម័យ ។ ការ​ប្រើប្រាស់​ចំណីអាហារ ដែលមាន​បញ្ចូលមីក្រូ​សារជាតិ សមស្រប ដូចជា​អំបិលអ៊ីយ៉ូត ទឹកត្រី ទឹកស៊ីអ៊ីវ ដែលមាន​ជាតិដែក គឺជាវិធាន​ការដ៏មាន​ប្រសិទ្ធ​ភាព ដែលរាជ​រដ្ឋាភិបាល សូមលើក​ទឹកចិត្តដល់ បងប្អូន​ប្រជាពលរដ្ឋ សូមអនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន នៅក្នុងការ​រស់នៅ​ប្រចាំថ្ងៃ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative