សាលាក្រុង​តំរូវ​ឲ្យ​រថយន្ត​ដឹក​ទំនិញ និង​រ៉ឺម៉ក​ម៉ូតូ ឈប់​នៅ​ចំណត​ជាយ​ក្រុង ពេល​ថ្ងៃ​បុណ្យ​អុំទូក

ដើម្បីកាត់​បន្ថយនូវ​ការកក​ស្ទះចរាចរ​នៅរាជធានី​ភ្នំពេញ ក្នុងព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក ដែលនឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ទី៥រហូត​ដល់ថ្ងៃ​ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ សាលា​រាជធានី​ភ្នំពេញ សូមធ្វើការ​ណែនាំ ដល់ម្ចាស់​រថយន្ត​ដឹកទំនិញ រថយន្តឈ្នួល​ដឹកអ្នក​ដំណើរ និងរ៉ឺម៉ក​ម៉ូតូ ស្តីពីការ​ពង្វាងការ​ធ្វើចរាចរ​ក្នុងព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែង​ប្រទីប និងសំពះ​ព្រះខែ អកអំបុក រយៈពេល​បីថ្ងៃ ចាប់ពី​ថ្ងៃទី៥ ដល់ថ្ងៃ​ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤។

សេចក្តីជូន​ដំណឹងរបស់​សាលារាធានី​ភ្នំពេញ​ចុះថ្ងៃ​ទី៣១​តុលា បានធ្វើការ​ណែនាំដូច​ខាងក្រោម៖

រូបភាព សហការី

រូបភាព សហការី

១- រថយន្ត​ធុនធំ រថយន្ត​ដឹកទំនិញ រថយន្តឈ្នួល​ដឹកអ្នក​ដំណើរ និងរ៉ឺម៉ក​ម៉ូតូ មិនអនុញ្ញាត​ឲ្យចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ ចាប់ពីថ្ងៃ​ទី៥ រហូតដល់​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ចាប់ពី​ម៉ោង ១០ព្រឹក រហូតដល់​​ម៉ោង១០​យប់។ រថយន្ត​​ទាំងអស់​​ខាងលើ​​អាចចរាចរ​​បានចាប់​ពី​ម៉ោង ១០យប់ រហូតដល់​​ម៉ោង ១០ ព្រឹក។

 

២-យានយន្ត ដែលធ្វើ​​ចរាចរតាម​​ផ្លូវជាតិ​​លេខ៦៖ សម្រាប់​រថយន្ត​ធុនធំ ត្រូវបង្វែរ​ទិសធ្វើដំណើរ​ឆ្លងកាត់ស្ពាន​ព្រែកព្នៅ តាមផ្លូវ​ទំនប់កប់​ស្រូវ ឬចូលចត​នៅចំណត​រថយន្ត​ព្រែកលៀប។ ចំពោះរថយន្ត​ដឹកទំនិញ រថយន្តដឹក​អ្នកដំណើរ និងរ៉ឺម៉ក​ម៉ូតូ ត្រូវចូល​ចតនៅ​ចំណត​ជ្រោយចង្វា ទីធ្លាវត្ត​គៀនឃ្លាំង និងសាលា​មឋមសិក្សា​ព្រែកលៀប។

៣-យានយន្ត ធ្វើចរាចរ​តាមផ្លូវជាតិ​លេខ៥៖ សម្រាប់រថយន្ត​ធុនធំត្រូ​វបង្វែរ​ទិសតាមផ្លូវ​ទំនប់កប់​ស្រូវ ឬចូលចត​នៅចំណត​គីឡូម៉ែត្រ​លេខ៩។ ចំពោះរថយន្ត​ដឹកទំនិញ រថយន្តដឹក​អ្នកដំណើរ និងរ៉ឺម៉ក​ម៉ូតូ ត្រូវចូលចត​នៅសាលា​ដែក ដោយមិន​ចូលហួស​ផ្លូវលេខ៦៨​ឡើយ។

៤-យានយន្ត ដែលធ្វើ​ចរាចរតាម​ផ្លូវជាតិលេខ៣៖ សម្រាប់រថយន្ត​ធុនធំ និងរថយន្ត​ដឹកទំនិញ ត្រូវចូល​ចតនៅ​ចំណត​រថយន្ត​ចោមចៅ។ ចំពោះ​រថយន្ត និងរ៉ឺម៉ក​ដឹកអ្នក​ដំណើរមក​ទស្សនា​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និងសំពះ​ព្រះខែ អកអំបុក ត្រូវឈប់​ចតមិនឲ្យ​ហួសស្តុប​ណតប្រ៊ីតឡើយ។

៥-យានយន្ត​ដែលធ្វើ​ចរាចរតាម​ផ្លូវជាតិលេខ៤៖ សម្រាប់​រថយន្ត​គ្រប់ប្រភេទ ដែលធ្វើ​ច​រាចរឆ្លង​កាត់រាជធានី​ភ្នំពេញ ទៅតាម​បណ្តាខេត្ត​ប៉ែកពាយ័ព្យ និងឦសាន្ត ត្រូវធ្វើ​ចរាចរ​តាមផ្លូវ​ទំនប់កប់ស្រូវ ទៅតាមផ្លូវ​ជាតិលេខ៥ ឬឆ្លងកាត់​ស្ពានព្រែកព្នៅ។ ចំពោះរថយន្ត​ដឹកជញ្ជូន​ធុនធំ និងរថយន្ត​ដឹកទំនិញ​ឆ្លងកាត់ចូល​រាជធានីភ្នំពេញ ត្រូវចូលចត​នៅចំណត​រថយន្ត​ចោមចៅ។ ដោយឡែក​រថយន្ត និងរ៉ឺម៉ក​ដឹកអ្នកដំណើរ​មកទស្សនា​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក ត្រូវឈប់ចត​មិនឲ្យហួស​ស្តុបណតប្រ៊ីត។

៦-យានយន្ត ដែលធ្វើចរាចរតាមផ្លូវជាតិលេខ២៖ សម្រាប់​រថយន្តធុនធំ រថយន្ត​ដឹកទំនិញ រថយន្តដឹក​អ្នកដំណើរ​គ្រប់ប្រភេទ និងរ៉ឺម៉ក​ម៉ូតូ​ត្រូវចូលចត​នៅចំណត​ចាក់អង្រែ​ក្រោម និង​អនុវិទ្យាល័យ​ចាក់អង្រែក្រោម។

៧-យានយន្ត​ដែលធ្វើ​ចរាចរតាម​ផ្លូវជាតិលេខ១៖ សម្រាប់រថយន្ត​ធុនធំ និង​រថយន្ត​ដឹកទំនិញ ត្រូវចូលចត​នៅចំណត​ឧកញ៉ា ស៊ុយ សុផាន។ ចំពោះរថយន្ត​ដឹកអ្នកដំណើរ​គ្រប់ប្រភេទ និងរ៉ឺម៉កម៉ូតូ ត្រូវចូលចត​នៅវត្តនិរោធរង្សី និង​វិទ្យាល័យ​ច្បារអំពៅ។

៨- យានយន្ត​ធុនធំ និងរថយន្ត​ដឹកទំនិញ​ដែលធ្វើ​ចរាចរតាម​ផ្លូវលេខ​៣៧១ និងផ្លូវ​លេខ២៧១ ចូលតាមផ្លូវ​លេខ២១៧ (ផ្លូវ​ចំការដូង) ត្រូវឈប់ចត​នៅខាង​ត្បូងស្ពានម័ល។ ចំពោះរថយន្ត​ដឹកអ្នក​ដំណើរ មកចូលរួម​ទស្សនាព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​និងសំពះ​ព្រះខែ អកអំបុក ត្រូវឈប់​នៅផ្លូវលេខ​២៧១ ត្រឡប់ក្រោយ​នៅពេលដាក់​មនុស្សចុះ​ពីរថយន្តរួច។

៩- យានយន្ត​ដែលធ្វើ​ចរាចរតាម​ផ្លូវចោមចៅ (ផ្លូវវ៉េងស្រេង)៖ សម្រាប់​រថយន្តធុនធំ​ត្រូវចូលចត​នៅចំណត​រថយន្តចោមចៅ។ ចំពោះរថយន្ត​ដឹកទំនិញ រថយន្តដឹក​អ្នកដំណើរ​គ្រប់ប្រភេទ និងរ៉ឺម៉ក​ម៉ូតូ ត្រូវចូលចត​នៅសាលា​មឋមសិក្សា​ស្ទឹងមានជ័យ។

១០- ចំពោះរថយន្ត និងរ៉ឺម៉ក​ដឹកអ្នក​ដំណើរ មកចូលរួម​ទស្សនា​ព្រះរាជពិធី​បុណ្យអុំទូក​បណ្តែត​ប្រទីបនិង​សំពះព្រះ ខែ អកអំបុក តាមផ្លូវ​លេខ៥៩៨ និង​មហាវិថី​ឧកញ៉ា​ម៉ុងឬទ្ធី ត្រូវបង្វែរ​ចូលតាម​ផ្លូវតូចៗ មិនឲ្យ​ចូលហួស​មហាវិថី​គីមអ៊ីលស៊ុង​ឡើយ។

សាលារាជ​ធានីភ្នំពេញ បានបញ្ជាក់​ទៅកាន់គ្រប់​សាលាខណ្ឌ មន្ទីរជុំវិញ​សាលារាជធានី​ភ្នំពេញ និងអាជ្ញាធរ​ពាក់ព័ន្ធ ត្រូវធ្វើការ​ផ្សព្វផ្សាយ​សេចក្តីជូន​ដំណឹងនេះ ឲ្យបានទូលំ​ទូលាយ និងចាត់តាំង​អនុវត្តឲ្យ​មានប្រសិទ្ធិភាព​ខ្ពស់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative