និស្សិត​កម្ពុជា​១១នាក់​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​ឱសថ​ជំនាន់​ទី១ នៅ​ប្រទេស​បារាំង

និស្សិតកម្ពុជា​ចំនួន​១១​នាក់​ដែល​បាន​សិក្សា​រួមគ្នា​ជាមួយ​និស្សិតនៃ​ប្រទេស​ផ្សេងទៀត​នៅក្នុង៣​ប្រទេស (កម្ពុជា វៀតណាម និងឡាវ) បានទទួល​វិញ្ញាបន​បត្រ​បញ្ចប់ការ​សិក្សាថ្នាក់​បរិញ្ញាបត្រ​ជាន់ ខ្ពស់ផ្នែក​វិទ្យាសាស្ត្រ​ឱសថ​ជំនាន់ទី១​នៅប្រទេស​បារាំង ហើយកាលពី​រសៀលថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០១៤ បានទទួល​វិញ្ញាបនបត្រ​ពីសាកលវិទ្យា​ល័យវិទ្យាសាស្ត្រ​សុខាភិបាល​ដែលពិធី​ប្រគល់នេះ​បានប្រព្រឹត្ត​ទៅក្រោមអធិ​បតីភាពលោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល។

រូបភាព សហការី

រូបភាព សហការី

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យា​ធិការសាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បានមាន​ប្រសាសន៍ថា​សាកលវិទ្យាល័យ​បានរៀបចំ​ថ្នាក់បណ្តុះ​បណ្តាល​បរិញ្ញាបត្រ​ជាន់ខ្ពស់ផ្នែក​វិទ្យាសាស្ត្រ​ឱសថនេះ​តាំងពីឆ្នាំ​២០១២ដោយ​សហការ​ជាមួយសាកល​វិទ្យាល័យមួយ​ចំនួននៅក្នុង​តំបន់ និង​នៅប្រទេស​បារាំង ដូចជា​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៃប្រទេស​ឡាវសាកល​វិទ្យាល័យ​ឱសថសាស្ត្រ​នៃទីក្រុង​ហាណូយ​ប្រទេស​វៀតណាម និងសាកល​វិទ្យាល័យ​ចំនួន៣នៃ​ប្រទេស​បារាំង។

លោកសាស្ត្រាចារ្យ​បានបន្តថា​ថ្នាក់បណ្តុះ​បណ្តាលនេះ​ទទួលបាន​ការឧបត្ថម្ភ​ និងសំរប​សំរួលពី​មូលនិធិ Pierre Fabre ព្រមទាំងមាន​ការជួយពី​ទីភ្ងាក់ងារ​សាកលវិទ្យាល័យ​នៃប្រទេស​ប្រើប្រាស់​ភាសា បារាំងស្ថាន​ទួតបារាំង​សមាគមមិត្ត​និស្សិត និងឱសថ​ការីខ្មែរ​នៅប្រទេស​បារាំង។ លោកបាន​បន្ថែមថា​លក្ខណៈ​ពិសេស​នៃថ្នាក់បណ្តុះ​បណ្តាលនេះ គឺទីតាំង​សិក្សានៅក្នុង​ប្រទេសចំនួន​៣គឺកម្ពុជា វៀតណាម និងឡាវ និងនិស្សិត​ដែលបាន​បញ្ចប់ការ​សិក្សា​ដោយ​ជោគជ័យ​ទទួលបាន​សញ្ញាបត្រ​ចំនួន២ គឺ១ពីសាកល​វិទ្យាល័យ​បារាំង និង១ទៀត​ពីសាកលវិទ្យាល័យ​នៃប្រទេស​របស់ខ្លួន។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានឲ្យដឹងទៀតថា​មកដល់​ពេលនេះ​យើងបាន​បណ្តុះបណ្តាល​និស្សិតថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ផ្នែក​វិទ្យាសាស្ត្រ​ឱសថបាន​១ជំនាន់រួច​មកហើយ និងជំនាន់ទី២​កំពុងដំណើរ​ការមិនទាន់​បញ្ចប់នៅ​ឡើយទេ។ និស្សិត​ជំនាន់ទី១​ឆ្នាំសិក្សា​២០១២ ២០១៤​ មានចំនួន​៣០នាក់ ខ្មែរ១១នាក់ វៀតណាម​១៦នាក់ និងឡាវ​ចំនួន៣​នាក់។ និស្សិត​ជំនាន់ទី២​ឆ្នាំសិក្សា​២០១៣ ២០១៥​ មានចំនួន​១៤នាក់ខ្មែរ ៦នាក់​វៀតណាម​៦នាក់ និងឡាវ​២នាក់ និងនិស្សត​ជំនាន់ទី៣ ឆ្នាំសិក្សា​២០១៤ ២០១៦ មានចំនួន​១៧នាក់ ខ្មែរ៨នាក់​ វៀតណាម​៥នាក់ និងឡាវ​៤នាក់។ លោកសាស្ត្រា​ចារ្យ​បានបញ្ជាក់​ថានិស្សិត​កម្ពុជា​ជំនាន់ទី១​ ចំនួន១១​នាក់បាន​បញ្ចប់ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់នេះ​ដោយជោគជ័យ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានចាត់​ទុកថា «និស្សិតដែល​​ទទួលបាន​​សញ្ញាបត្រ​​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​​ឱសថ​ចំនួន​​១១នាក់ នាពេលនេះ​គឺជា​សក្ខីភាព​​មួយបង្ហាញ​​ពីការរីក​​ចំរើនផ្នែក​​គុណភាព​​បណ្តុះបណ្តាល​​របស់​​សាកលវិទ្យាល័យ​​វិទ្យាសាស្ត្រ​​សុខាភិបាល​​ក្នុងកំរិត​ស្តង់ដា​​អាស៊ាន និងក្នុង​កំរិត​ស្តង់ដា​អន្តរជាតិ»។ លោករដ្ឋមន្ត្រី​បានបន្តថា​បន្ថែមពីលើ​ការពង្រឹង​សមត្ថភាព​ការបណ្តុះ​បណ្តាល​សាកលវិទ្យាល័យ​បានខិតខំ​ពង្រឹងផងដែរ​នូវការងារ​ស្រាវជ្រាវ​របស់ខ្លួន​ដោយបាន​បង្កើតនូវ​មន្ទីរពិសោធន៍​ស្រាវជ្រាវ​ចំនួន២ដែល​មន្ទីរពិសោធន៍​ទាំងពីរនេះ​បានដើរតួ​នាទីយ៉ាងសំខាន់​ក្នុងការដឹកនាំ​ស្រាវជ្រាវ​គំរោងផ្សេងៗ ដែលឆ្លើយតប​ទៅនឹងតំរូវ​ការសុខភាព​សាធារណៈ។

លោករដ្ឋមន្ត្រី​បានស្នើឲ្យ​និស្សិតទាំង​១១នាក់​ដែលទទួល​បានសញ្ញាបត្រ​ជាន់ខ្ពស់ផ្នែក​វិទ្យាសាស្ត្រ​ឱសថចូលរួម​ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដើម្បីជួយ​បង្ហាត់បង្រៀន​ដល់និស្សិត​យើងដើម្បី​ឲ្យធនធាន​ផ្នែកនេះកាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការរួម​ចំណែក​វិស័យ​សុខាភិបាល​នៅ​ប្រទេស​កម្ពុជាឲ្យ​កាន់តែរីក​ចំរើន​ថែមទៀត៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative