គ្រោងចែក​ស្រោម​អនាម័យ​ជាង២៥​ម៉ឺន​ស្រោម​ដល់​ប្រជា​ពលរដ្ឋ​ក្នុងពិធី​បុណ្យ​អុំទូក

អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆំាងនឹង​ជំងឺអេដស៍​ សហការ​ជាមួយ​អង្គការ​ពាក់ព័ន្ធនានា​គ្រោងនឹង​រៀបចំ​យុទ្ធនាការ​អប់រំនិង​ចែកស្រោម​អនាម័យជាង​២៥ម៉ឺន​ស្រោមដល់​កីឡាករ​អុំទូកក៏​ដូចជាបង​ប្អូនប្រជា​ពលរដ្ឋចូល​រួមនៅក្នុង​ព្រះរាជពិធី​បុណ្យអុំទូក​បណ្តែត​ប្រទីប​អកអំបុក​និងសំពះ​ព្រះខែ ដើម្បីការពារ​សុវត្ថិភាព​កុំឲ្យឆ្លង​មេរោគអេដស៍ និង​ជំងឺអេដស៍។

រូបភាព សហការី

រូបភាព សហការី

លោក តែង គន្ធី អគ្គលេខា​ធិការអាជ្ញាធរ ជាតិប្រយុទ្ធ​ប្រឆំាងនឹង​ជំងឺអេដស៍ បានឲ្យ​ដឹង​ថា ស្រោមអនាម័យ​ចំនួន២៥ម៉ឺន​ស្រោមនឹង​ត្រូវផ្តល់ជូន​ពលរដ្ឋ និង​កីឡាករ​ប្រណាំងទូក​ដោយមិនគិត​ថ្លៃនៅក្នុង​កំលុងពេល​ព្រះរាជពិធី​បុណ្យអុំទូក​រយៈពេល៣ថ្ងៃ​ចាប់ពីថ្ងៃ​ទី៥ ដល់ថ្ងៃ​ទី៧ វិច្ឆិកា ឆ្នាំ២០១៤។ លោកបន្តថា យុទ្ធនាការនេះ​មានការចូល​រួមពីក្រុម​យុវជន​ស្ម័គ្រចិត្ត​ចល័តមក​ពីបណ្តា​អង្គការនានា​ជិត៣០០​នាក់ ដោយពួកគេ​នឹងត្រូវចុះ​ធ្វើការអប់រំ​ផ្សព្វផ្សាយ​ចាប់ពីពេល​ព្រឹករហូត ដល់លា្ងច​នៅជុំវិញ​បរិវេណ​ប្រារព្ធព្រះ​រាជពិធីបុណ្យ​ពីបញ្ហា​មេរោគ​អេដស៍ និងជំងឺ​អេដស៍ និងណែនាំ​ប្រើប្រាស់​ស្រោមអនាម័យ​ឲ្យបាន​ត្រឹមត្រូវ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

លោកបន្តែម​ទៀតថាក្រៅ​ពីនេះក៏នៅ​មានស្តង់​ជាង១០​កន្លែងទាំង​នៅត្រើយ​ខាងលិច​និងត្រើយ​ខាងកើត​សម្រាប់ផ្តល់​ប្រឹក្សាធ្វើ​តេស្តឈាម​រកអេដស៍​ដោយការ​សម្ងាត់ពី​ក្រុមភ្នាក់ងារ​ផ្តល់ប្រឹក្សា​ធ្វើតេស្តឈាម​យ៉ាងជំនាញ។ដោយឡែក​នៅត្រើយខាង​កើតនៃតំបន់​ជ្រោយចង្វា​មុខព្រះ​បរមរាជ​វំាងវិញ​ចាប់ពីពេល​ល្ងាចមាន​កម្មវិធី​សិល្បៈ កម្សាន្ត សប្បាយ បញ្ចូលការ​អប់រំដោយ​សប្បាយ ត្រូវគិតពី​សុវត្ថិភាពកុំ​ឲ្យឆ្លងមេរោគ​អេដស៍ទៅ​ដល់ក្រុម​គ្រួសារ។ លោកបាន​បញ្ជាក់ ថា គោលដៅនៃ​ការបើក​យុទ្ធនាការ​ផ្តល់ស្រោម​អនាម័យ និងអប់រំ​ពីបញ្ហា​មេរោគ អេដស៍នេះ​ដើម្បីឲ្យ​អ្នកចូលរួម​បានទទួល​នូវចំណេះ​ដឹង​ពីការ​បង្ការ និងទប់ស្កាត់​មេរោគអេដស៍​ បើទោះបី​ជាអត្រា​នៃជំងឺនេះ​នៅកម្ពុជា​បានធ្លាក់ចុះ​ជារៀងរាល់​ឆ្នាំក៏ដោយ។ លោក នូ សុវណ្ណ មន្ត្រីអង្គការ​ខ្មែរបម្រើ​សុខភាព​ប្រជាជន (PSK) បានឲ្យ​ដឹងថា ការផ្តល់​ជូនស្រោម​អនាម័យ​នៅក្នុងពិងី​បុណ្យអុំទូក នេះក្នុងគោល​បំណងជួយ​ការពារ​ទប់ស្កាត់ ដើម្បីឲ្យអ្នក​ប្រើចូលរួម​ទប់ស្កាត់​និងបង្ការ​ការឆ្លងរាល​ដាលមេរោគ​អេដស៍នៅ​កម្ពុជា និងអាចជួយ​ពន្យារកំណើត​ការមានផ្ទៃ​ពោះដែល​មិនចង់បាន​កូនផងដែរ។ ក្រៅពីនេះ​នៅមានក្រុម​ចុះផ្សព្វផ្សាយ​អប់រំតាម​ទីប្រជុំជន​បន្ថែមទៀត ពិសេស​កន្លែងប្រឈម​មុខ នៅផ្ទះ​សំណាក់ សណា្ឋគារ​ដែលជាកន្លែង​អាទិភាព​មានហានិ​ភ័យខ្ពស់ និងតាម​ហាង ប៊ៀរហ្គា​ឌិន ទីកម្សាន្ត​សប្បាយនានា ដែលគេ​ណាត់ជួបគ្នា​ចេញដំណើរ​ទៅរកសេវា​កម្សាន្ត​សប្បាយ​ផ្លូវភេទ។

សូមបញ្ជាក់​ថា៖ ផ្អែកតាម​និទស្សន៍​ឆ្នាំ ២០១៣ អត្រាប្រេវ៉ាឡង់​សម្រាប់អ្នក​ផ្ទុកមេរោគ​អេសដ៍នៅ​កម្ពុជាក្នុង​ឆ្នាំ២០១៤​នេះមាន​ប្រមាណ​០.៧​ភាគរយ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ចាប់ពីអាយុ​១​៥ឆ្នាំដល់​៤៩ឆ្នាំ គឺជាង៧​ម៉ឺនាក់​ក្នុងនោះ​មួយឆ្នាំៗ​មានអ្នកឆ្លង​ថ្មីជាង​១២០០នាក់។ គួរបញ្ជាក់ថា​អង្គការ​PSK បម្រើ​សុខភាព​ប្រជាជន​មានរយៈពេល​ជិត២០ឆ្នាំ​ហើយចាប់​ពីឆ្នាំ១៩៩៣​ក្នុងមួយឆ្នាំ​អង្គការត្រូវ​ចំណាយ​ថវិកាប្រហែល​ជាង២លាន​ដុល្លារនិង​ក្នុង១ឆ្នាំ​ត្រូវ​ចំណាយ​​ស្រោម​អនាម័យជិង​២០លាន​ស្រោម៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative