និស្សិត​ជាង​៤០០​នាក់​ ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្មគ្រ័​ចិត្ត ដើម្បី​ជួយ​ដល់​ជនរង​គ្រោះ

មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម សហការ​ជាមួយ​សកលវិទ្យា​ល័យអន្តរជាតិ ដោយមានការ​ចូលរួម​ឧបត្ថម្ភពី​ក្រុមហ៊ុន​ទឹកពិសា វីតាល់ កាលពីថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០១៤ បានប្រារព្វ​កម្មវិធី​បរិច្ចាគ​ឈាមដោយ​ស្មគ្រ័ចិត្ត​ក្រោមប្រធាន​បទ «ឈាមគឺ​ជាមាស​ពណ៌ក្រហម​ដែលអាច​ជួយសង្គ្រោះ​ជីវិតមនុស្ស» ក្រោមអធិបតី​ភាព លោក ទេព ណាវុធ សកលវិទ្យា​ធិការរង​សកលវិទ្យាល័យ​អន្តរជាតិ លោក កេតុ វណ្ណសិទ្ធិ ប្រធានស្តីទី​នៃមជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម ព្រមទាំង​មានការ​ចូលរួមពី​និសិ្សត​ជាង៤០០​នាក់ផងដែរ។

រូបភាព សហការី

រូបភាព សហការី

នេះមិនមែន​ជាលើកទី​មួយទេដែល​សកលវិទ្យាល័យ​អន្តរជាតិបាន​អនុញ្ញាតឲ្យ​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាមចុះ​ប្រមូល​អំណោយ​ឈាមសប្បុរស​របស់​សិស្ស​និសិ្សត ​ប៉ុន្តែអ្វី​ដែលគួរ​ឲ្យកត់​សម្គាល់នោះ គឺកម្មវិធី​បរិច្ចាគឈាម​លើកនេះ គឺមានអ្នក​ចូលរួមច្រើន​ជាងមុន រីឯអ្នក​ស្មគ្រ័ចិត្ត​ផ្តល់ឈាមវិញ ក៏មាន​ចំនួន​កើនឡើង​ផងដែរ។

នៅក្នុងឱកាសនោះលោក ទេព ណាវុធ សកលវិទ្យាធិការរង​នៃសកលវិទ្យា​ល័យអន្តរជាតិ​បានសម្តែង​នូវការស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះមជ្ឈ​មណ្ឌលជាតិ​ផ្តល់ឈាម ក៏ដូចជា​ក្រុមហ៊ុន វីតាល់​ដែលបាន​ចូលរួម​ចំនែក ក្នុងការរៀបចំ​កម្មវិធី​សប្បុរសនេះ​ឡើងក្នុង​បរិវេណ​សកលវិទ្យាល័យ​អន្តរជាតិ។ កម្មវិធីនេះ មិនត្រឹមតែ​ផ្តល់ឱកាស​ដល់និស្សិត​គ្រប់រូបបាន​ចូលរួមក្នុង​សកម្មភាព​សង្គមប៉ុណ្ណោះ​ទេ គឺព្រមទាំង​ផ្តល់ឲ្យ​ពួកគេនូវ​ចំនេះដឹង និងអត្ថ​ប្រយោជន៍​នៃការផ្តល់​ឈាមដោយ​សុវត្ថិភាព​ទៀតផង។ លោកសកលវិទ្យា​ធិការរង​រូបនោះបាន​មានប្រសាសន៍​បន្ថែមថា លោក នឹងបន្តគាំទ្រ​ដល់កម្មវិធី​បរិច្ចាគ​ឈាម​ដោយស្មគ្រ័​ចិត្តនេះ ឲ្យមានកាន់​តែច្រើនជា​បន្តបន្ទាប់​ទៀ​តនៅ​ថ្ងៃអនាគត។

រូបភាព សហការី

រូបភាព សហការី

លោក កេតុ វណ្ណសិទ្ធិ ក៏សូមធ្វើការ​ថ្លែងអំណរ​គុណដល់​ក្រុមហ៊ុន វីតាល់ និង​សកលវិទ្យាល័យ​អន្តរជាតិ ដែលបាន​សហការណ៍​ជាមួយមជ្ឈ​មណ្ឌល ដើម្បី​ប្រារព្ធ​កម្មវិធី​បរិច្ចាគឈាម​នេះឡើង ។ លោកបាន​បញ្ជាក់ថា ឈាមដែល​ទទួលបាន​ពីអ្នកបរិច្ចាគ​គឺជាឈាម​ដែលមាន​សុវត្ថិភាព​បំផុតសម្រាប់​ប្រើ​ប្រាស់ក្នុង​ការ​​ជួយជីវិត​ប្រជាពលរដ្ឋ។ មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម​ក៏សូមអំពាវ​នាវដល់​ប្រជាពលរដ្ឋ​ទាំងអស់ អញ្ជើញមក​ផ្តល់ឈាម​ឲ្យបានច្រើន​បន្ថែមទៀត ដែលការផ្តល់​ឈាមអាច​ប្រព្រឹត្តទៅ​ជាមួយនឹង​ក្រុមការងារ​ចល័ត ឬក៏នៅ​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម​ផ្ទាល់តែម្តង ដែលមាន​ទីស្នាក់ការ​នៅមន្ទីពេទ្យ​ព្រះអង្គឌួង។

លោក ជុងហៀង ថាវសិទ្ធ នាយកផ្នែក​ទីផ្សារ​នៃក្រុមហ៊ុន​វីអិនស៊ី​ខបភើរេសិន វីតាល់ បានមាន​ប្រសាសន៍ថា វីតាល់ បានសហការ​និង ឧបត្ថម្ភ​ដល់មជ្ឈ​មណ្ឌល​ជាតិផ្តល់ឈាម​ជាច្រើនឆ្នាំ​មកហើយ ព្រោះវីតាល់​គឺជាក្រុមហ៊ុន ដែលឲ្យតម្លៃ​លើអំពើ​សប្បុរសធម៌ ជាពិសេស​ការបរិច្ចាគ​ឈាម ព្រោះមកទល់​នឹងសម័យនេះ បើទោះជា​វេជ្ជសាស្ត្រមាន​ការ​រីកចម្រើន​ខ្លាំងយ៉ាងណា​ក៏ដោយ ក៏យើងមិន​អាចផលិត​គ្រាប់ឈាម​ដើម្បីប្រើប្រាស់​នៅឡើយ ដូច្នេះហើយ​មានមនុស្ស​ច្រើននាក់ បាននឹង​កំពុងរង់ចាំ​អំណោយឈាម​របស់យើង៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative