បើកយុទ្ធនា​ការផ្សព្វផ្សាយ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ឪកាស​បុណ្យ​អុំទូក

អង្គការ​វប្បធម៌ជាតិ​និងសីលធម៌​សង្គមសហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បានបើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តីពីច្បាប់​ចរាចរ​ផ្លូវគោក​រយៈពេល៣ថ្ងៃ​ចាប់ពីថ្ងៃ​ទី១ដល់​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅរមនីដ្ឋាន​វត្តភ្នំក្នុង​គោលបំណង​ដើម្បីចូលរួម​កាត់បន្ថយ​អត្រាគ្រោះថ្នាក់​ចរាចរ​នៅ​ក្នុង​ប្រទេស​កម្ពុជាឲ្យ​កាន់តែប្រសើរ​ឡើងថែមទៀត ពិសេស​នៅក្នុង​ឪកាសពិធី​បុណ្យអុំទូក​បណ្តែត​ប្រទីប​អកអំបុក​និងសំពះ​ព្រះខែ​ខាងមុខនេះ ។

រូបភាព សហការី

រូបភាព សហការី

លោក ប៉ូ សំណាង ប្រធាន​អង្គការ​វប្បធម៌ជាតិ​និងសីលធម៌​សង្គម​បានមាន​ប្រសាសន៍ថា ដើម្បីចូលរួម​ចំណែកកាត់​បន្ថយអត្រា​គ្រោះថ្នាក់​ចរាចរជាមួយ​រាជរដ្ឋាភិបាល អង្គការ​វប្បធម៌ជាតិ​និងសីលធម៌​សង្គម​បានបើកយុទ្ធនា​ការផ្សព្វផ្សាយ​ស្តីពីច្បាប់​ចរាចរដល់​សាធារណជន​ដែលធ្វើដំណើរ​ទៅមកនៅ​តាមផ្លូវរមនីដ្ឋាន​វត្តភ្នំរាជធានី​ភ្នំពេញ​ដើម្បីឲ្យ​ពួកគេបាន​យល់ដឹងក្នុង​ការរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរនៅ​ក្នុងឪកាស​ពិធីបុណ្យ​អុំទូកបណ្តែត​ប្រទីបអក​អំបុក​និងសំពះ​ព្រះខែ ដែលនឹង​ខិតជិតចូល​មកដល់នា​ពេលខាង​មុខនេះ។

លោកបានមាន​ប្រសាសន៍​បន្តថា «ការអប់រំស្តី​ពីច្បាប់ចរាចរ​ដល់សាធារណ​ជនពិតជា​មានសារៈ​សំខាន់ណាស់​ក្នុងការកាត់​បន្ថយគ្រោះថ្នាក់​ចរាចរនាពេល​បច្ចុប្បន្ននិង​ទៅថ្ងៃអនាគត ព្រោះថាមាន​អ្នកបើកបរ​ប្រមាណ៤០%​ចេះបើកបរ​ដោយមិនមាន​ការឆ្លងកាត់​សាលាទេ»។

លោកបាន​បញ្ជាក់ថា​នៅក្នុយុទ្ធនាការ​រយៈពេល៣​ថ្ងៃនេះក្រៅ​ពីការប្រគំ​តន្រ្តីជួន​ទស្សនាហើយ លោកគ្រោង​នឹងចែក​សៀវភៅស្តី​ពីច្បាប់ចរាចរ​ទាំងរថយន្ត​និងម៉ូតូ​ដោយឥតគិត​ថ្លៃដល់អ្នក​ធ្វើដំណើរ​ប្រមាណជា​២សែនក្បាល ហើយយុទ្ធនា​ការនេះអាច​ធ្វើទៅបាន​ក៏ដោយសារ​មានការចូល​រួមឧបត្ថម្ភ​គាំទ្រពី​លោក ពុង ឃាវសែ និងលោកស្រី លោក ជា សុផារ៉ា និងលោកស្រី លោក ងួន ញ៉ិល និងលោកស្រី លោក ចម ប្រសិទ្ធ និងលោកស្រី លោក ស៊ិម ស៊ីថា និងលោកស្រី និងលោក មុត សុវណ្ណា និងលោកស្រី។

លោកថាបញ្ហា​គ្រោះថ្នាក់ចរាចរ​គឺជាបញ្ហា​ក្តៅមួយនៅ​ក្នុងសង្គម ព្រោះវាបាន​ធ្វើឲ្យមាន​ការប៉ះពាល់​ជាច្រើន​ដូចជា​សេដ្ឋកិច្ច​គ្រួសារ នឹង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ។ ទោះយ៉ាងណា​ក៏ដោយ បញ្ហាគ្រោះថ្នាក់​ចរាចរនេះ​មិនមែនជា​បញ្ហារបស់​រាជរដ្ឋាភិបាល​តែម្នាក់​ឯងនោះទេ។ ដូចនេះយើង​ត្រូវរួមគ្នា​ធ្វើទាំងអស់​គ្នាទាំង​រដ្ឋាភិបាល​និងសហគមន៍​នៅមូលដ្ឋាន។

លោក ប៉ូ សំណាង បានឲ្យដឹង​ទៀតថា «តាមគំនិត​របស់ខ្ញុំ ប្រសិនបើ​មិនមានការ​ផ្សព្វផ្សាយ​ស្តីពីគ្រោះថ្នាក់​ចរាចរនេះ​ឲ្យបានទូលំ​ទូលាយទេ​នោះ យើង​ប្រាកដ​ជាមិនអាច​ទប់ស្កាត់​បញ្ហានេះ​បានឡើយ។ ដូចនេះយើង​ត្រូវចូលរួម​ទាំងអស់គ្នា​ដើម្បីធ្វើ​យ៉ាងណាកាត់​បន្ថយអត្រា​គ្រោះថ្នាក់​ចរាចរឲ្យ​បានកាន់តែ​ថយចុះ​ថែមទៀត»។

លោកវិរៈសេនីយ៍​ទោល ប៉ែន ឃុន នាយរងការ​ការិយាល័យ​ចរាចរណ៍ផ្លូវ​គោករាជធានី​ភ្នំពេញ​ដែលបានចូលរួម​នៅក្នុងយុទ្ធនាការ​បានមាន​ប្រសាសន៍ថា «ការបើកយុទ្ធ​នាការអប់រំ​ស្តីពីសុវត្តិភាព​ចរាចរណ៍នេះ​ពិតជាមាន​សារៈសំខាន់​ណាស់ក្នុងការ​កាត់បន្ថយ​អត្រាគ្រោះថ្នាក់​ចរារចណ៍​ឲ្យថយចុះ​នៅកំរិតទាប ពិសេស​នៅក្នុង​ពិធីបុណ្យ​អុំទូកដែលមាន​ប្រជាពលរដ្ឋ​មកពីគ្រប់​ទិសទីមក​ចូលរួម​ទស្សនានៅ​រាជធានី​ភ្នំពេញ។ អញ្ចឹងហើយ​បានជាយើង​សហការ​ជាមួយអង្គការ​មជ្ឈមណ្ឌល​ជាតិសីលធម៌​សង្គម​ចុះចែកសៀវភៅ​និងខិត្តបណ្ណ័​ស្តីពីគ្រោះថ្នាក់​ចរាចរណ៍ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមដងផ្លូវ​ដើម្បីឲ្យពួក​គាត់មានការ​ប្រុងប្រយ័ត្ន​និងគោរព​ច្បាប់ចរាចរណ៍​ទាំងអស់គ្នា​បញ្ជាសការ​គ្រោះថ្នាក់»។

លោកបានបន្ត​ថាមូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​សំខាន់បំផុត​ផ្តើមចេញ​ពីប្រើប្រាស់​ល្បឿនមិន​សមស្រប។ ការបើកបរ​សេពគ្រឿង​ស្រវឹង។ក្រៅពីនេះ​មូលហេតុ​​បន្ទាប់បន្សំ រួមមានការ​បើកបរប្រជែង​មិនគោរព​សិទ្ធអាទិភាព។ អ្នកដែល​ប្រឈមជាងគេ គឺកម្មករ បន្ទាប់មក​សិស្សសាលា និង អ្នករត់ម៉ូតូ​ឌុប អ្នករត់​ម៉ូតូ​កង់បី ។

មន្ត្រីរូបនោះ​បានទទួល​ស្គាល់ថា​បទល្មើស​ចរាចរណ៍​មានការកើន​ឡើងដោយសារ​តែការអនុវត្ត​មន្ត្រីមាន​សមត្ថកិច្ច​នៅមានកំរិត។ការផាក​ពិន័យនៅ​ទាបនៅឡើយ តែនៅពេល​ច្បាប់ថ្មីចូល​ជាធរមាន​ប្រហែលជា​រៀងចាល។ប៉ុន្តែច្បាប់ថ្មី​ចរាចរណ៍ថ្មី​ចេញ លោកសង្ឃឹម​ថានឹងកាត់​បន្ថយបាន​ច្រើនដោយ​សារ​ច្បាប់នោះ​មានការដាក់​ពិន័យនិង​ទោសទណ្ឌ​ខ្លាំងជាងមុន៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative