រដ្ឋមន្រ្តី​សុខាភិបាលៈ មូលនិធិ​សមធ៌ម​នឹងពង្រីក​នៅទូទាំង​ប្រទេស ក្នុងឆ្នាំ​២០១៥​

ក្នុងគោលដៅ​​​បង្កើនការ​ផ្តល់សេវា​សុខាភិបាល​ប្រកបដោយ​សមធ៌ម និង​ប្រកបដោយ​ប្រសិទ្ឋិភាព​ខ្ពស់ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាននិយាយ​ថា ក្រសួងនឹង​ពង្រីក​មូលនិធិ​សមធ៌ម ឲ្យបាន​ទូទាំង​ប្រទេស​នៅឆ្នាំ​២០១៥​ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល

លោកបាន​ប្រកាស​បែបនេះ ក្នុងពិធីបើក​បវេសនកាល​ឆ្នាំសិក្សា​២០១៤ ២០១៥ កាលពីថ្ងៃ​ទី២៨ តុលា​កន្លងមក​ថា បច្ចុប្បន្ននេះ​មូលនិធិ​សមធ៌ម​បាននិង​កំពុងគ្រប​ដណ្តប់លើ​ប្រជាជន រស់នៅក្រោម​បន្ទាត់នៃ​ភាពក្រីក្រ​ជាង៩៣​ភាគរយ ហើយក្រសួង​នឹងពង្រីក​ការគ្របដណ្តប់​សេវាមូនិធិ​សមធ៌ម នៅទូទាំង​ប្រទេសនៅ​ឆ្នាំ២០១៥​ខាងមុខ។ មូលនិធិ​សមធ៌ម​ជាមូលនិធិ​មួយ ដែលចំណាយ​ថវិកាដោយ​រាជរដ្ឋាភិបាល និងដៃគូ​អភិវឌ្ឈន៍នានា ដើម្បីជួយ​ចេញថ្លៃ​ពេទ្យ​ជូនអ្នកជំងឺ​ក្រីក្រឲ្យ​ទទទួលបាន​សេវា​ព្យាបាល​ដោយឥត​បង់ថ្លៃ និងជួយចេញ​ថ្លៃធ្វើ​ដំណើរ និថ្លៃហូប​ចុកសម្រាប់​អ្នកជំងឺ និងអ្នក​កំដរអ្នក​ជំងឺម្នាក់​ផងដែរ។

លោកបន្តថា “សូមប្រជាជន​កុំខ្លាច ពេលមាន​ជំងឺ សូមមក​មន្ទីរពេទ្យ យើងនឹង​ផ្តល់សេវា​ជូនដោយ​មិនគិតថា​អ្នកមាន ឬអ្នក​ក្រទេ ពួកគេមាន​សិទ្ឋិទទួល​បានការ​ព្យាបាល​ដូចៗគ្នា”។ លោកបន្តថា “ខ្ញុំសុំនាយក​មន្ទីរពេទ្យនានា​នូវតែរឿង​មួយទេ គឺគ្មាន​លុយក៏មាន​សេវាដែរ ហើយគ្រូពេទ្យ​ត្រូវតែ​មានវិន័យ មាន​ក្រមសីលធ៌ម ព្រោះបន្ទាប់​ពីឪពុកម្តាយ ប្តីប្រពន្ឋ​គេចេញ មានតែ​គ្រពេទ្យទេ​ដែលអាច​ប៉ះស្ទាប​អ្នកជំងឺបាន ហេតុនេះ​គ្រូពេទ្យត្រូវ​តែមានវិន័យ​និងក្រម​សីលធ៌មខ្ពស់”។

សំដៅដល់​និស្សិតកំពុង​សិក្សាលើ​ជំនាញ​វេជ្ជសាស្រ្តនានា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍ថា ចាប់ផ្តើមពី​ពេលចុះកម្ម​សិក្សានៅ​តាមមន្ទីរពេទ្យ ក្មួយៗត្រូវ​ស្លៀកពាក់​សមរម្យ ត្រូវមានចិត្ត​ទូលាយ មិនគិតថា​អ្នកមាន​ឬអ្នក​ក្រីក្រទេ យើងត្រូវផ្តល់​សេវាជូន​ពួកគាត់​ដូចៗគ្នា យើងត្រូវ​សួរសុខទុក្ខ​គាត់ រាក់ទាក់​រួសរាយ​ជាមួយ​ពួកគាត់ ព្រោះការសាក​សួរសុខទុក្ខ​អ្នកជំងឺ​មិនមែន​ជារឿងថោក​ទាបនោះទេ តែវាបង្ហាញ​ពីក្រមសីលធ៌ម​របស់យើង​ក្នុងនាម​ជាគ្រូពេទ្យ។

លោកបន្តថា “ក្មួយជា​គ្រូពេទ្យត្រូវ​ចេះដាក់ចិត្ត ដាក់កាយ​រាក់ទាក់ជាមួយ​អ្នកជំងឺ ទុកដូចជា​ឪពុក ជាម្តាយ ជាបង ជាប្អូន សាច់សារ​លោហិត​របស់យើង និងត្រូវ​គោរពវិន័យ​ឲ្យបាន​ត្រឹមត្រូវ ព្រោះពេល​ណាយើងមាន​វិន័យយើង​នឹងរៀនពូកែ យើងនឹង​ធ្វើការងារ​បានល្អ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative