ភរិយា​​នាយក​រដ្ឋមន្ត្រី​​កម្ពុជា និងថៃ ទស្សនាកិច្ច​​នៅ​សកល​វិទ្យា​ល័យ​​ភូមិន្ទ​ភ្នំពេញ

លោកស្រី​សាស្ត្រាចារ្យ ណារ៉ាផន ច័ន្ទអូឆា ភរិយា លោកឧត្ដម​សេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋ​មន្រ្តី នៃព្រះរាជា​ណាចក្រថៃ និងសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រកម្ពុជា​កាលពីរសៀល​ថ្ងៃ ទី៣០ ខែតុលា ឆ្នាំ២០១៤ បានអញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​នៅដេប៉ាតឺម៉ង់​ភាសាថៃ នៃសកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ។

រូបភាព​ សហការី

រូបភាព​ សហការី

លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ​យុវជននិង​កីឡា​បា​នមាន​ប្រសាសន៍ថា «ក្នុងនាម​ក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាម​សាកល​វិទ្យា​ល័យ​ភូមិន្ទភ្នំពេញ ខ្ញុំសូម​សម្ដែងនូវ​គារវកិច្ច​ដ៏ខ្ពង់ខ្ពស់ និងកិច្ច​ស្វាគមន៍យ៉ាង​កក់ក្ដៅបំផុត​ចំពោះការឆ្លៀត​ឱកាសដ៏មាន​តម្លៃ របស់​លោកជំទាវ និង សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញមក​ធ្វើទស្សនកិច្ច ដេប៉ាតឺម៉ង់​ភាសាថៃ នៃសាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញនា​ពេលនេះ» ។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​​បន្តថា​​ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាត​ឱ្យសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ធ្វើការ​បណ្ដុះបណ្ដាល ភាសាថៃ​ចាប់ពីខែ​កញ្ញា ឆ្នាំ២០០៥ ដោយមានកិច្ច​សហប្រតិ​បត្តិការ​ជាមួយសាកល​វិទ្យាល័យ​បូរីរ៉ាម របស់ព្រះរាជា​ណាចក្រថៃ។ កន្លងមក ក្នុងក្របខណ្ឌ​នៃកិច្ច​សហ​ប្រតិបត្តិ​ការនេះ យើងបាន​បណ្ដុះបណ្ដាល​និស្សិតបាន​ប្រមាណ​៧៧៣ នាក់ ។ ដោយឡែក ចាប់ពីឆ្នាំ​សិក្សា ២០១២-២០១៣ មក យើងបាន​បញ្ចូល​ភាសា​ថៃជាមុខវិជ្ជា​ក្រេឌីត​បន្ថែម (minor credit) លើជំនាញ​ឯកទេសផ្សេងៗ​ក្នុងកម្រិត​បរិញ្ញាបត្រ ។

រូបភាព​ សហការី

រូបភាព​ សហការី

លោករដ្ឋមន្ត្រី​បានបន្ថែមថា ក្នុងឆ្នាំសិក្សា ២០១៤-២០១៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាត​ឱ្យសាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញបង្រៀន​ភាសាថៃ​កម្រិត បរិញ្ញាបត្រ ដូចភាសា​បរទេសឯទៀត នៅក្នុងសាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញផងដែរ ។ លោករដ្ឋ​មន្ត្រីថា «ទោះបីមាន​ការវិវឌ្ឍ ឈានឡើងគួរ​ជាទីមោទន​យ៉ាងនេះក្តី យើងនៅកត់​សម្គាល់ឃើញ​ថាមានចំណុច​ជាច្រើនដែល​សាកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ ពិសេស​វិទ្យាស្ថាន​ភាសាបរទេស និង ដេប៉ាតឺម៉ង់​ភាសាថៃ ត្រូវលើក​កម្ពស់បន្ថែម​ទៀត ដូចជា​បន្ទប់សិក្សា សម្ភារៈ​សិក្សា សមត្ថភាព​ជំនាញ​របស់​សាស្ត្រាចារ្យ​កម្ពុជាជាដើម ក្នុងកិច្ចការ​ដំណើរការ​ដេម៉ាតឺម៉ង់​ភាសាថៃនេះ» ។

បន្ថែមលើ​​កិច្ចសហការ​ជាមួយសាកល​វិទ្យាល័យ បូរីរ៉ាម និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ថៃ (TICA) លើការបណ្ដុះ​បណ្ដាល​ភាសាថៃ លោករដ្ឋ​មន្ត្រីបាន​បញ្ជាក់ថា គិតមកដល់​ឆ្នាំសិក្សា ២០១៣-២០១៤ នេះ សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ មានកិច្ចសហការ​ជាមួយសាកល​វិទ្យាល័យ និងគ្រឹះស្ថាន​ចំនួន១៦ ផ្សេងទៀត នៅព្រះរាជា​ណាចក្រថៃ លើកិច្ចការ​សិក្សា ការស្រាវជ្រាវ ការផ្លាស់ប្ដូរ​និស្សិត និងការផ្លាស់​ប្តូរសាស្ត្រាចារ្យ ។
លោកបណ្ឌិត​ ហង់ជួន ណារ៉ុន សង្ឃឹមយ៉ាង​មុតមាំថា «កិច្ចសហការ​រវាងគ្រឹះស្ថាន​ឧត្ដមសិក្សា​នៃព្រះរាជា​ណាចក្រទាំងពីរ នឹងរីកចម្រើន​បន្ថែមទៀត​ក្នុងពេល​ខាងមុខសំដៅ​លើកកម្ពស់​សមត្ថភាព វិទ្យាសាស្ត្រ និងលើក​ស្ទួយវប្បធម៌ ព្រមទាំងការ​យោគយល់គ្នា​រវាងប្រទេស​ទាំងពីរ »។

គួរបញ្ជាក់​ថាសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យ​ជាតិពហុ​ជំនាញដែល​មាន វ័យចំណាស់ និងធំជាងគេ​មួយនៅព្រះ​រាជាណាចក្រ​កម្ពុជា ។ បច្ចុប្បន្ន​សាកលវិទ្យាល័យនេះ មាន​សាស្ត្រាចារ្យ និងមន្ត្រី​ចំនួនប្រមាណ ៥០០ នាក់ និងនិស្សិត​ប្រមាណពីរម៉ឺន​នាក់កំពុង​សិក្សា។ សាកល​វិទ្យាល័យ នេះ ចែកចេញជា ៤ មហាវិទ្យាល័យ និង ១ វិទ្យាស្ថាន គឺមហាវិទ្យាល័យ វិទ្យាសាស្ត្រ មហាវិទ្យាល័យ​សង្គមសាស្ត្រ និង​មនុស្សសាស្ត្រ មហាវិទ្យាល័យ​សិក្សា​អភិវឌ្ឍន៍ មហាវិទ្យាល័យ​វិស្វកម្ម និងវិទ្យាស្ថាន​ភាសាបរទេស ។ មហាវិទ្យាល័យ​ថ្មីទី៦ គឺមហាវិទ្យាល័យ​អប់រំ នឹងត្រូវបង្កើត​ឡើងក្នុង​ពេលដ៏ខ្លី​ខាងមុខ ដើម្បីឆ្លើយ​តបទៅនឹង​តម្រូវការថ្មីៗ​របស់ប្រទេស ជាពិសេស​ការឆ្លើយតប​ទៅនឹងការ​វិវត្តន៍នៃ​សេដ្ឋកិច្ច​សង្គម និងប្រជាសាស្ត្រ​ទាំងក្នុងក្រប​ខណ្ឌជាតិ តំបន់ និង​សាកលលោក៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative