ស្ពានជ្រោយ​ចង្វាទីពីរ នឹងបើក​ឲ្យប្រើ​ប្រាស់​ជាផ្លូវ​ការនៅ​ថ្ងៃទី១ ខែ​វិច្ឆិកា​នេះ

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និងដឹកជញ្ជួន បានអះអាង​ថាស្ពានជ្រោយ​ចង្វាទីពីរ ដែលចំណាយ​ថវិកាអស់​២៧,៥ លាន​ដុល្លារ ជាឥណទាន​ហិរញ្ញប្បទាន ពីប្រទេស​ចិន សាងសង់ ដោយក្រុមហ៊ុន​សាជីវកម្ម ស្ពានថ្នល់​របស់ ប្រទេសចិន នឹងដាក់ឲ្យ​ដំណើរការ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ខាងមុខនេះ។

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

លោកបាន​មានប្រសាសន៍​បែបនេះ​កាលពីរសៀល​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ខណៈពេល​ដែលលោក​បានដឹកនាំ​មន្ត្រីជំនាញ​ក្រសួងចុះ​ទៅធ្វើតេស្ត​ឌីណាម៉ិញ​និងស្តារតិច​តេស្តនៅលើ​ស្ពាននោះ។ លោកបាន​មានប្រសាសន៍​ថាការធ្វើ​តេស្តនេះដោយ​ប្រើប្រាស់​រថយន្តធន់ធំ​ចំនួន៩គ្រឿង​ដើម្បីបញ្ជាក់​ពីគុណភាព​នៃស្ពានមុន​នឹងបើកឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នៅថ្ងៃ​ទី០១ ខែវិច្ឆិកា​មុនពិធីបុណ្យ​អុំ​ទូកបណ្តែត​ប្រទីបអក​អំបុកនិង​សំពះព្រះខែ​ដែលនឹង​ចូលមកដល់​នៅថ្ងៃទី៥ ៦និង​ថ្ងៃទី៧​ខាងមុខនេះ​ដើម្បីជួយ​សំរួល​ចរាចរណ៍​ដល់បងប្អូន​ប្រជាពលរដ្ឋ​មកពីគ្រប់​ទឹសទីចូល​រួមពិធី​បុណ្យ។

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

លោកបាន​បន្តថា «ការបើក​ចរាចរណ៍​នៅថ្ងៃទី១ ខែវិច្ឆិកា​នឹងបើក​ចរាចរណ៍​ជាផ្លូវការរហូត តែម្តង ហើយស្ពាន​ជ្រោយចង្វា​ទី២នេះ​ធ្វើចរាចរណ៍​លក្ខណៈ​ឯក​ទឹស គឺពីខាងកើត​ទៅខាងលិច រីឯស្ពាន​ជ្រោយចង្វារ​មិត្តភាពកម្ពុជា ជប៉ុនធ្វើ​ចរាចណ៍ពី​ទឹសខាងលិច​ទៅកើត»។
គម្រោងសាង​សង់ស្ពាន​ជ្រោយចង្វា​ទី២ឆ្លង​កាត់ទន្លេសាប​មានប្រវែង​១២៦០ ម៉ែត្រ គឺជាស្ពាន​ភ្លោះទី២​បន្ទាប់ពី​ស្ពានភ្លោះ​ព្រះមុនីវង្ស​នៅក្បាល​ថ្នល់។ តួស្ពាន​ជ្រោយចង្វា​ថ្មីនេះ តួស្ពានមាន​ប្រវែងសរុប​៧១៩ម៉ែត្រ និងចែក​ចេញជា​៣ផ្នែក គឺស្ពានមេ ស្ពានសាងសង់​លើដីនៅ​ត្រើយខាងលិច និងខាងកើត​សំរាប់តភ្ជាប់​មេស្ពានទៅ​នឹងថ្នល់។ ស្ពានមេមាន​ប្រវែងសរុប​៥៤៩ម៉ែត្រ មាន៥​ប្រឡោះ។ គន្លងដែល​ស្ថិតនៅ​ប្រឡោះ​កណ្តាល​ស្ពានមាន​កំពស់១០ម៉ែត្រ​ពីផ្ទៃទឹក ដែលខ្ពស់​បំផុត និងមាន​បណ្តោយ​៩០ម៉ែត្រ។

ស្ពាននេះ​គ្រោងចំណាយ​ថវិកាអស់​ចំនួន២៧​លាន និង​៥សែន​ដុល្លារ​អាមេរិក ជាហិរញ្ញ​ប្បទានរបស់​រដ្ឋាភិបាលនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់រាជរដ្ឋាភិបាល​កម្ពុជាសំរាប់​ដោះស្រាយប៉ះពាល់​ ហើយបាន​ចាប់ផ្តើមសាង​សង់កាលពី​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ ក្រោមអធិបតី​ភាពរបស់​លោក ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃកម្ពុជា។

ស្ពានជ្រោយ​ចង្វាទី២នេះ ត្រូវធ្វើពិធី​តភ្ជាប់តួ​ស្ពានចំណុច​កណ្តាល​កាលពីថ្ងៃ​ទី០៩ មេសា ឆ្នាំ ២០១៤ ក្រោមអធិ​បតីភាព លោក ត្រំា អ៊ីវតឹក រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative