អ្នកនាំ​ពាក្យ៖ ជំហរ​រាជរដ្ឋាភិបាល​មិនចង់​ឃើញ​ប្រាក់​ឈ្នួល​កម្មករ​ទាបជាង​បន្ទាត់​ភាព​ក្រីក្រ​នោះទេ

មន្ត្រីអ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ បានឲ្យដឹងថា «ជំហររបស់​រាជរដ្ឋាភិបាល​កម្ពុជាមិន​ចង់ឃើញ​ប្រាក់ឈ្នួល​បងប្អូនកម្មករ​ទាបជាង​បន្ទាត់ភាព​ក្រីក្រនោះ​ទេ ពោលគឺ​ចង់បាន​ខ្ពស់​ជាងនេះ»។

លោក ហេង សួរ មន្ត្រីអ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​

លោក ហេង សួរ មន្ត្រីអ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​

លោក ហេង សួរ បានមាន​ប្រសាសន៍​បែបនេះ​កាលពីព្រឹក​ថ្ងៃទី២៥​តុលា ក្នុងខណៈ​ពេលដែល​លោកបាន​ចូលរួមត្រួត​ពិនិត្យមើល​ការប្រលង​ធ្វើតេស្ត​ភាសា​​កូរ៉េ​នៅវិទ្យាល័យ​សាមគ្គី​ជាស៊ីម។ លោកអ្នកនាំ​ពាក្យរូបនោះ​បានបន្តថា​បរិយាកាស​នៃការចចារ​ប្រាក់ឈ្នួល​គ្រប់ភាគី​ទាំងសងខាង​បានឯកភាព​លើតួលេខ​ដែលក្រសួង​ការងារក៏​ដូចជាខាង​ភាគី​អង្កការ​​អន្តរជាតិ​អាយឡូ​បានដាក់​១២០ដុល្លា​អាចទទួល​យកបាន ព្រោះវាស្ថិត​លើបន្ទាត់​ភាពក្រីក្រ។
ចំណែកភាគី​និយោជក​ក៏គាត់មិន​បដិសេធអ្វី​ដែរតែគាត់​គិតថា​ថវិកាដែល​ភាគីខ្លួន​បានដាក់​១១០ដុល្លា​ បូកទាំងប្រាក់​អត្ថប្រយោជន៍​ដ៏ទៃទៀត​១៧ដុល្លា​ឡើង​ដល់​១២៧​ដុល្លា ដូចនេះវា​អាចស្ថិត​លើបន្ទាត់​ភាពក្រីក្រ។ប៉ុន្តែអ្វីដែល​ជាគោល​ជំហររបស់​សហជីព​គឺថាប្រាក់​១២០ស្ថិត​នៅស្មើបន្ទាត់​ភាពក្រីក្រ​ហើយគាត់​ចង់បាន​ប្រាក់ឈ្នួល​នេះស្មើឬ​លើសពី​បន្ទាត់ភា​​​​​ព​ក្រីក្រ​បន្ថែមទៀត។

ពាក់ព័ន្ធ​បញ្ហានេះ លោក ហេង សួរ បានឲ្យ ដឹងថា «ក្នុងនាមជា​តំណាងអ្នក​សំរបសំរួល​បានពន្យល់​ប្រាប់ទៅ​ភាគីទាំងពីរ​ថាជំហរ​របស់​រដ្ឋាភិបាល​មិនចង់​ឃើញ​ប្រាក់ឈ្នួល​កម្មករ​នៅទាបជាង​បន្ទាត់ភាព​ក្រីក្រនោះទេ​ ពោលគឺចង់​បានខ្ពស់​ជាងនេះ»។ លោកបាន​ឲ្យភាគីទាំង​សងខាងធ្វើ​ការពិចារណា​ថា «វាជាអត្ថ​ប្រយោជន៍​ទាំងសងខាង បើសិនជា​មិនប្រញាប់​ដោះស្រាយបាន​ឆាប់ទេនោះ ការបញ្ជា​ទិញរបស់​អ្នកបញ្ជា​ទិញស្ថិត​ក្នុងការ​រងចាំ។ ឯភាគី​សហជីព​ក៏ដូចគ្នាដែរ ប្រសិនបើ​មិនជំរុញ​និងទទួល​យកនូវភាព​ជាក់ស្តែង​លើរឿងនេះ​ទេការពន្យា​ពេលទិញ​កាន់តែវែង ដែលអាច​ប៉ះពាល់ដល់​បងប្អូន​កម្មករ។ ដោយសារ​តែអ្នកបញ្ជា​ទិញចាំយូរ​ពេកអាច​បង្វែរការ​បញ្ជាទិញ​ទៅប្រទេស​ផ្សេងទៀត។ ដូចនេះអ្វី​ដែលយើង​បារម្ភនោះអ្វី​ដែលអ្នក​បញ្ជាទិញ​បង្វែរទៅទិញ​​ប្រទេសផ្សេងហើយ បើគេគិត​ថាសុខស្រួល​ជាមួយ​ប្រទេសនោះ​ហើយឲ្យគេ​មកមកស្រុកយើងវិញ​ប្រហែលជា​មានការ​លំបាក»។

លោក ហេង សួរ បានបញ្ជាក់​ថាការចចារ​ប្រាក់ឈ្នួល​នេះរំពឹង​ថាមានភាព​ល្អប្រសើរ​យល់យោគ​គ្នា។ ភាគីទាំងពីរ​មានការយល់​ដឹង និងអាណិត​គ្នាទៅវិញ​ទៅមក។ រដ្ឋាភិបាល​បានលើកលែង​ពន្ធលើប្រាក់​ឈ្នួលពី​ជាង៥០ម៉ឺន​ដល់៨០ម៉ឺន​រៀលដែល​កែសំរួល​នេះមិនមែន​ត្រឹមតែជួយ​ដល់ភាគី​កម្មករទេ​គ៏ជួយ​ដល់​ភាគី​និយោជន​ដែរ។ មានន័យថា​នៅពេលដែល​កម្មករមិន​បង់ពន្ធប្រាក់​ខែគាត់នៅ​សល់លុយ​គាត់មិនដាក់​សម្ពាធដល់​រោងចក្រដែរ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បានមាន​ប្រសាសន៍​ក្នុងជំនួប​ជាមួយតំណាងការ​ទូតសហរដ្ឋ​អាមេរិក កាលពី​ពេលថ្មីៗ​នេះថា ការចរចា​ប្រាក់ឈ្នួល នៅក្នុង​ឆ្នាំនេះ មានភាព​ប្រសើរ​ឡើងច្រើន ដោយសារ​តែភាគី​សហជីព និង​និយោជក មានការបន្ទន់​ឥរិយាបទ រៀងៗខ្លួន ។ លោករដ្ឋមន្រ្តី បានមាន​ប្រសាសន៍​បន្តថា« ការចរចា​ប្រាក់ឈ្នួល ដល់កម្មករ កាត់ដេរ​កម្ពុជា នឹងមាន​លទ្ធផល នៅក្រោយ​បុណ្យអ៊ុំទូក ខាង​មុខ​នេះ» ។

ដើម្បីជួយ​​សំរួលដល់​កិច្ចពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែកវាយនភណ្ឌ​កាត់ដេរ​សំលៀក​បំពាក់ និងផលិត​ស្បែកជើង​សំរាប់ឆ្នាំ​២០១៥ ឲ្យសំរេច​នូវលទ្ធផល ដែលអាច​ទទួលយក​បានពី​គ្រប់ភាគី ជាពិសេស​ដើម្បីធានា​បាននូវ​សុខដុមរមនា​នៃទំនាក់ទំនង​វិជ្ជាជីវៈ និងស្ថេរភាព​នៃវិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិតស្បែក​ជើងនៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្រសួងនឹង​បង្កើតឲ្យ​មានក្រុម​ការងារពិភាក្សា​បញ្ហាប្រាក់​ឈ្នួល​អប្បបរមា ដែលមាន​តំណាងភាគី​កម្មករនិយោជិត​ចំនួន៩ រូប តំណាងភាគី​នយោជន​ចំនួន៩ រូប និងតំណាង​ភាគីរាជ​រដ្ឋាភិបាល​ចំនួន៩ រូប ហើយក្រុមនេះ​នឹងចាប់ផ្តើម​ពិភាក្សា​ចាប់ពីថ្ងៃ​ទី២០ ដល់៣០ ខែតុលា ឆ្នាំ២០១៤ ចាប់ពីវេលា​ម៉ោង៨ និង៣០ ព្រឹកដល់​ម៉ោង៥ ល្ងាច៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative