នគរបាល​​ចេញ​ល្បាត​​តាម​គោលដៅ​​សំខាន់ៗ​​ដើម្បី​​ការពារ​​សន្តិសុខ​​ក្នុង​ពិធី​​បុណ្យ​​អុំទូក

ដើម្បីឲ្យ​ដំណើរការ​រៀបចំព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក ដំណើរការ​ទៅបាន​ដោយជោគជ័យ និងរក្សា​បាននូវ​សុវត្ថិភាព​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អកាលពី​រសៀលថ្ងៃ​ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ កងកម្លាំង​នគរបាល​នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិបានចេញ​ល្បាតតាម ដងផ្លូវ​សំខាន់ៗ​មួយចំនួន ដែលពាក់ព័ន្ធ​ទៅនឹងការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក ។ ការដឹកនាំ​កម្លាំងចេញ​ល្បាតខាង​លើនេះ ធ្វើឡើង​ក្រោមការ​ដឹកនាំ​របស់ លោកឧត្តម​សេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​រងនគរបាល​ជាតិ ។ 

រូបភាព អគ្គស្នងការ​នគរបាល​ជាតិ

រូបភាព អគ្គស្នងការ​នគរបាល​ជាតិ

លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមាន​ប្រសាសន៍ថា នៅក្នុង​ប្រតិបត្តិការ​ចេញល្បាតនេះ កម្លាំងរបស់​យើងបាន​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូចំនួន ៣៣គ្រឿង បែងចែក​ជាបីក្រុម ហើយធ្វើឡើង​ក្នុងគោល​បំណងថែរក្សា ការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូនប្រជា​ពលរដ្ឋ ដែលមក​ចូលរួមក្នុង​ព្រះរាជពិធី​បុណ្យអុំទូក នៅរាជ​ធានីភ្នំពេញ ។ លោក​អគ្គស្នង​ការរងបាន​មានប្រសាន៍​ទៀតថា​នៅក្នុងពេល​ចេញប្រតិបត្តិ​ការល្បាត​កងកម្លាំង​របស់យើង​ត្រូវរក្សា​នូវវិន័យ​ឲ្យបាន​ម៉ឺងម៉ាត់ និង​សីលធ៌មល្អ​ឲ្យស័ក្តិសម​ជាកងកម្លាំង​ដែលបម្រើ​សេវាជូន​ប្រជាពលរដ្ឋ ហើយជា​ពិសេស​ធ្វើយ៉ាងណា​កុំឲ្យមាន​ការថ្នាំង​ថ្នាក់ពី​ប្រជាពលរដ្ឋ ។

លោកនាយ​​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​​នគរបាលជាតិ មានប្រសាសន៍​​នៅក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​លើ​ផែនការ​​រក្សា​សន្តិសុខ​​សណ្តាប់ធ្នាប់​​កន្លងមក​ថា សម្រាប់​​បុណ្យអុំទូក​​ឆ្នាំនេះគឺ រៀបចំធំ​ជាងបណ្តា​ឆ្នាំមុនៗ​ ដូច្នេះ​ផែន​ការ​ការពារ​​រៀបចំ​សន្តិសុខ​​ត្រូវតែ​​ម៉ត់ចត់ និង​ធានា​បាន​នូវ​សន្តិសុខ​ល្អ​ដល់ថ្នាក់​ដឹកនាំ​កំពូល និង​ប្រជាពលរដ្ឋ។ ជាមួយនឹង​ផែនការ​ការពារ លោកក៏បាន​ណែនាំដល់​គ្រប់កម្លាំង​រក្សាសន្តិសុខ​ទាំងអស់ ពិសេស​កម្លាំងដែល​អនុវត្តផ្ទាល់​ត្រូវមាន​អត្តចរិក​សុភាព​រាបសារ ចេះយោគយល់​អធ្យាស្រ័យ និង​អត់ធ្មត់​ជៀសវាង​មានការ​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ ។ លោកបាន​បន្តថា «សម្រាប់​ផែនការដែល​បានដាក់ចេញ គឺមាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការពារ និងរៀបចំ​ព្រះរាជពិធី​បុណ្យ តែអ្វីដែល​ត្រូវធ្វើបន្ត គឺការអនុវត្ត​ផ្ទាល់ និងការឆ្នៃ​តាមសភាព​ការជាក់ស្តែង​ដែលកើត​មាន ។ កន្លងមក​គ្រប់កម្លាំង​ការពារ​សន្តិសុខ គឺឃើញតែ​សកម្មភាព​ពេលថ្ងៃ​ ខណៈពេល​យប់មិនសូវ​មានសកម្មភាព​ទាល់តែ​សោះ និងម្យ៉ាង​ទៀតត្រូវ​ទទួលខុសត្រូវ​ចំពោះគោលដៅ​របស់ខ្លួន​ឲ្យបានល្អ »។ លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ មានប្រសាសន៍​ទៀតថា មានចំនុច​មួយចំនួន​ដែលត្រូវ​កែសម្រួល ដើម្បី​ទប់ស្កាត់​បញ្ហាផ្សេងៗ ដូចជា​នៅក្នុងតំបន់​ប្រារព្ធពិធី ឬតំបន់ A កន្លងមក​មានទំហំ​ធំ តែសម្រាប់​ឆ្នាំនេះ តំបន់នេះ ត្រូវបាន​បំព្រួញ​ដើម្បីងាយ​ស្រួលក្នុងការ​គ្រប់គ្រង កាត់បន្ថយ​ការថ្នាំងថ្នាក់​ពីប្រជាពលរដ្ឋ ងាយស្រួល​ប្រមូលកម្លាំង​ដើម្បីងាយ​ជួយអន្តរាគមន៍​ពេលមាន​បញ្ហាផ្សេៗ​ដែលកើត​មាន ។

លោកឧត្តម​នាយឧត្តម​សេនីយ៍ បានបញ្ជាក់​ទៀតថា ឆ្នាំនេះ​បណ្តាខេត្ត ដែលមានទូក​មកចូលរួម​ក្នុងការប្រណាំង​នៅរាជធានី​ភ្នំពេញ គឺលោកបាន​ចាត់កម្លាំង​នគរបាល​ឲ្យមកតាម​ការពារ​សន្តិសុខ សុវត្ថិភាព​ផងដែរ ។

ពិធីបុណ្យ​អុំទូក​នៅឆ្នាំនេះ​ដែលប្រើប្រាស់​កងកំលាំង​ការពារ​ប្រមាណជិត​១ម៉ឺននាក់ មានទូក​ចូលរួម​ចំនួន ២៤៨ ទូក ក្នុងនោះ​ទូកអុំបុរស ១៦៤ ទូកអុំនារី​១០៧ ទូក ចែវ​បុរស ២៨ ទូក ទូកចែវ​នារី ២ ទូក ខ្នាត អន្តរជាតិ​៤២ ទូក។ ទូកទាំង​នោះមកពី ១៦ ខេត្ត និង​រាជធានី ព្រមទាំង​មកពីទីស្តី​ការគណៈ​រដ្ឋមន្រ្តី កងទ័ព​ជើងទឹក កងទ័ព​ជើងគោក ក្រសួង​មហាផ្ទៃ ក្រសួង​ការពារជាតិ កងរាជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស និង​ទូកវត្ត ព្រែកប្រាំង​នៃសម្តេច​ឧត្តមបញ្ញា ដួង ផង់ ដោយមាន​កីឡាករ​កីឡាការិនី​ចូលរួម​អុំទូក ចំនួន ១៤២៦២ នាក់ដែល​យកគាត់នឹង​ទទួលបាន​ប្រាក់ ឧបត្ថម្ភពី​រាជរដ្ឋាភិបាល ចំនួន ១ ម៉ឺនរៀល ម្នាក់ក្នុង​មួយថ្ងៃៗ ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative