ពង្រាយ​កម្មករ​ជាង៥០០​នាក់​បោស​សំអាត​ និង​ប្រមូល​សំរាម​ក្នុងពិធី​បុណ្យ​អុំទូក

ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី (CINTRI) បាននឹង​កំពុង​ត្រៀមកម្លាំង​ជាង៥០០​នាក់ បោសសំអាត និងប្រមូល​សំរាម ក្នុងពិធី​បុណ្យអុំទូក​ដែលប្រព្រឹត្ត​ទៅចាប់ពី​ថ្ងៃទី៥ ដល់ថ្ងៃ​ទី៧ វិច្ឆិកា​ខាងមុខ។

រូបភាព សហការី

រូបភាព សហការី

លោក សេង ប៊ុនរិទ្ធ ប្រធានជាន់ខ្ពស់​ការិយាល័យ​ស្រាវជ្រាវនិង​អភិវឌ្ឍន៍នៃ ក្រុមហ៊ុន​ស៊ីនទ្រី​បានឲ្យដឹង ថា កម្មករស៊ីនទ្រី​ជាង៥០០​នាក់ នឹងត្រូវដាក់​ពង្រាយឲ្យ​បោសសំអាត និង​ប្រមូល​សំរាម​ក្នុងរាជធានី​ភ្នំពេញ នៅក្នុងពិធី​បុណ្យអុំទូក ជាពិសេស​នៅតាមគោល​ដៅសំខាន់ៗ​មួយចំនួន រួមមាន នៅមុខ​ព្រះបរម​រាជវាំង នៅមុខ​កោះពេជ្រ នៅរមណីយ​ដ្ឋានវត្តភ្នំ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ និងនៅ​ម្ដុំវិមាន​ឯករាជ្យ។ លោកបន្ត​ថាកម្មករ​ជាង៥០០​នាក់នេះ នឹងចេញ​ប្រតិបត្តិការ​បោសសំអាត និង​ប្រមូល​សំរាម ជា២ក្រុម។ មួយក្រុម​ត្រូវបោស​សំអាតនិង​ប្រមូលសំរាម ពីម៉ោង៥​ព្រឹកដល់​ម៉ោង៣​រសៀល និង​មួយ​ក្រុមទៀត ត្រូវបោស​សំអាត​និងប្រមូល​សំរាម ពីម៉ោង​១១យប់​ដល់ម៉ោង​៧ព្រឹក និងមាន​ប្រើគ្រឿង​ចក្រជា​ជំនួយក្នុង​ការកើប​និងប្រមូល​សំរាម ដើម្បី​បន្ធូរ​បន្ថយកម្លាំង​ពលកម្មខ្លះ និងឲ្យ​បានលឿន។

រហូតមកដល់​ពេលនេះ នៅមិនទាន់​មានតួលេខ​ផ្លូវការពី​ចំនួនពលរដ្ឋ ដែលមក​លេងកម្សាន្ត នៅក្នុងពិធី​បុណ្យអុំទូក​នៅឡើយទេ។ តែបើតាម​ការប៉ាន់​ស្មាន​ពីមន្ត្រី​រដ្ឋាភិបាល អាចមាន​មនុស្ស រាប់ម៉ឺន​នាក់ចូលរួម​កម្សាន្តក្នុង​ពិធីនោះ បន្ទាប់ពី​បុណ្យអុំទូក​ខកខាន​ប្រារព្ធរយៈ​ពេល៣ឆ្នាំ​ជាប់ៗគ្នា។

សាលា​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យម្ចាស់ស្តង់​លក់ទំនិញ អាជីវករ​លក់ដូរគ្រប់​ប្រភេទ កីឡាករ ប្រណាំងទូក និង​ពលរដ្ឋ​​ដែលមក​​ចូលរួម​លេង​កម្សាន្ត​ទាំងអស់ ត្រូវជួយថែ​​រក្សាសណ្ដាប់​ធ្នាប់ អនាម័យ និង​បរិស្ថាននៅ​រាជធានី​ភ្នំពេញ នៅក្នុង​អំឡុង​ពេលបុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះព្រះខែ និងអក​អំបុក ដោយត្រូវ​វេចខ្ចប់ទុក​ដាក់សំណល់​សំរាមនៅ​ក្នុងធុង​សំរាមឲ្យ​បានត្រឹមត្រូវ។

សាលា​រាជធានី​ភ្នំពេញ ក៏ដំឡើងបង្គន់​សាធារណៈ​ជាង២០០​បង្គន់ នៅទីតាំង​ចំនួន២៩​កន្លែង ដើម្បីត្រៀម​ឲ្យពលរដ្ឋ​ប្រើប្រាស់សម្រាប់​ពិធីបុណ្យ​អុំទូក។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បានសម្រេច​បើកស្ពាន​ជ្រោយចង្វា​ថ្មីឆ្លងកាត់ បណ្ដោះ​អាសន្នតាំង​ពីថ្ងៃទី១ វិច្ឆិកា​ដើម្បីសម្រួល​ចរាចរណ៍។

រីឯកម្លាំង​ការពារ​សន្តិសុខ​ក្នុងពេល​បុណ្យអុំ​ទូកវិញ មន្ត្រីនាំ​ពាក្យសាលា​រាជធានី​ភ្នំពេញ អះអាងថា​អាចមាន​កម្លាំង​សមត្ថកិច្ច និងមន្ត្រី​កងរាជ​អាវុធហត្ថ​សរុប​ប្រហែល​១ម៉ឺននាក់​ត្រៀមការពារ​ក្នុងពិធី​នោះ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative