ស្វែងយល់​ពីប្រវត្តិ​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះខែ

នៅសល់តែ​ប៉ុន្មានថ្ងៃ​ទៀតប៉ុណ្ណោះ​នឹងដល់ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​អកអំបុក និងសំពះ​ព្រះខែ ដែលជា​ពិធីបុណ្យ​ជាតិដ៏ធំមួយ​ក្នុងចំណោម​ពិធី​បុណ្យ​ធំៗ​នៅក្នុង​ប្រទេស​កម្ពុជា។ ពិធីបុណ្យ​នេះប្រជាពលរដ្ឋ​កម្ពុជាមក​ពីក្រប់​ទឹសទីទូទាំង​ប្រទេស​មកចូលរួម​​ទស្សនា​រាប់លាន​នាក់។

រូបភាព សហការី

រូបភាព សហការី

ចំពោះអត្ថន័យ​នៃពិធីបុណ្យ​អុំទូកនេះ មានប្រជា​ពលរដ្ឋខ្លះ​ក៏បានយល់​ពីអត្ថន័យ​នៃពិធីបុណ្យ​នេះតែក៏មាន​ប្រជាពលរដ្ឋ​ខ្លះទៀត​នៅមិនទាន់​បានយល់ដឹង​ពីខ្លឹមសារ​នៅឡើយដែរ។ ពិធីបុណ្យ​អុំទូកនេះ មានតាំងពី​បូរម​បុរាណដ៏​យូរលង់មក​ហើយ​ដែលមាន​ចែងក្នុង​ឯកសាររបស់​ប្រវត្តិវិទូ​បរទេស ក៏ដូចជា​តាម​សិលា​ចារិក​នៃប្រាសាទ​អង្គរ។ ហេតុអ្វី​បានជាគេ​រៀបចំពិធី​បុណ្យអុំ​ទូក?

បុណ្យអុំទូក​នេះមានការ​បកស្រាយ​ប្លែកៗគ្នា​ជាច្រើន រួមមាន៖ តាមសៀវភៅ​ជ័យវរ្ម័នទី៧ មាននៅក្នុង​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​យើង​ពីដើម ចែងថា ៖ នៅសម័យ​អង្គរនា​គ្រឹស្ត​សករាជ​សតវត្ស​ទី១២ ក្នុងកម្ពុជា មានសេចក្តី​សុខក្សេមក្សាន្ត​រុងរឿងណាស់ ដោយព្រះបាទ​ជ័យវរ្ម័នទី៧ ស្តេចចេញ​ធ្វើសង្គ្រាម​ជើងទឹក​បង្ក្រាប​ពួកចាម ដោយកងទ័ព​ទូកជា​ចំបាំង​រំដោះក្រុង​កម្ពុជា​ឲ្យរួច​ស្រឡះចេញ​ពីខ្មាំង​សត្រូវ (គ.ស. ១១៧៧​-១១៨១) រឿងចំបាំង​គ្រានេះ មានឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​បន្ទាយឆ្មារ។ ក្នុងចម្លាក់​នោះឃើញ​មានកងទ័ព​ទូកយ៉ាងច្រើន​មហិមាដែល​មានព្រះឆាយា​លក្ខណ៍នៃ​ព្រះបាទជ័យ​វរ្ម័នទី៧ ប្រថាប់ឈរ​លើទីតាំង នាវាចំបាំង​ដោយទ្រង់ធ្នូ និងដំបង​យ៉ាងស្វាហាប់​ក្នុងចំណោម​កងទ័ពទូក​ទាំងឡាយ។

តាមឯកសារ​មួយទៀត​បង្ហាញថា ល្បែងប្រណាំង​ទូករបស់​ក្រុមជំនុំ​ទំនៀម​ទំលាប់លេខ ១៩.០០៤ និពន្ធដោយ​លោក ថាច់ បែន ហៅ ប៉ាង អាចារ្យនៅ​ពុទ្ធសាសន​បណ្ឌិត្យរង ខេត្តឃ្លាំង​កម្ពុជាក្រោម មានចែង​ថា សម័យ​លង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទ​អង្គចន្ទ ទី១ ទ្រង់តាំង​ពញាតាត ងារជា​ស្និទ្ធិ​ភូបាល ជាស្តេច​ក្រាញ់នៅ​កម្ពុជាក្រោម ស្រុកបាសាក់។ ស្តេចក្រាញ់​នេះបានចាត់​របៀបរៀបចំ​ការពារ​ស្រុកមាន​ដូចត​ទៅនេះ ៖ ក្រុមទី១ ហៅទ័ព​ស្រួច ហាត់ច្បាំង​នឹងទូក​ដែលមាន​ទ្រង់ទ្រាយ​ដូចទូក​ប្រណាំង​យើងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ព​ជំនួយ ហាត់ច្បាំង​នឹងទូកចែវ​ពីរជួរដែល​មានទ្រង់ទ្រាយ​ដូចទូក​ប្រណាំង​យើងសព្វថ្ងៃ។ ក្រុមទី៣ ហៅទ័ព​បាសាក់ គឺទូកធំ​មានដំបូល មានចែវ មានក្តោង​មានទ្រង់ទ្រាយ​ដូចជា​ទូកបាសាក់ ហៅទូក​ប៉ុកចាយ តែរាងស្តួច​វែងមានដំបូល​តែមួយកាត់​ខាងមុខ​ឥតជញ្ជាំង។ល។ ជាទូកដាក់​ស្បៀងអាហារ​សំរាប់​កងទ័ព។

របៀប​​បង្ហាត់ច្បាំង «តាមទំនៀម​ស្តេចក្រាញ់​កម្ពុជាក្រោម» ស្រេចលើ​មន្ត្រី ៤ទិស «ចតុស្តម្ភ» ដែលនៅក្នុង​ឱវាទស្និទ្ធិ​ភូបាល ស្តេចក្រាញ់​គ្រប់ជំពូក ដែលបញ្ញតិ​ច្បាប់សំរាប់​ស្រុក។ល។ កំណត់ថ្ងៃ​ពេញបូរមី ខែកត្តិក រដូវអក​អំបុកនោះ មន្ត្រីទាំង ៤ទិស ត្រូវកេណ្ឌ​ទាហានទាំង​ជើងទឹក ជើងគោក «សម​យុទ្ធ» ១ថ្ងៃ ១យប់ រាល់ឆ្នាំ។ ចំណែក​ទាហានជើង​ទឹកឲ្យ​ទៅប្រលង​ឫទ្ធី ឯទន្លេពាម​កន្ថោក ក្នុងខេត្ត​ឃ្លាំង ត្បិតទីនោះ​ជាទីប្រជុំ​ទឹក គ្រប់ខេត្ត​ទៅមក​បានស្រួល។

តាម​សៀវភៅ និងឯកសារ​ជាប្រភព​ទាំងពីរ​ខាងលើនេះ យើងអាច​សន្និដ្ឋាន​បាន ប្រទេសកម្ពុជា​សម័យបុរាណ ជាប្រទេស​មានកងទ័ព​ជើងទឹក​យ៉ាងខ្លាំង​ពូកែ និងមាន​ពិធី​ហ្វឹកហ្វឺន ពិធីសម​​យុទ្ធកង​ទ័ព​នេះ ជាប្រពៃណី​ជាប់រៀង​រាល់ថ្ងៃ ហើយអាច​សន្និដ្ឋាន​ទៀតថា ប្រទេសកម្ពុជា​ធ្វើពិធី​បុណ្យអ៊ុំ​ទូកនេះ​រៀងរហូត​មក គឺជាប់​តំណមក​ពីសមយុទ្ធ​ក្នុងសម័យ​បុរាណ។

ប្រវត្តិពិធី​អកអំបុក​និងសំពះ​ព្រះខែ
ប្រភពនៃ​ពិធី​សំពះ​ព្រះខែ អកអំបុក តាមគម្ពីរ​បរមត្ថ​ទីបនី អដ្ឋកថា ចរិយា​បិដក ភាសាបាលី​មានចែងថា ក្នុងដើមី​ភទ្ទបក្បនេះ ព្រះបរម​ពោធិសត្វ​នៃយើង ទ្រង់យោន​យកកំណើត​ជាសស​បណ្ឌិត «កំណើត​ជាទន្សាយ»។ នៅថ្ងៃពេញ​បូ​រមីមួយ សសបណ្ឌិត​បានអធិដ្ឋាន​ឧបោសថ​សីល ហើយឧទ្ទិស​មំសៈជាទាន​បរមត្ថ​បារមី ដើម្បីបំពេញ​ពោធិសម្ភារ​ឲ្យបាន​ត្រាស់ជា​ព្រះពុទ្ធ។

ព្រះឥន្ទទ្រង់​ជ្រាបហេតុ​ការណ៍នោះ ក៏ទ្រង់ក្រឡា​ខ្លួនជា​ព្រាហ្មណ៍​ចាស់ មកសុំ​មំសាសស​បណ្ឌិត​ជាអាហារ​ សសបណ្ឌិត​ពោធិ​បានឲ្យ​ព្រាហ្មចាស់​នោះ បង្កាត់​ភ្លើងភ្នក់ ហើយក្នុង​ពេលដែល​ភ្លើងកំពុង​ឆេះសន្ធោរ​សន្ធៅ សសបណ្ឌិត​ក៏រលាក់​ខ្លួន ៣ដង ដើម្បីឲ្យ​សត្វល្អិត​ដែលជាប់នៅ​នឹងរោម​ជ្រុះចេញ​រួច ក៏លោត​ចូលទៅក្នុង​ភ្នក់ភ្លើងភ្លាម។

អស្ចារ្យ​ណាស់ភ្លើង​នោះពុំបាន​ឆេះសស​បណ្ឌិត​សោះ ឥន្ទព្រាហ្មណ៍​បានស្ទុះទៅ​ពព្រះពោធិ​សត្វឡើង​ទៅដល់​មណ្ឌល​ព្រះចន្ទ ហើយទ្រង់​យកម្នាង​សិលាគូរ​រូបទន្សាយ ហើយឥន្ទ​ព្រាហ្មណ៍​អធិដ្ឋានថា សូមឲ្យរូប​ទន្សាយពោធិ​សត្វដែល​ខ្ញុំគូរនេះ​នៅជាប់រហូត​ដល់ទី​បំផុត​កប្ប។

ដោយអានុភាព​​ទានបរមត្ថ​បារមីនៃ​ព្រះពោធិ​សត្វផង និង​សេចក្តី​អធិដ្ឋាន​របស់ព្រះ​ឥន្ទផង រូបទន្សាយ​ក៏ឃើញ​ប្រាកដក្នុង​មណ្ឌល​ព្រះចន្ទដរាប​ដល់​សព្វថ្ងៃ។ ដោយជឿ​តាមរឿង​នេះហើយ បានជា​នៅវេលា​យប់ពេញ​បូរមី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែរយើង​យកនំ​ចំណី មានអំបុក និងចេក​ជាដើម មកបូជា​ព្រះចន្ទ ហៅថា ពិធីសំពះ​ព្រះខែ អបអំបុក៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative