កម្ពុជាស្នើ​ឲ្យថៃ​ជួយទប់​ស្កាត់ សកម្មភាព​មេខ្យល់​នាំ​ពលករ​ខ្មែរ​ដោយ​ខុស​ច្បាប់

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួងការងារ​ថៃជួយចាត់​វិធានការ ទប់ស្កាត់ សកម្មភាព​មេ​ខ្យល់ ដែលនាំ​ពលករខ្មែរ ទៅធ្វើការ​នៅប្រទេសថៃ ដោយ​ខុសច្បាប់ ។

អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ

អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ

ការស្នើសុំនេះ បានធ្វើឡើង ខណៈពេល​ដែលលោក​បានដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ ផ្តល់ភាព​ស្របច្បាប់ ដល់ពល​ករកម្ពុជា បានចូលជួប ពិភាក្សា​ការងារ​ជាមួយ លោក ស៊ូរ៉ា សាក់ កានឆារាត (Surasak Kancharat) រដ្ឋមន្ត្រី ក្រសួង​ការងារថៃ ដើម្បី ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ ជាមួយ​ភាគីថៃ ក៏ដូចជា​ពង្រឹង​ដំណើរ​ការផ្តល់ ភាព​ស្របច្បាប់ ដល់ពល​ករកម្ពុជា ដែលកំពុង​ស្នាក់នៅ និងធ្វើការ​នៅប្រទេស​ថៃ។

តាមសេចក្តី​ប្រកាស​ពត៌មាន​របស់ក្រសួង​ការងារបាន​ឱ្យដឹង​ទៀតថា ភាគីកម្ពុជា​នឹងខិតខំ​ផលិត និងផ្តល់​ឯកសារនានា ដល់ពលករ​កម្ពុជា ឱ្យ បានមុន​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ តាមការ​អនុម័តរបស់​គណៈរដ្ឋមន្ត្រី​ថៃ។ ភាគីកម្ពុជា​ស្នើសុំ​ភាគីថៃ ជូនដំណឹង​ដល់និយោជក​ថៃឱ្យនាំ​ពលករ​កម្ពុជា មកចុះ​ឈ្មោះ និងបំពេញ​បែបបទ​ជាមួយមន្ទីរ​ការងារថៃ និងក្រុម​ការងារអន្តរ​ក្រសួងចល័ត​កម្ពុជា និងជួយ​សម្រួល ផ្តល់សេវា​អប់រំ និង​សុខាភិបាល ដល់កូន​ពលករ​កម្ពុជា នៅក្នុងបន្ទុក។

ក្រសួងការងារ នៃប្រទេស​ទាំងពីរ នឹងបង្កើន​កិច្ចសហ​ប្រតិបត្តិការ លើវិស័យ​ការងារ និងផ្លាស់​ប្តូរព័ត៌មាន រវាងគ្នា​ឱ្យបាន​ជាប្រចាំ ជាពិសេស​ជាមួយ​នឹង​លេខាធិការ​ដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មការ​អន្តរក្រសួង របស់កម្ពុជា​ប្រចាំទីក្រុង​បាងកកក្នុង​អំឡុងពេល​បេសកកម្ម ផ្តល់ភាព​ស្របច្បាប់ ដល់ពលករ​កម្ពុជា។ ជាមួយនេះ​ផងដែរ រាជរដ្ឋា​ភិបាលកម្ពុជា បានសម្រេច​ដូចតទៅ៖

១-បន្ថែមក្រុម​ការងារអន្តរ​ក្រសួងចល័ត​ចំនួន ១០ក្រុម បន្ថែមទៀត ដើម្បីទៅ​ផ្តល់ភាព​ស្របច្បាប់ ដល់ពលករ​កម្ពុជា ដែលកំពុង​ស្នាក់នៅ និងធ្វើការ​នៅ​ប្រទេស​ថៃ ដើម្បីឆ្លើយ​តបឱ្យទាន់​ឱសានវាទ ដែលភាគី​ថៃ បានកំណត់ត្រឹម​ថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៥

២-កំណត់ឱ្យ​ក្រុមអន្តរការ​ងារអន្តរ​ក្រសួងចល័ត​ក្នុង១ក្រុម ត្រូវទទួល​ពិនិត្យ និងផ្តល់​ឯកសារដល់​ពលករ​កម្ពុជា ចំនួន ៥០០នាក់ ក្នុង១ថ្ងៃ ហើយក្រុម​បោះពុម្ព​លិខិតឆ្លង​ដែនដែល​ប្រចាំ នៅស្ថាន​អគ្គរាជទូត​កម្ពុជា នៅទីក្រុង បាងកក​ត្រូវបោះពុម្ព​លិខិតឆ្លងដែន ចំនួន​១៥០ ០០០​ក្បាល ក្នុង១ខែ។

៣-ឱ្យស្នើសុំ​ភាគីថៃ ពង្រឹង និងបង្កើន​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និងជាមួយ​ក្រុមការងារ អន្តរក្រសួង​ចល័តកម្ពុជា​នៅប្រទេស​ថៃ ដើម្បីផ្តល់​ភាពស្របច្បាប់​ដល់ពលករ​កម្ពុជា ដែលកំពុង​ស្នាក់នៅ​ និងធ្វើការ​នៅប្រទេស​ថៃ។

៤-ឱ្យស្នើសុំ​ភាគីថៃ ជួយអន្តរា​គមន៍ទប់ស្កាត់ និងចាត់​វិធានការ​ចំពោះសកម្មភាព​មេខ្យល់ នៅប្រទេស​ថៃនិង

ទី៥-គាំទ្រ​សំណើររបស់​ភាគីថៃ ក្នុងការអនុវត្ត​ប្រព័ន្ធបញ្ជូន​ពលករ​រវាង រដ្ឋ និងរដ្ឋ ក្រោយថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០១៥។

គណៈប្រតិភូ ក៏បានចុះ​ទៅពិនិត្យ​មើលដំណើរ​ការនៃការ​អនុវត្ត​ការងារ របស់ក្រុម​ការងារអន្តរ​ក្រសួងចល័ត ព្រមទាំង​បានសំណេះ​សំណាល ជាមួយ​ពលករខ្មែរ ដែលមក​ដាក់ពាក្យ និងបំពេញ​បែបបទ​ជាពលករ​ស្របច្បាប់ នៅខេត្ត​ឈុនបុរី និងខេត្ត​ចាក់សើង​សាវផងដែរ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative