គ្រួសារ បដិសេធ​ដំណឹង​មរណៈភាព​របស់​លោកតា​ប្រាជ្ញ ឈួន

ដំណឹង​មរណៈភាព​របស់​វីរសិល្បករ​ចាប៉ីដងវែង​ដ៏ល្បី គឺលោកតា ប្រាជ្ញ ឈួន បានធ្វើឲ្យ​មានការភ្ញាក់​ផ្អើលយ៉ាងខ្លាំង​កាលពីម្សិល​មិញនេះ ក្នុងបណ្ដាញ​សង្គមហ្វេសប៊ុក​ថា ហើយត្រូវបាន​បណ្តាញសារ​ព័ត៌មាន​អេឡិចត្រូនិច​ក្នុងស្រុកមួយ​ចំនួនធ្វើការ​ចុះផ្សាយ។ ដំណឹង​អកុសល្យនេះ​ត្រូវបាន​សមាជិកក្រុម​គ្រួសារ​លោកតា​បានចេញមុខ​បដិសេធថា​មិនមែនជា​ការពិតខណៈ​ដែលលោកតា​បាននឹង​កំពុងបន្ត​រស់នៅនិង​ព្យាបាលជំងឺ​នៅលើទឹក​ដីកំណើត​នៅ​ឡើយ។

​លោកតា ប្រាជ្ញ ឈួន អ្នកចាប៉ី​​ដងវែង​ល្បី​ឈ្មោះ

​លោកតា ប្រាជ្ញ ឈួន អ្នកចាប៉ី​​ដងវែង​ល្បី​ឈ្មោះ

លោក ប្រាជ្ញ ឆាត កូនលោកតា​ប្រាជ្ញឈួន​បានបញ្ជាក់​ថា “គាត់នៅ​មានសុខភាព​មិនប្រែប្រួល​ឡើយក្រោយ​ពីវិលពី​មន្ទីរពេទ្យ​កាលពីប៉ុន្មាន​ឆ្នាំមុន គឺលោក​តា​អាចដើរបាន​ អាចហូបអី​បានធម្មតា។ កន្លងមក លោក តា ប្រាជ្ញ ឈួន ត្រូវបាន​បញ្ជូនមក​សង្គ្រោះ​បន្ទាន់ជា​ញឹកញាប់​នៅភ្នំពេញ​នឹងទទួល​បានជំនួយ​ពីប្រមុខ​រដ្ឋាភិបាល និងសប្បុរជន​ជាច្រើន។ វីរសិល្បករ​រូបនេះមាន​ជំងឺមួយ​ចំនួន ដូចជាជំងឺ​ផ្នែកបេះដូង តម្រងនោម និង​លើសឈាម ប៉ុន្តែក្រោយ​ដឹងខ្លួន លោកតាតែង​ទទូចឲ្យ​ក្រុមគ្រួសារ​បញ្ជូនឲ្យ​ត្រឡប់ទៅ​ព្យាបាលនៅ​ទឹកដី​កំណើតវិញ​រហូតដល់​បច្ចុប្បន្ន។ កូនប្រុស​លោកតា ប្រាជ្ញ ឈួន បញ្ជាក់ដែរ​ថាលោក​ពិតជា​ឆ្ងល់ដែរ ថាហេតុអ្វី មានព័ត៌មាន​នេះឡើង ហើយលោក​សន្និដ្ឋានថា​អាច​មានជន​ខិលខូច ចង់យក​ព័ត៌មាននេះ ស្វែងរកផល​ប្រយោជន៍​អ្វីមួយ ជាពិសេស ក្នុងហ្វេសប៊ុក​ខណៈដែល​បច្ចុប្បន្នមាន​រូបភាពបោក​ប្រាស់ប្រាក់​ជាច្រើននោះ ។

លោក សុះ ម៉ាច ប្រធាន សមាគម​សិល្បករខ្មែរ ក៏បានអះអាង​ដូចគ្នា នេះថា លោកតា ប្រាជ្ញ ឈួន កំពុងតែ​មាន​សុខភាព​ធម្មតា ដោយសារតែ​លោកទើប តែបាន​ទំនាក់ទំនង​ទៅកាន់ក្រុម​គ្រួសារអំបាញ់​មិញនេះដូចគ្នា ហើយអ្វីដែល​មានការភ្ញាក់​ផ្អើលថ្មីៗនេះ លោកបាន​ចាត់ទុកថា ជាព័ត៌មាន​បោកប្រាស់​ទាំងស្រុង ។ លោកបានចាត់​ទុកព័ត៌មាន​នេះថា ជាការប្រមាថ​អាយុជីវិត​អ្នកចាប៉ីដង​វែងល្បី​ឈ្មោះខាងលើ ហើយអាច​មានជនមួយ​ក្ដាប់តូច​យកព័ត៌មាន​ដើម្បីបោក​ប្រាស់យក​ប្រាក់ពី​អ្នករស់នៅ​បរទេស។ កូនប្រុស​របស់តាឈ្មោះ​ប្រាជ្ញ ឆាត បញ្ជាក់ឱ្យ​ដឹងថា លោកតា​ប្រាជ្ញ ឈួន មិនទាន់​ទទួល​មរណភាព ដូចអ្វីដែល​ព័ត៌មានកំពុង​តែបង្ក​ការភ្ញាក់ផ្អើល នាំឱ្យមាន​ការភ័ន្ដច្រឡំ​នោះឡើយ ។

គួរបញ្ជាក់​ដែរថា​លោកតា ប្រាជ្ញ ឈួន ជាអ្នកចាប៉ី​ដងវែងល្បី​ឈ្មោះក្នុង​ប្រទេសកម្ពុជា។ លោកតា​ចាប់កំណើត​នៅខែតុលា ឆ្នាំ១៩៣៦ ជាកូនពៅ​ក្នុង​គ្រួសារ​កសិករ ដែលមាន​កូនប្រាំមួយ​នាក់នៅភូមិ​ត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ លោកតា​មានប្រពន្ធ ឈ្មោះ កៅ ព្រីង និងមានកូន​ប្រុស​៥នាក់ ។ លោកតាជា​កូនពៅក្នុង​ចំណោមបង ប្អូន៥នាក់ ។ លោកតា ប្រាជ្ញ ឈួន បានរៀន ចាប៉ីដងវែង​ពីគ្រូបង្គោល៨ នាក់ដែល​ជាគ្រូចាប៉ី​ដងវែង​ដ៏ល្បី​ល្បាញក្នុង​ទសវត្សរ៍​១៩៦០ ហើយលោកតា​ចេះច្រៀង​ចាប៉ីស្ទាត់​ជំនាញ តាំងពី​អាយុ១៣​ឆ្នាំ។ អ្នកចម្រៀង​ចាប៉ីវ័យ​ជរានេះ​ពិការភ្នែក​ទាំងសងខាង​តាំងពី​អាយុ ៥ ឆ្នាំ ដោយសារ​រោគ​កញ្ជ្រិល។ លោកតាបាន​ផ្អាកការងារ​សិល្បៈអស់​រយៈពេលជា​ច្រើនឆ្នាំក្រោយ​ពេលជំងឺ​ជាច្រើន​រួមរិត និងបន្ត​សម្រាក​ព្យាបាល​នៅ​លើទឹកដី​កំណើតតាម​សំណូមពរ​របស់លោកតា​ដែលមិនចង់​ទទួលយក​ការព្យាបាល​នៅរាជធានី​ភ្នំពេញមិន​តិចជាង៥​ដងនោះ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative