ក្រសួង​សុខាភិបាល​កំណត់​យក​មន្ទីរពេទ្យ​ចំនួន៦​សម្រាប់​ថែទាំ​ចំពោះ​អ្នកជំងឺ​កាច​សាហាវ និង​ជំងឺ​ឆ្លង​គ្រប់​ប្រភេទ

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លងនៃ​ក្រសួង​សុខាភិបាល បានឲ្យដឹង​ថាក្រសួង​សុខាភិបាល​បានសម្រេច​កំណត់យក មន្ទីរពេទ្យ​ចំនួន៦​ដែល ស្ថិតនៅ​ក្នុងរាជធានី​-ខេត្តចំនួន​៥ដើម្បី​ធ្វើជាមន្ទីរពេទ្យ​តំណាងឲ្យ​តំបន់សម្រាប់​ដាក់អ្នកជំងឺ​ទាំងឡាយណា​ដែលមាន​សក្ដានុពល​ឆ្លងខ្ពស់ឲ្យ​នៅដាច់​ដោយឡែក​ពីអ្នកជំងឺ​ដទៃទៀត។

រូបភាព សហការី

រូបភាព សហការី

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង​រូបនេះបាន​បន្តឲ្យ​ដឹងថា​ខណៈដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹងជំងឺដ៏​កាចសាហាវ​ជាច្រើន​ប្រភេទ មានដូចជា​ជំងឺរលាកផ្លូវ​ដង្ហើមមជ្ឈិម​បូព៌ា ករណីផ្ទុះ​ជំងឺអេបូឡា​នៅអាហ្វ្រិក​ខាងលិច ជំងឺផ្ដាសាយ​បក្សី និងជំងឺ​ដទៃទៀត​នោះពោល​គឺក្រសួង សុខាភិបាល​បាន​សម្រេច​​កំណត់​យក​មន្ទីរពេទ្យ​​ចំនួន៦​ដើម្បីសម្រាប់​ដាក់អ្នកជំងឺ​មានសក្ដានុ​ពលឆ្លងខ្ពស់​ឲ្យនៅដាច់​ដោយឡែក​ពីអ្នកជំងឺដទៃទៀត។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹង ថា មន្ទីរពេទ្យទាំង៦ តំណាងឲ្យតំបន់ដែលក្រសួងសុខាភិបាលបានជ្រើសរើសនោះ រួមមានមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យ​ខ្មែរ​សូវៀត​នៅក្នុងរាជធានីភ្នំពេញ មន្ទីរពេទ្យ ខេត្តសៀមរាប មន្ទីរពេទ្យ​ខេត្តកំពង់ចាម មន្ទីពេទ្យ​ខេត្តស្ទឹងត្រែង និង​មន្ទីពេទ្យ​ខេត្ត​កំពត។

លោក​បញ្ជាក់ថា ប្រសិនបើ​កម្ពុជាមាន​ករណីដែល​គួរឲ្យ​សង្ស័យ​ណាមួយនោះ​នឹងមាន​កន្លែង​​សម្រាប់​​ព្យាបាល​អ្នក​ជំងឺ​ទាំងនោះ​​ពួកគេបាន​​ទាន់ពេល​​វេលា។ លោក​លើកឡើងថា ទោះបីជា​កម្ពុជាមិន​ទាន់មាន​ករណីនៃ​ជំងឺអេបូឡា​ណាមួយគួរ​ឲ្យសង្ស័យ​ក៏ដោយ ក្រសួង​សុខាភិបាល​នៅតែបន្ត​តាមដាន​ស្ថានភាព​ជំងឺអេបូឡា និងជំងឺ​ឆ្លងផ្សេងៗ​ទៀតយ៉ាងយក​ចិត្តទុកដាក់​បំផុតដោយ​បន្តពង្រឹង​ប្រព័ន្ធតាម​ដាននិង​ឆ្លើយតប​ជាប់ជានិច្ច ។

តាមរបាយ​ការណ៍របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មានប្រទេស​ចំនួន ៥កំពុង​បន្ត រាតត្បាត​ជំងឺអេបូឡា គឺប្រទេស​លីប៊ី លីប៊ែរីយ៉ា ហ្គីនណេ ប្រទេស​សារ៉ាឡេអូន និងប្រទេស​កូងហ្គូនៃ​ទ្វីបអាហ្វ្រិក​ខាងលិច។ បច្ចុប្បន្ន​ជំងឺអេបូឡា​បាននឹង​កំពុងសម្លាប់​មនុស្សអស់​ចំនួន​ប្រមាណ ៥០០០​នាក់ហើយ​ក្នុងចំណោម​អ្នកជំងឺ​សរុប ចំនួន១ ម៉ឺននាក់។ដូច្នេះជំងឺ​អេបូឡានៅ​តែបន្តគំរាម​កំហែងលើ​សុខភាព​ប្រជាពលរដ្ឋ​ពិភពលោក​ដែលទាមទារ​ឲ្យយើងបន្ត​យកចិត្ត​ទុកដាក់ខ្ពស់​ជាប់ជានិច្ច៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative