ក្រសួង​អប់រំ​ប្រកាស​លទ្ឋផល​ប្រលង​លើក​ទី២​មុនពេល​កំណត់​ និងមិនមាននិទ្ទេសA

ដោយសារ​ដំណើរ​ការកំណែ និង​ការបញ្ជូល​ឈ្មោះបេក្ខជន​ប្រលង​ចូលកុំព្យូទ័រ​បានបញ្ចប់ ក្រសួងអប់រំ យុវជន​និងកីទ្បា​បានសម្រេច​ប្រកាស​លទ្ឋផល​ប្រលង​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មុនពេល​កំណត់។

រូបភាព​ សហការី

រូបភាព​ សហការី

លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជននិង​កីទ្បាបាន​មានប្រសាសន៍​ឲ្យដឹងនៅ​ព្រឹកថ្ងៃ​ទី៣០ តុលានេះ​ថា ដោយសារ​តែដំណើរ​ការ​កំណែ​បានចប់មុន​កាលបរិច្ឆេទ និងដំណើរ​ការវាយចូល​ក្នុងកុំព្យូទ័រ​ចប់មុនកាល​កំណត់ ទើបក្រសួង​សម្រេច​ប្រកាស​លទ្ឋផល​នៅថ្ងៃ​ទី៣១ តុលា​សម្រាប់​រាជធានី​ភ្នំពេញ និងខេត្ត​កណ្តាល និង​ថ្ងៃទី១ វិច្ឆិកា​សម្រាប់​បណ្តាខេត្ត​ទាំង២៣​ទៀត ដែលកាលពី​មុនក្រសួង​គ្រោងប្រកាស​លទ្ឋផល​នៅថ្ងៃទី៣ និង​ទី៤ វិច្ឆិកា​ខាងមុខ។ លោកបន្ត​ថា រហូតមក​ទល់ពេលនេះ​ក្រសួងមិន​ទាន់ដឹងថា សិស្សទាំងនោះ​ជាប់ប៉ុន្មាន​ភាគរយ​នោះទេ ទាល់តែដល់​ថ្ងៃទី៣១ ទើបក្រសួង​នឹងចេញ​ការប្រកាស​ព៌តមាន​ជាផ្លូវការ។

លោកបន្តថា “ចំនួនសិស្ស​ប្រលងជាប់​បាក់ឌុប​លើកទី២ ជាប់តិច​ជាងសិស្ស​ប្រលង​លើកទី១ និងប្រហែល​ជាមិនមាន​អ្នកជាប់​និទ្ទេសA​នោះទេ ”។ លោក​បន្ថែមថា “តាមរយៈ​ការបំប៉ន​សិស្សរយៈ​ពេលជាង១​ខែមុនការ​ប្រលងនេះ គឺយើងបាន​ជួយសិស្ស​អាចទទួលបាន​ពិន្ទុល្អប្រសើរ​ជាងមុន និងជួយ​ដល់សិស្ស​ដែលខិតខំ​រៀនសូត្រ ហើយការ​ផ្តល់ពិន្ទុ​ដើម្បីជាប់​ក្នុងការ​ប្រលងនេះ នៅតែរក្សា​ស្តង់ដាដូច​ការប្រលង​លើកទី១ ”។

លោកបណ្ឌិត ហង់ជួន ណារ៉ុន​បានឲ្យ​ដឹងថា អ្នកធ្លាក់ពី​ការប្រលង​លើកទី១មានជាង​​៦០០០០​នាក់ ហើយអ្នក​ចូលប្រលង​លើកទី២​នេះមាន​ជាង​៦០០០០​នាក់​តិចតួច និងមាន​សិស្សានុសិស្ស​អវត្តមាន​ជាង៧០០០នាក់។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ​ធ្លាប់បានមាន​ប្រសាសន៍ថា លោកបាន​ទស្សន៍ទាយ​ពីលទ្ឋផល នៃការ​ប្រលងនេះ​ហើយថា​នឹង​មានសិស្ស​ប្រលងជាប់​តិចជាងការ​ប្រលង​លើកទី១ ព្រោះសិស្ស​ពូកែបាន​ប្រលងជាប់​លើកទី១​អស់ហើយ។ ការបំប៉ន​សិស្សរយៈ​ពេលជាង១​ខែនេះ មិនមាន​ប្រយោជន៍​ច្រើននោះទេ ព្រោះសិស្សានុ​សិស្សបាន​រៀនជាង​១០ឆ្នាំ​ហើយ បើពួកគេ​ខិតខំរៀន​ពួកគេនឹង​ជាសិស្សពូកែ​ហើយ។ លោក​បន្តថា លទ្ឋផលនេះ​បញ្ជាក់ពី​គុណភាព​ការអប់រំ​នៅកម្ពុជា​ធ្លាក់ចុះ ហេតុនេះ​ក្រសួងអប់រំ​ត្រូវពិនិត្យ​ទ្បើងវិញ និងរៀបចំ​កម្មវិធី​សិក្សា ពង្រឹងគុណភាព​អប់រំចាប់ពី​ថ្នាក់ក្រោម​មក មិនមែន​ធ្វើតែនៅ​កម្រិត​វិទ្យាល័យ​នោះទេ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative