លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ប្រកាស​ដាក់ឲ្យ​ដំណើរការ​គម្រោង​អាស័យដ្ឋាន​សេវា​សុខភាព​កម្ពុជា

ក្នុងគោលដៅ​បង្កើន​ចំណេះដឹង​ផ្នែកសុខភាព និងចែក​ព៌តមាន​ផ្នែកសុខភាពទូទៅ ដល់អ្នក​ធ្វើការងារ​ទាក់ទងនឹង​វិស័យវេជ្ជសាស្រ្ត​នៅកម្ពុជា លោក​វេជ្ជ​បណ្ឌិត លី ចេងហ៊ុយ បានបង្កើត​គំរោង​អាស័យដ្ឋានសេវាសុខភាពកម្ពុជា។

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ និងសហការី

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ និងសហការី

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ស្ថាបនិក​និងជា​អគ្គនាយក​ទស្សនាវដ្តី​សុខភាពយើង និងគេហទំព័រ​សុខភាពកម្ពុជា បានមាន​ប្រសាសន៍​ក្នុងសន្និសីទ​សារព៌តមាន​ តាមរយៈ​គំរោងអាស័យដ្ឋានសេវា​សុខភាព​កម្ពុជា ដោយភ្ជាប់​ជាមួយ​គេហទំព័រ​សុខភាពកម្ពុជា (www.healthcambodia.com) នៅព្រឹកថ្ងៃ​ទី២៧ តុលា​នេះថា សព្វថ្ងៃនេះ​គេហទំព័រ​សុខភាពកម្ពុជា និងទស្សនាវដ្តី​សុខភាពយើង កំពុងឈាន​មុខគេនៅ​កម្ពុជា ក្នុងការផ្តល់​ព៌តមាន​ទាក់ទងនឹង​ហេតុការណ៍ និង​ចំណេះដឹង​អំពីសុខភាព និងវេជ្ជសាស្រ្ត។ មនុស្សគោលដៅ​របស់យើង គឺសាធារណៈ​ជនទូទៅ និងអ្នកមាន​វិជ្ជាជីវៈខាង​សុខភាព។

លោកបន្តថា គិតត្រឹម​ត្រីមាសទី៤​ឆ្នាំនេះ ក្រុមការងារ​គេហទំព័រ​សុខភាព​កម្ពុជា បានបង្ហោះ​អត្ថបទ​ប្រមាណ​៣០០០ ដែលអាច​អានបាន​ដោយសេរី និងមិន​បង់ប្រាក់។ សព្វថ្ងៃ មានបង្ហោះ​អត្ថបទពី​៣ទៅ៥​អត្ថបទ​សុខភាព​ថ្មីៗរាល់ថ្ងៃ និងមានអ្នក​ចូលអានចាប់​ពី៥០០០​ដល់១០០០០​នាក់។

លោក​បន្តថា “យើងបង្កើត​វេបសាយនេះ​មិនមែនចង់​បានតែ​ប្រាក់ទេ ព្រោះយើង​ចង់លើកស្ទួយ​សុខភាព​ប្រជាជនខ្មែរ និងមិន​បំផ្លាញ​សុខភាព​ប្រជាជន​នោះទេ ហើយគេហ​ទំព័រនេះ​មិនផ្សព្វផ្សាយ​ផលិតផល​ណា ដែលមាន​ផលប៉ះពាល់​ដល់សុខភាព​ប្រជាជន​នោះទេ”។ លោកបន្ត​ថា “នៅប្រទេស​ជឿន​លឿន សង្គម​ស៊ីវិល័យ គឺប្រជាជន​គេមាន​សុខភាពល្អ និងគេ​គិតគូពី​បញ្ហាសុខភាព​របស់ពួកគេ ព្រោះថា​​ទោះជាមាន​ប្រាក់ច្រើន តែមិនមាន​សុខភាពល្អ ក៏មិនអាច​កសាងសង្គមបានរីក​ចំរើន​នោះទេ”។

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ បានបន្តថា បច្ចុប្បន្ននេះ​យើងបាន​និងកំពុង ធ្វើការងារ​លើផ្នែក​ស្រាវជ្រាវ និងផ្តល់​ព៌តមានពី​ស្ថានភាពវេជ្ជសាស្រ្ត ពី​អាស័យដ្ឋាន​មន្ទីរពេទ្យ គ្លីនិក អាស័យដ្ឋាន លេខទូរស័ព្ទ និង​ឈ្មោះគ្រូពេទ្យ​ដែលមាន​ឯកទេសអ្វី មានប្រវត្តិ​សិក្សាយ៉ាង​ដូចម្តេចនៅ​ទូទាំងប្រទេស ដើម្បី​ដាក់​ចូលក្នុង​គេហទំព័រ​សុ​ខភាពកម្ពុជា ឬ www.healthcambodia.com ដើម្បី​ឲ្យសារធារណៈជន​អាចទំនក់ទំនង​ជាមួយពួកគេ​ផ្ទាល់ ដោយគ្រាន់​តែចុចលើ​ចំណុចដាក់​ឈ្មោះថា Search ហើយ​ចាប់ផ្តើម​វាយឈ្មោះ​មន្ទីរពេទ្យ ឬគ្រូពេទ្យ​ណាមួយ ពួកគេនឹង​ទទួបានព៌តមាន​ពិស្តារពី​មន្ទីរពេទ្យ គ្លីនិក​ឬប្រវត្តិ លេខ​ទូរស័ព្ទ និង​អាស័យដ្ឋាន​របស់គ្រូពេទ្យ​នោះមិនខាន។

គំរោង​អាស័យដ្ឋាន​សេវាសុខភាព​កម្ពុជា បានលេចចេញ​ជារូបរាង​ដើម្បីបំរើ​ប្រជាពលរដ្ឋ និងសង្គម​ខ្មែរហើយ​តាំងពីបង្ហោះ​សាកល្បង​លើកតំបូង​កាលពីថ្ងៃ​ទី៣ កញ្ញា​កន្លង​មកនេះ យើងទទួល​បានការ​គាំទ្រយ៉ាង​ខ្លាំងទើប​គំរោងនេះ​សំរេចចិត្ត​ដាក់សម្ភោធ​ ឲ្យដំណើរ​ការនៅថ្ងៃ​ទី២៧ តុលានេះ។ តាមរយៈការងារ​សារព៌តមាន​សុខភាពទាំងនេះ លោកនិង​សហការី​បានទទួលការ​គាំទ្រជា​ច្រើន ព្រមទាំង​មានការចោទ​សួរសំណួរ​ជាច្រើន​អំពីសុខភាព សម្រស់ ផ្លូវភេទ សង្គម ជាដើម ជាពិសេស​ទាក់ទងនឹង​សេវាកម្ម​សុខាភិបាល​នៅក្នុង​និងក្រៅ​ស្រុក​ផងដែរ។

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ បានបន្តថា នេះជា​ចំនែកមួយ​ដែលលោក​ចូលរួម​សហការ​ជាមួយ​ក្រសួង​សុខាភិបាល និងចូលរួម​លើកកំពស់​សុខភាព​ប្រ
ជាជន​កម្ពុជា និងអាច​ផ្តល់ព៌តមាន​ដល់ប្រជាពលរដ្ឋ​ឲ្យមានការ​យល់ដឹង​ពីវិធីការពារ​សុខភាព​ផងដែរ។ លោកបានបន្តថា បច្ចុប្បន្ន​យើងបាន​និងកំពុង​ធ្វើយ៉ាង​ណា​​បញ្រ្ជាបព៌តមាន​សុខភាពនេះ​ដល់ប្រជាពលរដ្ឋ ចង់ឲ្យ​ប្រជាពលរដ្ឋ​ចេះអានច្រើន ដោយយើង​បាន និងកំពុង​បង្ហោះព៌តមាន​របស់យើង តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម តាមក្រុម​ការងារចែក​ផ្សាយទស្សនាវដ្តី​សុខភាពយើង លើ២៥​ខេត្ត ក្រុង តាមរយៈ​ទូរទស្សន៍ ទស្សនាវដ្តី វិទ្យុ កាសែត តាមមន្ទីរពេទ្យ គ្លីនិកជាដើម។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative