រដ្ឋមន្រ្តីអប់រំៈ យើងមិន​ខ្លាចគេ​មកចូល​ស្រុក​យើង​ទេ បញ្ហា​ប្រឈម​ស្ថិត​នៅត្រង់​ថាតើ​​យើងអាច​ដណ្តើម​ការងារ​នៅស្រុក​គេបាន​ឬ​អត់

កម្ពុជានឹង​ធ្វើសមាហ​រណកម្ម​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស ក្នុងតំបន់​អាស៊ាន​នៅឆ្នាំ២០១៥​ខាងមុខ ក្នុងពេល​ប្រទេសនេះ​បាននិង​កំពុង​អភិវឌ្ឈន៍​ទាំង​សេដ្ឋកិច្ច និងសង្គម ប៉ុន្តែធនធាន​មនុស្សរបស់​ប្រទេសនេះ​ហាក់នៅ​មានតម្រិត​នៅទ្បើយ​ក្នុងការប្រកួត​ប្រជែងជាមួយ​ប្រទេសរីក​ចំរើននានា​ក្នុងតំបន់ ដែលបាន​អភិវឌ្ឈន៍​ជាយូរមក​ទាំងធនធាន​មនុស្ស ហេដ្ឋារចនា​សម្ព័ន្ឋ និង​សេដ្ឋកិច្ច។

ដូច្នេះតើ​កម្ពុជាបាន​ត្រៀមខ្លួន​យ៉ាង​ដូចម្តេច និងកម្ពុជា​មានធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព ដើម្បីប្រឈម​មុខនឹងការ​ប្រកួត​ប្រជែងនេះ​ឬនៅ លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន​និងកីទ្បា និងជា​សមាជិក​ជាន់ខ្ពស់​នៃឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ នៃរាជរដ្ឋា​ភិបាលកម្ពុជា​បានចំណាយ​ពេលវេលា​ដ៏មានតំលៃ​របស់លោក ដើម្បីលើក​ទ្បើងពី​បញ្ហានេះ​ជាមួយ​លោកគង់ លាងយិន អ្នកយក​ព៌តមាន​ឲ្យគេហទំព័រ​សុខភាពកម្ពុជា។

សំណួរ លោករដ្ឋមន្រ្តី​បានចាប់ផ្តើម​ធ្វើកំណែ​ទម្រង់​វិស័យនេះ​ពីឆ្នាំ២០១៣​កន្លងមក តើលោក​យល់ឃើញ​ដូចម្តេច​អំពីគុណភាព​ធនធាន​មនុស្ស​របស់កម្ពុជា?

លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីទ្បា

លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីទ្បា

ចម្លើយ វិស័យអប់រំ​របស់កម្ពុជា​បានឆ្លង​កាត់​សង្រ្គាម និង​ជំនាន់ប៉ុល ពត និងបាន​ស្តារទ្បើងវិញ​បន្ទាប់ពី​ឆ្នាំ១៩៧៩ ដែលក្នុង​របបប៉ុល ពត គ្រូបង្រៀន​៨០
ភាគរយ​ត្រូវបាន​សម្លាប់។ អញ្ចឹងពេល​រំដោះឆ្នាំ​១៩៧៩មក កម្ពុជាបាន​ស្តារទ្បើងវិញ​នូវវិស័យនេះ ដោយយក​អ្នកចេះច្រើន​បង្រៀនអ្នក​ចេះតិច យកអ្នក​ចេះតិចបង្រៀន​អ្នកមិនចេះ។ ជំនាន់នោះ​គុណវុឌ្ឍិគ្រូ​នៅមាន​កម្រិត តែពេលនេះ​គ្រូបឋម​សិក្សាអាច​ប្រលងធ្វើ​គ្រូបឋម​សិក្សា និងអ្នក​ប្រលងជាប់​បាក់ឌុប​ត្រូវ​រៀនពីរឆ្នាំ​បន្ថែមទៀត ដើម្បីធ្វើ​គ្រូបង្រៀន​អនុវិទ្យាល័យ និងគ្រូ​វិទ្យាល័យ​គឺត្រូវមាន​បរិញ្ញាបត្រ​បូក១។ កុមារ៩៨​ភាគរយបាន​ចូលរៀននៅ​សាលាបឋម​សិក្សា តែគុណភាព​បានធ្លាក់ចុះ ហេតុនេះ​ទើបយើង​ពង្រឹង​គុណភាព​អប់រំ ហើយយើង​បានដាក់ចេញ​វិធានការ​ពង្រឹង​គុណភាព​អប់រំ ដើម្បីដើរ​ទាន់គេ​ក្នុងបណ្តា​ប្រទេស​អាស៊ាន ក្នុងពេល​ដែលបណ្តា​ប្រទេសក្នុង​តំបន់អាស៊ាន គេមិនឆ្លង​កាត់សង្រ្គាម ប្រព័ន្ឋអប់រំ​គេរីកលូត​លាស់ខ្លាំង ។យើងត្រូវតែ​ប្រណាំង​ប្រជែងជាមួយ​ប្រទេស​ទាំងអស់​នោះ។

សំណួរ តើកម្ពុជា​ស្ថិតនៅក្នុង​ចំណុចណា​បើធៀប​ជាមួយបណ្តា​ប្រទេសក្នុង​សហគមន៍​អាស៊ាន​ទាំងអស់​នោះ?
ចម្លើយ នៅក្នុង​តំបន់​អាស៊ាន​​វិស័យអប់រំ​ខុសគ្នាខ្លាំង ក្នុងពេល​ដែលប្រទេស​សឹង្ហបុរី ប្រជាជន​របស់គេមាន​ប្រាក់ចំណូល​ជាង៥០.០០០​ដុល្លារក្នុង​មួយឆ្នាំ ខណៈ​ប្រជាជនកម្ពុជា មានប្រាក់​ចំណូលតែ​១.០០០ដុល្លារ​ក្នុងមួយឆ្នាំ។ អញ្ចឹងក្នុង​តំបន់នេះ​ ប្រទេស​សឹង្ហបុរី​ខ្ពស់ដាច់គេ បន្ទាប់មក​មានប្រទេស​ម៉ាទ្បេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រុយណេ និង​វៀតណាម។ ខ្មែរយើងស្ថិត​នៅលើ​ប្រទេស​ទ្បាវ និងភូមា តែស្ថិត​ក្រោម​ប្រទេស​វៀតណា។ ដោយសារ​កម្ពុជា ទ្បាវ វៀតណាម​ឆ្លងកាត់​សង្រ្គាម និងភូមា​ស្ថិតក្នុង​ភាពឯកោ។

សំណួរ នៅពេល​ធនធាន​មនុស្សរបស់​កម្ពុជានៅ​មានកម្រិត​បែបនេះ តើកម្ពុជា​នឹងប្រឈម​បញ្ហាអ្វីខ្លះ​នៅពេលធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុងតំបន់?
ចម្លើយ ដោយសារ​ធនធាន​មនុស្សរបស់​យើងមាន​កម្រិត រាជរដ្ឋាភិបាល​បានដាក់ចេញ​នូវគោល​នយោបាយ​ពង្រឹង​ធនធាន​មនុស្ស ខណៈ​កន្លងមក​យើងផ្តោត​លើបរិមាណ តែឥទ្បូវ​បរិមាណ​យើងមាន​គ្រប់ហើយ យើងត្រូវ​ផ្តោតលើ​គុណភាព​វិញម្តង។ នេះជាគោល​នយោបាយ​មួយដែល​ត្រឹមត្រូវ និងប្រាកដ​និយម ព្រោះតំបូង​យើងយកតែ​បរិមាណសិន ឥទ្បូវយើង​គិតពី​គុណភាព។ អញ្ចឹងពេល​ធ្វើសមាហរណកម្ម​ទៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន យើងត្រូវ​ពង្រឹង​គុណភាព។ ខណៈពេល​ប្រទេសយើង​បានបើកចំហ​រួចហើយ ដែលយើង​អនុញ្ញាត្តឲ្យ​មានគ្រូបរទេស​អាចមក​បង្រៀន​នៅស្រុក​យើងបាន។
អញ្ចឹងជា​ចំណោទ ជាបញ្ហា​ពេលចូលក្នុង​សហគមន៍​សេដ្ឋកិច្ច សង្គម​អាស៊ាននេះ យើងមិនខ្លាច​គេមកចូល​ស្រុកយើងទេ តែបញ្ហា​ប្រឈមស្ថិត​នៅត្រង់ថា​តើយើងអាច​ដណ្តើមការងារ​​នៅស្រុកគេ​បានឬអត់?។ បើគុណភាព​អប់រំយើង​ទាប យើងមិនអាច​ទៅដណ្តើម​ការងារនៅ​ប្រទេសគេ​បានទេ អញ្ចឹងបើ​យើង​មិន​មានគុណភាព​អប់រំខ្លាំង យើងមិន​អាចបង្ក​លក្ខណៈឲ្យ​យុវជនយើង​ទៅដណ្តើម​ការងារនៅ​ក្រៅស្រុក​បានទេ។

សំណួរ គុណភាពអប់រំ​មានសារៈ​សំខាន់យ៉ាង​ដូចម្តេច​ក្នុងចូលរួម​ការអភិវឌ្ឈន៍​សេដ្ឋកិច្ច​របស់​ប្រទេស?
ចម្លើយ កន្លងមក​ស្រុកយើង​ផ្តោតលើ​ការអភិវឌ្ឈន៍​សេដ្ឋកិច្ច ក្នុងវិស័យ​៤ប៉ុណ្ណោះ គឺវិស័យ​កសិកម្ម ទេសចរណ៍ វាយណភ័ណ្ឌ (កាត់ដេរ) និងវិស័យ​សំណង់ ដែលការងារ​ទាំងនោះ​ទាមទារនូវ​កំលាំងពលកម្ម​ជំនាញទាប ប៉ុន្តែ​ឥទ្បូវនេះ យើងបានធ្វើ​ពិធនកម្ម​សេដ្ឋកិច្ច (ធ្វើឲ្យ​មានភាព​កាន់តែ​សប្បូរបែប) ដោយបង្កើត​​ឲ្យមាន​រោងចក្រ​អេទ្បិកត្រូនិក រោងចក្រ​ផលិតហាដឌីស​កុំព្យូទ័រ កម្មមន្ត​សាល ឬវិស័យក​សិឧស្សាហកម្ម​នានា ដែលទាមទារ​នូវអ្នកជំនាញ​ខ្ពស់។ មានអ្នក​វិនិយោគ​បរទេស​ចង់មក​វិនិយោគ​នៅកម្ពុជា​ច្រើន ដោយសារ​ទិដ្ឋភាពច្បាប់​យើងល្អផង ដោយសារ​ប្រាក់ខែ​ទាបផង តែយើងខ្វះ​ធនធាន​មនុស្សជំនាញ​ដើម្បីផ្តល់​ឲ្យគេ។ អញ្ចឹងដើម្បី​ទាញវិនិយោគិន​ចូលមក យើងត្រូវតែ​មានធនធាន​មនុស្សដែល​មានជំនាញ​ខ្ពស់ ដែលទាមទារ​ឲ្យយើងបណ្តុះ​បណ្តាល​វិស្វករ កម្មករ​ជំនាញឲ្យ​បានច្រើន។ អញ្ចឹងយើង​ត្រូវពិនិត្យ​មើលសាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទ្បើងវិញ ដែលសាលា​ទាំងនោះ​ស្ថិតនៅ​ក្រោម​ក្រសួង​​ការងារ និងបណ្តុះ​​បណ្តាល​​វិជ្ជាជីវៈ​​នាពេល​នេះ។

សំណួរ តើការចូល​​អាស៊ាន​របស់​កម្ពុជា​ធ្វើឲ្យ​យើង​ចំណេញ​​ឬខាត?
ចម្លើយ តាមពិត​​យើងឃើញ​​កម្ពុជាមាន​​កំណើន​​សេដ្ឋកិច្ចលឿន គឺដោយសារ​សេដ្ឋកិច្ច​របស់យើង​បើកចំហ ហើយយើង​មិនត្រឹមតែ​ចូលក្នុង​អាស៊ានទេ​នោះទេ តែយើង​បានចូល​ជាសមាជិក​អង្គការពាណិជ្ជកម្ម​ពិភពលោក និងធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយប្រទេស​ជិតខាងច្រើន ជាពិសេស​ជាមួយ​ប្រទេសជិត​ខាងច្រើន​រួចមកហើយ។ អញ្ចឹងការ​ចូលក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺយើង​ចំណេញ ទី១ គឺចំណេញ​សុខសន្តិភាព ស្ថេរភាព​នយោបាយ ទី២ កម្ពុជាអាច​ចូលរួមក្នុង​វិស័យការទូត ទី៣ ចំណេញ​សេដ្ឋកិច្ច ព្រោះយើង​មិនអាចនៅ​តែឯងទេ តែបើយើង​ចូលរួមជាមួយ​អាស៊ាន គឺយើង​ទទួលផល​សេដ្ឋកិច្ច និង​ទំនាក់ទំនង​បានប្រសើរ​ជាងមុន អាចចចា​ជាមួយគេបាន​ច្រើនជាងមុន និងទទួល​បានការ​លើកទឹក​ចិត្តពាណិជ្ជកម្ម​បានមួយ​ចំនួន និង​ទី៤ យើងអាច​នាំចេញទៅ​កាន់បណ្តា​ប្រទេស​អាស៊ានបាន​ច្រើន ដូចជា​ជាមួយ​ប្រទេសថៃ វៀតណាម សឹង្ហបុរី​ជាដើម។ បើយើងមិន​មែនជា​សមាជិក​អាស៊ានទេ យើងមិន​អាចទទួល​បានការលើក​ទឹកចិត្ត និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយថៃ វៀតណា​​​​ម​បានទេ។ ថៃ វៀតណាម​ជាដៃគូសេដ្ឋកិច្ច​ធំរបស់យើង ជាមួយ​ប្រទេសចិន​ក៏ជាទីផ្សារ​ធំរបស់​យើងដែរ។

សំណួរ តើទិដ្ឋភាពច្បាប់ឬប្រព័ន្ឋច្បាប់ពាណិជ្ជកម្មក្នុងតំបន់មានលក្ខណៈដូចម្តេចដែរ?
ចម្លើយ នៅក្នុងបណ្តា​ប្រទេសអា​ស៊ាន​ ប្រព័ន្ឋច្បាប់​មិនដូចគ្នាទេ អញ្ចឹង​ប្រទេស​និមួយៗ​រក្សានូវ​អធិបតេយ្យភាព ជាពិសេស​បញ្ហាច្បាប់ តែប្រទេស​ថៃ មានប្រព័ន្ឋ​ច្បាប់ដូច​នៅកម្ពុជា​ដែរ ដោយសារ​យើងមាន​ប្រព័ន្ឋច្បាប់​យើងជាប្រព័ន្ឋ​ច្បាប់ស៊ីវិល និង​សឹង្កបុរី ប្រទេស​ម៉ាទ្បេស៊ី មានប្រព័ន្ឋ​ច្បាប់តាម​បែប​អង់គ្លេស។

សំណួរ តើកម្ពុជា​នឹងបាត់​ចំណូលពី​ការលើកលែង​ពន្ឋនៃការ​ធ្វើពាណិជ្ជកម្ម​សេរីដែរ​ឬទេ ពេលកម្ពុជា​ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច?
ចម្លើយ តាមពិត​យើងបាន​ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​រួចហើយ យើងបាន​កាត់បន្ថយ​ពន្ឋរហូត​ដល់សូន្យ។ កាលពីមុន​បាត់ចំណូល​តែឥទ្បូវ​មិនបាត់ទេ ដូចជា​ពេលថ្មីៗនេះ រាជរដ្ឋាភិបាល​បានអនុម័ត​គោល​នយោបាយ គៀងគរ​ចំណូល រយៈពេល​មធ្យម ដែលនៅ​ឆ្នាំ២០១៤​នេះចំណូល​របស់យើង​បានកើន​ទ្បើង១៥.២​ភាគរយនៃ​ផលិតផល​ជាតិសរុប និងត្រូវ​ដំទ្បើងដល់​១៧.៣ភាគរយ​នៅឆ្នាំ​២០១៨។ អញ្ចឹង​ចំណូលយើង​កើនទ្បើងនេះ​ហើយ ទើបយើង​មានប្រាក់​គ្រប់គ្រាន់​សម្រាប់​ដំទ្បើងប្រាក់​ខែឲ្យ​ម​ន្រ្តីរាជការ។

សំណួរ អំពើពុក​រលួយជា​បញ្ហាប្រឈម​ខ្លាំងឬទេ​ក្នុងការទាក់​ទាញវិនិយោគិន​បរទេស?
ចម្លើយ ខ្ញុំមិន​និយាយ​តែពីអប់រំ មិននិយាត​ពីវិស័យ​ផ្សេងៗទេ។ បើវិស័យអប់រំ​មានបញ្ហា​ពុករលួយ​ក្នុងពេល​ប្រលង យើងមិនអាច​ជំរុញសិស្ស​ឲ្យខំរៀន ហើយយើង​មិនអាច​មានជំនាញ មានធនធាន​មនុស្សសម្រាប់​អភិវឌ្ឈន៍​ប្រទេស​នោះទេ អញ្ចឹងវិស័យ​អប់រំយើង​ត្រូវតែធ្វើ (កែទម្រង់)​ហើយ។ បើមិនកែ​ទំរង់អញ្ចឹង​ សិស្សានុសិស្ស​មិនខំរៀនទេ បើទោះជា​យើងចំណាយ​ច្រើនដើម្បី​បណ្តុះបណ្តាល​គ្រូ ដើម្បីបោះពុម្ព​សៀវភៅរាប់​លានដុល្លារ ប៉ុន្តែមិន​បានទទួល​លទ្ឋផល​ល្អទេ ដោយសារ​តែសិស្សមិន​ខិតខំរៀន។

សំណួរ ពេលលោក​មកកាន់រដ្ឋ​មន្រ្តីអប់រំ​តំបូង តើលោកមាន​បំណងធ្វើការងារ​អ្វីមុនគេ​ក្នុងវិស័យនេះ?
ចម្លើយ ពេលមកកាន់ក្រសួងនេះតំបូង ខ្ញុំបាន​ជួបប្រជុំ​ជាមួយថ្នាក់​ដឹកនាំ​ក្រសួង ជាអនុរដ្ឋ​លេខាធិការ និង​ថ្នាក់រដ្ឋ​លេខាធិការ ហើយបាន​រកឃើញពី​បញ្ហាប្រឈម​របស់វិស័យនេះ បន្ទាប់ពីនោះ​ ខ្ញុំបាន​ផ្តោតសំខាន់​លើកំណែ​ទម្រង់​វិស័យអប់រំ ដើម្បីពង្រឹង​គុណភាព​អប់រំនៅ​កម្ពុជា ដូចជា​ទី១ កំណែ​ទម្រង់លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ទី២ ការគ្រប់គ្រង​បុគ្គលិក ទី៣ ពង្រឹងគុណភាព​អប់រំ ទី៤ កំណែទម្រង់​ការប្រលង ទី៥ កំំណែទំរង់​ឧត្តមសិក្សា ទី៦ ការផ្តល់ជំនាញ​ឲ្យយុវជន​នូវជំនាញរ៉ឹង​និងជំនាញ​ទន់ ទី៧ កំណែទំរង់​នូវវិស័យ​អប់រំកាយ និងកីទ្បា និងទី៨ ការបង្កើត​ធនាគារខួរក្បាល​សម្រាប់វិស័យ​អប់រំ និងការ​ស្រាវជ្រាវ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative