រាជ​រដ្ឋាភិបាល​​បាញ់​កាំ​ជ្រួច​ចំនួន ៦ពាន់​​គ្រាប់ ដើម្បី​អបអរ​​សាទរ​បុណ្យ​​អុំទូក​៣​​ថ្ងៃ

មន្រ្តី​គណៈកម្មការ​រៀបចំពិធី​បុណ្យអុំទូក បានឱ្យ​ដឹងថា នៅអំឡុង​បុ​ណ្យអុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះខែ រយៈពេល​៣ថ្ងៃ គឺនៅថ្ងៃ​ទី៥-៦-៧ ខែ​វិច្ឆិកានេះ មានការ​រៀបចំ បាញ់កាំ​ជ្រួច ៦០០០គ្រាប់ ពីកណ្តាល​ទន្លេចតុមុខ ខាងមុខ​ព្រះបរម​រាជវាំង ក្នុងនោះ​ក្នុងមួយយប់ នឹងមានការ​បាញ់កាំជ្រួច​ចំនួន ២០០០​គ្រាប់។

រូបភាព សហការី

រូបភាព សហការី

យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ នៅតែសម្តែង​ការព្រួយ​បារម្ភ ចំពោះ​សុវត្ថិភាព ពីការបាញ់​កាំជ្រួចដ៏​ច្រើននេះ ដោយសារតែ​កន្លងមក ក្នុងព្រះរាជ​ពិធី​គម្រប​ខួប ១០ឆ្នាំ នៃការឡើង​គ្រងរាជ្យ របស់​ព្រះមហាក្សត្រ ការបាញ់​កាំជ្រួច​ខុស​បច្ចេកទេស បានបណ្តាល​ឱ្យត្រូវចំ​យុវជនម្នាក់​ស្លាប់ ខណៈអ្នក​នៅក្បែរ​នោះចំនួន ៤ទៅ៥នាក់​ផ្សេងទៀត​បានរងរបួស ។

លោក ឡុង ឌីម៉ង់ អ្នកនំាពាក្យ​សាលារាជ​ធានីភ្នំពេញ បានមាន​ប្រសាសន៍ថា ការរៀបចំ​ពិធីបាញ់​កាំជ្រួចពុំ​មែនជាការ​ទទួលខុស​ត្រូវចំពោះ​សាលារាជ​ធានីភ្នំពេញ​ឡើយ ប៉ុន្តែ​តួនាទី​របស់សាលា​រាជធានី​ភ្នំពេញ ក៏ត្រៀម​ដើម្បីការងារ និងកាត់​បន្ថយ​បញ្ហាមួយ ចំនួន​នៅក្នុង​ពិធីបុណ្យ​នេះដែរ។

ចំពោះ​ភារកិច្ច​បាញ់កាំជ្រួច​វិញដើម្បី​អបអរសាទរ​បុណ្យ​អុំទូក គណៈកម្មា​ធិការរៀប​ចំបុណ្យ​ជាតិ និងអន្តរជាតិ​បានប្រគល់​កិច្ចការនេះ​ជូននាយ​ឧត្តមសេនីយ៍ នេត សាវឿន ប្រធាន អនុគណៈ​កម្មាធិការ​សន្តិសុខ​នៃពិធីបុណ្យ អុំទូក ។ ការបាញ់​កាំជ្រួចក្នុង​ពីធីបុណ្យ​អុំទូក ខាងមុខ នឹងប្រព្រឹត្តិ​ទៅដោយពុំ​មានបញ្ហា​ខុសឆ្គងឡើយ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative