សាស្រ្តាចារ្យ​បារាំង​និង​ខ្មែរ​រួមគ្នា​ចងក្រង​សៀវភៅ​ឳសថ​រុក្ខជាតិ​ជាង​៥០០​ប្រភេទ

ក្នុងគោលដៅ​ថែររក្សា អភិរ័ក្ស និង​ទាញយក​ធនធាន​ធម្មជាតិ​មកប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺឲ្យ​មាន​ប្រសិទ្ឋិភាព សាស្រ្តាចារ្យ​បារាំង​និងខ្មែរ​ពីររូប​បានរួមគ្នា​ចងក្រង​សៀវភៅស្តី​ពីរុក្ខជាតិ​ឳសថ ដែលអាច​ប្រើប្រាស់​ជាថ្នាំ​ព្យាបាលជំងឺ​ប្រកបដោយ​ប្រសិទ្ឋិភាព​ខ្ពស់។

រូបភាព សហការី

រូបភាព សហការី

លោកសាស្រ្តាចារ្យ ចេង ស៊ីមកាំង និងលោក​សាស្រ្តាចារ្យ ប៊ឺយ៉ាទ្រីស ហ្ការ៉ែត (Beatrice Garrette) ប្រធានមូលនិធិ Pierre Fabre និង​សាស្រ្តាចារ្យ​ជំនួយជាច្រើន​រូបទៀត បានចូលរួម​ចំណែក ចងក្រង​សៀវភៅ​ឳសថ​រុក្ខជាតិនេះ និងបាន​ដាក់ឈ្មោះ​សៀវភៅនេះ​ជាភាសា​បារាំង Flore photographique du Cambodge។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល បានមាន​ប្រសាសន៍ឲ្យ​ដឹងក្នុងពិធី​ផ្សព្វផ្សាយ​សៀវភៅ​ខាងលើ និងចែក​សញ្ញាបត្រដល់​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែកឳសថ កាលពីចុង​សប្តាហ៍​មុនថា សៀវភៅនេះ​មានកម្រាស់​ចំនួន៥៤៩​ទំព័រ និងមាន​បង្ហាញពី​រុក្ខជាតិ​អាចប្រើប្រាស់​ជាឳសថ​បានចំនួន​៥២៤ប្រភេទ។ សៀវភៅនេះ​បានបង្ហាញពី​រូបថតរបស់​រុក្ខជាតិ និងដើម​ឈើនិមួយៗ ព្រមទាំង​មាន​បង្ហាញ​​ពីគុណតំលៃ​របស់​រុក្ខជាតិជា​ឳសថទាំង​នោះជាភាសា​បារាំង។ លោកបន្តថា “សៀវភៅ Flore photographique du Cambodge មានសារៈ​​សំខាន់​ណាស់ ព្រោះវា​បាន​លើក​មក​បង្ហាញ​នូវ​ជីវៈ​ចម្រុះ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា និងកំណត់​​អត្តសញ្ញាណ​​នៃប្រភេទ​​រុក្ខជាតិ​ឳសថ​និមួយៗ”។

លោកសាស្រ្តចារ្យ ប៊ឺយ៉ាទ្រីស ហ្ការ៉ែត (Beatrice Garrette) ប្រធាន​មូលនិធិ Pierre Fabre បានមាន​ប្រសាសន៍ថា ការបោះពុម្ព​សៀវភៅនេះ​បានបង្ហាញ​ពីការ​ធ្វើ​ការងារ​រួមគ្នា ការចែក​រំលែក​បទ​ពិសោធន៍ និង​ចំណេះដឹង​ពីរុក្ខជាតិ​ប្រភេទ​ឳសថនេះ។ ឳសថ​រុក្ខជាតិ​ជាលក្ខណៈ​ឳសថ ដែលអង្គការ​សុខភាព​ពិភពលោក​មានការចាប់​អារម្មណ៍​យ៉ាងខ្លាំង ក្នុងការយក​ធ្វើជាមូលដ្ឋាន​ព្យាបាល​សុខភាព​ប្រជាពលរដ្ឋ​បានតាម​ស្ថានភាព​ជាក់ស្តែង និងតាម​បរិបទ​ប្រទេស​និមួយៗ។ លោកបន្ត​ថា សៀវភៅនេះ​ជាឯកសារ ជាប្រភព​នៃចំណេះដឹង​ឲ្យស្គាល់​ពីរុក្ខជាតិនេះ សម្រាប់បន្ត​ដល់អ្នក​ជំនាន់ក្រោយ​បានស្គាល់​និងអភិរក័្សវា។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​សម្តែង​អំណរគុណ​ដល់វិទ្យាស្ថាន​ស្រាវជ្រាវ Pierre Fabre, មជ្ឈមណ្ឌល Conservation Pierre Fabre, និង Museum National d’histoire Naturelle នៅទីក្រុង​ប៉ារីស ដែលបាន​បោះពុម្ព​សៀវភៅ Flore Photographique du Cambodge ដែលមាន​ព៌តមាន​ទាក់ទង​នឹងរុក្ខជាតិ​ឳសថ​ចំនួន៥២៤​ប្រភេទនេះ​ទ្បើង។

លោកបន្តថា “ខ្ញុំសូមវាយ​តំលៃខ្ពស់​ថាសៀវភៅនេះ ជាទុនដ៏​មានសារៈ​ប្រយោជន៍មួយ សម្រាប់អ្នក​ស្រាវជ្រាវ​នៅកម្ពុជា ដែលធ្វើការ​ងារស្រាវជ្រាវ​ទាក់ ទងនឹង​រុក្ខជាតិ ជាពិសេស​រុក្ខជាតិ​ឳសថ ព្រោះរាល់​ឈ្មោះវិទ្យាសាស្រ្ត​នៃរុក្ខជាតិ​ឳសថនិមួយៗ ត្រូវបាន​បញ្ជាក់​ដោយអ្នក​ជំនាញ​អន្តរជាតិ​ផ្នែក Botanique”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative