ស្ពានអ្នកលឿង​គ្រោងនឹង​បញ្ចប់​ការសាង​សង់នៅ​អំឡុង​ខែមីនា​ឆ្នាំ​២០១៥

មន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន​បានអះអាង​ថា ស្ពានអ្នក​លឿងឆ្លង​កាត់ទន្លេ មេគង្គដែល​ជាស្ពានវែង​ជាងគេបំផុត​នៅ ក្នុងប្រទេស​កម្ពុជានោះ​បានសាងសង់ និង សម្រេចបាន​ជាង៩០​ភាគរយហើយ គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅអំឡុង​ខែមីនា ឆ្នាំ២០១៥ តាមការគ្រោង​ទុក ហើយតាម​ការគ្រោង​ទុកស្ពាននេះ​នឹងបើកឲ្យ​ពលរដ្ឋឆ្លង​កាត់នៅមុន​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរនៅ​ពេលខាងមុខ។

រូបភាព  សហការី

រូបភាព សហការី

លោក ឈឹម ផល្លា ប្រធាន​គម្រោង​ និងជា​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការអន្តរជាតិ​នៃក្រសួង​សាធារណការ និងដឹកជញ្ជូន​បានឲ្យ​ដឹងថា គិតមកដល់​ត្រឹមខែតុលា នេះការសាង​សង់ស្ពាន​អ្នកលឿង​សម្រេចបាន​ជាង៩០​ភាគរយហើយ នឹងគ្រោង​បើកឲ្យ​ពលរដ្ឋឆ្លង​កាត់នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរឆ្នាំ​២០១៥ ។លោកបាន​បន្តថា​ចំពោះការងារ​ធំៗក្នុង​គម្រោងសាង​សង់ស្ពានបាន​ធ្វើរួចហើយ ដោយឡែក​នៅពេល​ប៉ុន្មានខែ​ខាងមុខគឺ​ធ្វើការងារ​ដែលនៅសេស​សល់ដើម្បី​ធានាឲ្យ​ស្ពានអ្នកលឿង នឹងបើក​អោយប្រជា​ពលរដ្ឋបាន​ឆ្លងកាត់នៅ​ខែមីនាមុន​បុណ្យចូល​ឆ្នាំខ្មែរ ។

លោក ឈឹម ផល្លា បានឲ្យដឹង​ទៀតថា ល្បឿននៃ​ការសាងសង់​ស្ពានអ្នក​លឿងនេះ គឺលឿនជាង​ការរំពឹងទុក បើទោះជា​ការជ្រើសរើស​តំបន់សាង​សង់​ប៉ះ​ចំ​កន្លែងដែល​សម្បូរដោយ​អាវុធយុទ្ធ​ភណ្ឌមិន​ទាន់ផ្ទុះច្រើន​ក៏ដោយ តែការ​អនុវត្តបាន​ប្រព្រឹត្តទៅ​ដោយរលូន។ លោក​បញ្ជាក់ថា ដំបូងឡើយ​យើងមាន​ការខកចិត្ត​ផងដែរ ព្រោះកន្លែង​ដែលយើង ជ្រើសរើស​ដើម្បីសាង​សង់ស្ពាន​អ្នកលឿង​ប៉ះចំតំបន់​ដែលមាន​អាវុធយុទ្ធ​ភណ្ឌមិនទាន់​ផ្ទុះ ដែលបន្សល់​ទុកកាលពី​សម័យសង្គ្រាម​ឆ្នាំ១៩៧០​-១៩៧៥។

គួររំលឹកថា ពិធីសម្ពោធ​​បើកការដ្ឋាន សាងសង់​ស្ពានអ្នកលឿង ដែលមាន​ប្រវែងរហូត​ដល់ ទៅ ២.២២០ ម៉ែត្រដែល​ចំណាយ​ថវិកាសាងសង់​អស់ជាង​៩០ លានដុល្លារ​អាម៉េរិក​ជាជំនួយ​ឥតសំណង​របស់រាជ​រដ្ឋាភិបាល​ជប៉ុន រួមនឹងប្រាក់​បដិភាគ​របស់រាជ​រដ្ឋាភិបាល​កម្ពុជាផង​បានធ្វើឡើង​ក្រោមអធិបតីភាព សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពីខែ​កុម្ភៈ ឆ្នាំ២០១១ ហើយ ស្ពាននេះមាន​គម្រោងសាង​សង់រយៈពេល​បួនឆ្នាំគឺ​ត្រូវបញ្ចប់​នៅដើម​ឆ្នាំ​២០១៥នេះ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative