ទីតាំង​សេវា​សុខភាព​ចំនួន​១២​កន្លែង សម្រាប់​អ្នក​មាន​បញ្ហា​សុខភាព​នៅថ្ងៃ​បុណ្យ​អុំទូក

មន្ត្រីសាលា​ខណ្ឌដូនពេញ​បានអះអាង​ថាបើបង​ប្អូនប្រជា​ពលរដ្ឋ​មានបញ្ហា សុខភាព នៅថ្ងៃ​ព្រះរាជពិធី​បុណ្យ​អុំទូក អកសំបុក សំពះ​ព្រះខែ និង​បណ្តែត​ប្រទីប អាចទៅ​រ​កទីតាំង សេវា​សុខភាព ចំនួន១២​កន្លែងដែល​បានត្រៀម​រៀបចំ​រួចជាស្រេច។

រូបភាព សហការី

រូបភាព សហការី

មន្រ្តី​សាលា​ខណ្ឌដូនពេញ បានឲ្យ​ដឹងថា ទីតាំង ដែលមាន​សេវា​សុខភាព ចំនួន១២​កន្លែង ដូចខាង​ក្រោម ៖

១. នៅវត្តភ្នំ ម្តុំ CDC មួយ​កន្លែង

២.នៅមាត់​ទន្លេ ម្តុំមុខ​វត្ត​ឧណ្ណាលោម មួយកន្លែង

៣. នៅមាត់​ទន្លេ ម្តុំព្រះអង្គ​ដងកើរ មួយកន្លែង

៤. នៅសួនច្បារ​មុខព្រះ​បរមរាជ​វាំង ពីរកន្លែង

៥. នៅសាល​មហោស្រព​ចតុមុខ មួយកន្លែង

៦. នៅមុខ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី មួយកន្លែង

៧. នៅម្តុំសួន​ច្បារ មុខវត្ត​បុទុមវត្តី មួយកន្លែង

៨. នៅសួន​ច្បារ សម្តេច ហ៊ុន សែន មួយកន្លែង

៩. នៅត្រើយ​ខាងកើត ម្តុំវត្ត​ប្រជុំសាគរ មួយកន្លែង

១០ . នៅត្រើយ​ខាងកើត ម្តុំក្បាល​ជ្រោយ​សាគរ មួយកន្លែង

១១. នៅកោះ​ពេជ្រ មុខអគារ​សាល​មហោស្រព កោះពេជ្រ មួយកន្លែង

១២. នៅកោះ​ពេជ្រ ក្រោយអគារ​សាលមហោ​ស្រព​កោះពេជ្រ មួយកន្លែង។

ក្នុងកំទ្បុង​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះព្រះ​ខែដែលនឹង​ចាប់ផ្តើម​ពីថ្ងៃទី៥ ដល់៧​វិច្ឆិកា​ខាងមុខនេះ មន្ទីរសុខាភិបាល​រាជធានី​បានត្រៀម​គ្រូពេទ្យ​ជាង៣០០​នាក់សម្រាប់​ប្រចាំការ សម្រាប់​ចូលរួមជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​មានបញ្ហា​សុខភាព ។

លោកវេជ្ជបណ្ឌិត សុខ សុគន្ឋ ប្រធាន​មន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ បានមាន​ប្រសាសន៍​ឲ្យដឹងថា មន្ទីរសុខាភិបាល​បានត្រៀម​បុគ្គលិក​សុខាភិបាល​ជាង៣០០​នាក់ និង​រថយន្ត​សង្រ្គោះ​ចំនួន១៤គ្រឿង សម្រាប់ប្រចាំ​ការនៅតាម​គោលដៅ​សំខាន់ចំនួន​៧ ដើម្បី​ជួយសង្រ្គោះ​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​ខ្យល់គរ ឬបញ្ហា​សុខភាព​អ្វីមួយ។

លោកវេជ្ជបណ្ឌិត​បានបន្តថា ទីតាំងចំនួន​៧ដែល​មន្រ្តី​សុខាភិបាល​ប្រចាំការ​មាន ដូចជា​នៅលើ​កោះពេជ្រ ម្តុំវត្ត​បុទុម មុខគណៈ​កម្មការ​បុណ្យជាតិ នៅម្តុំ​ផែថ្ម ជិតរដ្ឋសភា​ចាស់ និងនៅ​តំបន់ជ្រោយចង្វារ​ចំនួន២កន្លែង។

លោកវេជ្ជបណ្ឌិត​ សុខ សុគន្ធ បានបន្តែម​ទៀតថា “គ្រូពេទ្យ​របស់យើង​នឹងប្រចាំ​ការ២៤​ម៉ោង ដើម្បីជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ ហើយយើង​គិតថាពិធី​បុណ្យ​អុំ​ទូក​ឆ្នាំនេះ នឹងមាន​មនុស្សចូលរួម​ច្រើនជាង​បណ្តា​ឆ្នាំមុន ព្រោះយើង​ខកខាន​ប្រារព្វ​ពិធីនេះ​តាំងពីឆ្នាំ​២០១១មក”។

លោកប្រធាន​មន្ទីរសុខាភិបាល បានបព្ជាក់​ឲ្យដឹង​ទៀតថា ក្រៅពីក្រុម​គ្រូពេទ្យប្រចាំ​ការនៅនឹង​កន្លែង​ទាំងនេះ យើងមាន​ក្រុមគ្រូពេទ្យ​ចល័ត​ចំនួន​១០ក្រុម និងមាន​ក្រុមចុះ​អប់រំ ពីសុវត្ថិភាព​ចំណី​អាហារ និងក្រុម​ចុះអប់រំ​ពីការរីករាល​ដាលមេរោគ​អេដស៍ និងជំងឺអេដស៍​ដល់អ្នក​ចូលរួម​ពិធី​ផងដែរ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative