រដ្ឋមន្ត្រី​សុខាភិបាល៖ ការពង្រឹង​សមត្ថភាព​អ្នកប្រកប​វិជ្ជាជីវៈ​សុខាភិបាល ត្រូវ​ផ្តើម​ចេញ​ពីការ​ពង្រឹង​គុណភាព​បណ្តុះ​បណ្តាល

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍ថា​ការពង្រឹង​សមត្ថភាព​របស់អ្នក​ប្រកបវិជ្ជាជីវៈ​សុខាភិបាល​នៅស្ថាប័នរដ្ឋ និងឯកជន​ក្នុងការផ្តល់​សេវាសុខភាព​ដល់ប្រជា​ពលរដ្ឋគ្រប់​ស្រទាបឲ្យ​មានគុណភាព និងក្រម​សីលធម៌ល្អ គឺត្រូវចាប់ផ្តើម​ចេញពីការ​ពង្រឹង​គុណភាព​នៃការបណ្តុះ​បណ្តាល​នៅកំរិត​ឧត្តម​សិក្សានេះ​តទៅ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍​បែបនេះ​កាលពីព្រឹក​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ នៅក្នុងពិធី​បើកបវេសនកាល​ឆ្នាំសិក្សា​២០១៤ ២០១៥​ របស់សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។

លោករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​បន្តឲ្យ​ដឹងថា «ហេតុនេះ​ ខ្ញុំសូមឲ្យ​លោកលោកស្រី​ជាសាស្ត្រាចារ្យ​ទាំងអស់​ត្រូវខិតខំ​ធ្វើបច្ចុប្បន្នភាព​ចំណេះដឹង​របស់​ខ្លួន​ទាំងចំណេះ​ដឹងវិស័យ​សុខាភិបាល និងចំណេះដឹង​គុរកោសល្យ​ក្នុងការ​បង្រៀន​ដើម្បីធ្វើ​យ៉ាងណា អាចផ្ទេរ​ចំណេះដឹង​របស់ខ្លួន​ដល់សិស្ស​ប្រកប​ដោយ​​ប្រសិទ្ធភាព»។ សកលវិទ្យាល័យ​ត្រូវពង្រីក​បន្ទាប់សិក្សា និងបំពាក់​សម្ភារៈដល់​អគារដែល​មានស្រាប់ រួមទាំង​អគារថ្មីៗ​របស់ខ្លួន ដើម្បីធានា​បាននូវ​ការ​បណ្តុះ​បណ្តាលឲ្យ​បានទំនើប​ទាន់សម័យ និងសមស្រប​តាមនិយាម​របស់គណៈ​កម្មាធិការ​ទទួលស្គាល់​គុណភាពអប់រំ​នៅកម្ពុជា»។ លោករដ្ឋមន្ត្រី​បានបន្ថែម​ថាទន្ទឹម​នឹងនេះដែរ ថ្នាក់ដឹកនាំ​សកលវិទ្យាល័យ និងលោក​លោកស្រី​សាស្ត្រាចារ្យ​ត្រូវខិតខំ​ប្រឹងប្រែងធ្វើ​ការវាយតំលៃ​និស្សិតកាន់​តែមានភាព​ប្រសើរទាំង​សុក្រិតភាព​ និងតំលាភាព​សំរាប់ការ​ប្រលង​ទាំងអស់។

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បានមាន​ប្រសាសន៍ថា​សកលវិទ្យាល័យ​បានកំពុង​តែខិតខំ​ប្រឹងប្រែង​ធ្វើឲ្យកាន់​តែមានភាព​ប្រសើរក្នុង​ការវាយតំលៃ​និស្សិតទាំង​សុក្រិត្យភាព និងតំលាភាព​សំរាប់ការ​ប្រលងឆមាស ក៏ដូចជា​ការប្រលង​ឡើងថ្នាក់​ ប្រលងបញ្ចប់​ការសិក្សា​តាមរយៈ​ការរៀបចំ​នីតិវិធី​ប្រតបត្តិស្តង់ដា​មួយសំរាប់​សកលវិទ្យាល័យ​ក្នុងការវាយ​តំលៃពី​ការប្រលង​ឬប្រលងរួម​ជាមួយ​នឹង​ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​ រួមគ្នានឹង​ការកែសំរួល​គរុកោសល្យ​ក្នុងការរៀប​ចំសំណួរ។ លោកសាស្ត្រាចារ្យ​បានបន្តថា «សកលវិទ្យាល័យ​មាន​គំរោង​នឹងអាច​ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ និងឧបករណ៍​វាយតំលៃ​នៃនិស្សិត​តាមបែប​អេឡេចត្រូនិច​នាពេលឆាប់ៗ​ខាងមុខនេះ»។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា​ចាប់ពីឆ្នាំ​សិក្សានេះ​តទៅសកល​វិទ្យាល័យវិទ្យា​សាស្ត្រ​សុខាភិបាល​នឹងអាច​ចាប់ផ្តើម​អនុវត្តបាន​ប្រព័ន្ធនិង​ឧបករណ៍​វាយតំលៃ​និស្សិតតាម​បែបអេឡេចត្រូនិច»។

ដើម្បីចូលរួម​ចំណែកត្រៀម​ខ្លួនធ្វើ​សមាហរណកម្ម​អាស៊ាន ឆ្នាំ២០១៥ ដែលនឹង​ខិតជិតមក​ដល់ក្នុង​ពេលខាងមុខ​នេះលោកសាស្ត្រា​ចារ្យ សាផុន វឌ្ឍនៈ បាន​បន្ថែមថា «សកលវិទ្យាល័យ​បានបង្កើត​សាកល្បង​នូវកម្មវិធី​សិក្សា​អន្តរជាតិ​ក្នុងមហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ប្រកបដោយ​ជោគជ័យ​ដោយមាន​និស្សិត​ចូលរួម​ចំនួន៦០នាក់ ដោយមាន​ការជួយគាំទ្រ​ទាំងបច្ចេកទេស និងថវិកា​ពីស្ថានទួត​បារាំង»។ ឆ្នាំសិក្សាថ្មី​នេះ មហាវិទ្យាល័យ​វិជ្ជសាស្ត្រ​ជ្រើសរើស​និស្សិត​ចូលរៀន​កម្មវិធី​អន្តរជាតិនេះ​ចំនួន៦០​នាក់​ថែមទៀត។ លោកបាន​បញ្ជាក់ថា «សាកលវិទ្យាល័យ បានប្តេជ្ញា​នឹងខិតខំ​រៀបចំកម្មវិធី​អន្តរជាតិនេះ​នៅគ្រប់​មហាវិទ្យាល័យ និងសាលា​របស់យើង​នៅឆ្នាំ២០១៨​ខាងមុខ​នេះ»។

បញ្ហានេះ លោករដ្ឋមន្ត្រី​បានជំរុញ​ឲ្យសកលវិទ្យាល័យ​ខិតខំស្វះ​ស្វែងបន្ថែម​ទៀតក្នុង​ការធ្វើ្កកិច្ច​សហប្រតិបត្តិការ​ជាមួយដៃគូរ​អភិវឌ្ឍន៍ និងគ្រឹះស្ថាន​ឧត្តមសិក្សា​ផ្សេងៗ ទាំងក្នុង និងក្រៅ​ប្រទេស ជាពិសេស​តាមបណ្តា​ប្រទេសក្នុង​សហគមន៍​អាស៊ានដើម្បី​សិក្សា​បទពិសោធន៍ និងត្រៀម​លក្ខណៈជា​ជំហានផលិត​នូវអ្នកជំនាញ​សុខាភិបាល​ដែលអាច​ទទួលបាន​ដោយសហគមន៍​អាស៊ាន។ ក្នុងឪកាស​នោះដែរ លោករដ្ឋមន្ត្រី​បានណែនាំ​ឲ្យនិស្សិត​ទាំងអស់​ខិតខំប្រឹងប្រែង​រៀនសូត្រ​ឲ្យអស់ពី​កំលាំងកាយ​ចិត្តដើម្បី​ស្រូបយកនូវ​ចំណេះដឹង និងចំណេះធ្វើ និងធ្វើជា​គំរូល្អដល់​និស្សិត​ដ៏ទៃទៀត៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative