និស្សិត​កម្ពុជា​២០នាក់​ត្រៀម​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី

និស្សិតកម្ពុជា​ចំនួន២០​រូបដែល​បានប្រលង​ជាប់ និង​ទទួលបាន​អាហារូបករណ៍​ពីសហព័ន្ឋ​រុស្ស៊ីបាន និងកំពុង​ត្រៀមចេញ​ដំណើរទៅ​សិក្សានៅ​ប្រទេស​រុស្ស៊ី​នៅថ្ងៃ​ទី៣០ តុលា​ខាងមុខនេះ។

និស្សិត​កម្ពុជា​ដែលទទួល​បានអាហា​រូបករណ៍​ពីសហព័ន្ឋ​រុស្ស៊ី

និស្សិត​កម្ពុជា​ដែលទទួល​បានអាហា​រូបករណ៍​ពីសហព័ន្ឋ​រុស្ស៊ី

លោក សឺហ្កេ កូទ្បេសូវ ប្រធាន​មជ្ឈមណ្ឌល​វប្បធ៌ម​និងវិទ្យាសាស្រ្ត​រុស្ស៊ីប្រចាំ​កម្ពុជា បានមាន​ប្រសាសន៍ ក្នុងពិធី​ជូនដំណើរ​និស្សិតទាំង​២០រូប​កាលពី​ល្ងាច​​ថ្ងៃទី២៧ តុលា​កន្លង​មកថា ក្នុងចំណោម​និស្សិតទាំង​២០រូបនេះ មាននិស្សិត​១៥រូបត្រូវ​ទៅសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង៥រូប​ទៀតត្រូវ​ចេញទៅ​សិក្សាបន្ត​យកថ្នាក់​អនុបណ្ឌិត និងថ្នាក់​បណ្ឌិត​នៅប្រទេស​រុស្ស៊ី បន្ទាប់ពី​ពួកគេបាន​សិក្សាចប់​ថ្នាក់បរិញ្ញាបត្រ និងថ្នាក់​អនុបណ្ឌិត​នៅទីនោះ​រួចមក។ លោក​បន្តថា និស្សិត​ទាំង១៥​រូបនេះ នឹងត្រូវទៅ​សិក្សានៅ​សាកលវិទ្យាល័យ​ក្រុងត្រូសាហ្វូត និង​សាកលវិទ្យាល័យ​មិត្តភាព​ប្រជាជន​ទីក្រុងម៉ូស្គូ និងសាកល​វិទ្យាល័យ​មួយចំនួន​ទៀត។

និស្សិត​ទាំងនេះ នឹងទៅ​សិក្សាលើ​មុ​ខជំនាញ​មួយចំនួន ដូចជា​សំណង់ស៊ីវិល​ស្ថាបត្យកម្ម ព៌តមាន​វិទ្យា បច្ចេកទេស​គ្រឿងចក្រ និង​គ្រឿងយន្ត វេជ្ជសាស្រ្ត និង​វិទ្យាសាស្រ្តនយោបាយ។

លោកស្រី អាន់ដ្រេយ៉េវ៉ា ប្រធានកម្មវិធី​សិក្សាអន្តរជាតិ​នៃសាកលវិទ្យាល័យ​មិត្តភាព​ប្រជាជន​ក្រុងម៉ូស្គូ បានមាន​ប្រសាសន៍​ឲ្យដឹងតាម​រយៈវីដេអូ​ខនហ្វឺរិន​ថា និស្សិតកម្ពុជា​ដែលនឹង​មកសិក្សា នៅសាកល​វិទ្យាល័យ​ប្រជាជន​ទីក្រុង​ម៉ូស្គូ នឹងទទួល​បាននូវផល​ប្រយោជន៍​បីសំខាន់ៗ ទី១ ពួកគេនឹង​អាចកសាង​បាននូវមិត្ត​ភាព និងទទួល​បានសេវា​អប់រំដ៏​ល្អប្រសើរ ទី២ ពួកគេត្រូវ​មានសុខភាពល្អ និងត្រូវ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ ព្រោះសាកល​វិទ្យាល័យមាន​កន្លែងហាត់​ប្រាណដ៏ធំមួយ និងមាន​ជាង៣០​វិញ្ញាសារ​កីទ្បា ទី៣ ពួកគេនឹង​ទទួលបាន​នូវបទពិសោធន៍​ដ៏ល្អ តាមរយៈ​ការទំនាក់​ទំនងអន្តរ​ប្រជាជាតិ ដែល​សាកលវិទ្យាល័យ​នេះមាន​និស្សិតមក​ពីប្រទេស​១៥៤ជុំវិញ​ពិភពលោក និងមាន​ជាង៥០០​សញ្ជាតិសិក្សា​នៅទីនេះ។

លោកស្រី​បន្តថា “សាកលវិទ្យា​ល័យនេះ មានកម្មវិធី​សិក្សាជាង​១០០០​កម្មវិធី និង​បានភ្ជាប់​ទំនាក់ទំនង​ជាមួយសាកល​វិទ្យាល័យល្បីៗ​លើសកលលោក។កម្មវិធីបណ្តុះ​បណ្តាល​​នៅទីនេះ មានបណ្តុះ​បណ្តាលតាំង​ពីជំនាញ​កសិកម្ម រហូតដល់​ការស្រាវជ្រាវ​ក្នុងលំហរ​អវកាស”។ លោកស្រី​បន្តថា “ប្រសិនជា​និស្សិតឬ​រាជរដ្ឋាភិបាល​កម្ពុជា មានបំណង​ចង់មក​សិក្សា ឬចង់​បញ្ជូននិស្សិត​មកសិក្សា​លើជំនាញ​អវកាស ឬជំនាញ​ជាច្រើនទៀត សូមរៀបចំ​បែបបទ​បញ្ជូនមក យើងនឹង​ពិនិត្យ និងផ្តល់ជូន​តាមការ​ស្នើសុំ”។

លោក កែវ សាកល អនុប្រធាន​នាយកដ្ឋាន​អាហារូបករណ៍​នៃក្រសួង​អប់រំ យុវជន​និងកីទ្បា បានមាន​ប្រសាសន៍ ដោយបាន​ណែនាំឲ្យ​និស្សិតអាហា​រូបករណ៍​ទាំងអស់​ត្រូវខិតខំ​រៀនសូត្រ ពិសេសរៀន​ភាសារុស្ស៊ី​មួយឆ្នាំតំបូង​ឲ្យបាន​ពូកែ ព្រោះនៅពេល​យើងយល់​ភាសាច្បាស់ ទើបយើង​មានមូលដ្ឋាន​ក្នុងការ​ស្រាវជ្រាវ និងចាប់​យកមុខ​ជំនាញ​របស់យើង។ លោក​បន្តថា និស្សិត​ទាំងអស់​ក៏ត្រូវថែទាំ​សុខភាពឲ្យ​បានល្អ​ប្រសើរ​ផងដែរ ដោយសារ​អាកាស​ធាតុ​នៅទីនោះ​ត្រជាក់ ហេតុនេះ​ការត្រៀម​សម្លៀកបំពាក់ សម្រាប់​ទប់ទល់​អាកាសធាតុ​ជាការប្រសើរ។

លោក វ្លាឌីមៀររូវ អ្នកនាំពាក្យ​ស្ថានទូត​រុស្ស៊ីប្រចាំ​កម្ពុជាបាន​មានប្រសាសន៍​សម្តែងនូវ​ការគាំទ្រ និងក្តី​សប្បាយ​រីករាយ ដែលប្អូនៗ​និស្សិតត្រៀម​ចាកចេញ​ទៅ​សិក្សានៅ​សហព័ន្ឋរុស្ស៊ី ដោយលោកចាត់​ទុកថា​វាជាដំណាក់​កាលដ៏មាន​សារៈសំខាន់​ក្នុងជីវិត​របស់និស្សិត​ទាំងនេះ ដែលត្រូវ​រស់នៅ​ជាមួយនឹង​បរិស្ថាន អាកាសធាតុ និង​វប្បធ៌មថ្មី។ លោក​បន្តថា យើងមាន​ក្តីសប្បាយ​រីករាយចំពោះ​មិត្តភាព​ដ៏រ៉ឹងមាំ ដែលថ្នាក់​ដឹកនាំកម្ពុជា និងរុស្ស៊ី បានសហ​ប្រតិបត្តិ​ការ​គ្នាតាំងពី​មុនមករហូត​មកទល់​ពេលនេះ ហើយអ្វី​កាន់តែ​ពិសេស​និស្សិតកម្ពុជា​ដែលធ្លាប់ចេញ​ទៅសិក្សា​នៅប្រទេស​រុស្ស៊ី​បច្ចុប្បន្ន​បានក្លាយ​ជារដ្ឋមន្រ្តី ថ្នាក់ដឹកនាំ​នៅតាមអង្គភាព​និងស្ថាប័ន​នានានៃ​រាជរដ្ឋា​ភិបាលកម្ពុជា។

លោកបន្តថា “យើងមាន​ការជឿជាក់​យ៉ាងមុតមាំ​ថាចំណេះដឹង​ដែលសហព័ន្ឋ​រុស្ស៊ីបាន​និងកំពុង​ផ្តល់ឲ្យ​និស្សិត​កម្ពុជា ពួកគេនឹង​អាចយកធ្វើ​ជាមូលដ្ឋាន​រ៉ឹងមាំក្នុង​ការចូលរួម​អភិវឌ្ឈន៍​ប្រទេសរបស់​ពួកគេ និងបន្ត​រឹតចំណងមិត្ត​ភាពរវាង​ប្រជាជននៃ​ប្រទេសទាំងពីរ​ឲ្យបានកាន់​តែប្រសើរ​ថែមទៀត”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative