ជំងឺមហារីកថ្លើមនៅកម្ពុជាឈរលំដាប់ថ្នាក់លេខ១ នៅ១០ឆ្នាំទៀត

លោកវេជ្ជបណ្ឌិត សុខ សុធា ឯកទេស​ជំងឺ​មហារីក និង​គ្រាប់ឈាម​​នៅមន្ទីរ​កាល់​មែត្រ​បាន​ប្រាប់​វេបសាយ​​សុខភាពកម្ពុជា ​ឲ្យដឹងថា​​១០ឆ្នាំទៀត​​ជំងឺមហា​រីក​ថ្លើម នឹងឈរ​​លំដាប់ទី១​​នៅក្នុង​​ប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត សុខ សុធា

លោកវេជ្ជបណ្ឌិត សុខ សុធា

លោកបាន​​បន្តថា​​បច្ចុប្បន្ននេះ​ បើទោះបី​​ជាមិនទាន់​មាន​របាយការណ៍​​បញ្ជាក់ពី​​ចំនួនអ្នក​​ជំងឺមហារីក​​យ៉ាងណាក៏​​ដោយ ក៏​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ នៅក្នុង​​ឆ្នាំ២០១៣ បានបង្ហាញ​​ថាមានអ្នក​​ជំងឺចំនួន​​២៩៨នាក់​ មានជំងឺ​​មហារីក ​ហើយជំងឺ​​មហារីកថ្លើម​​ឈរក្នុង​​ចំណាត់ថ្នាក់​​ទី៦។ ជំងឺ​មហា​រីក​​ដែលឈរ​លេខ១ គឺជំងឺមហារីក​មាត់ស្បូន បន្ទាប់មក​មហារីកសុដន។ ចំពោះបុរសវិញ​ជំងឺមហារីក​ច្រមុះបំពង់ក ជាប់លេខ១​ដោយសារ​បុរស​ចូលចិត្ត​បរិភោគស្រា និងជក់បារី។

លោកបាន​បន្ថែមថា​ប៉ុន្តែគេ​សង្កេតឃើញ​ថាក៏មានស្រ្តី​កម្ពុជាមួយ​ចំនួនចូលចិត្ត​បរិភោគស្រា​ដូចបុរស​ផងដែរ។ លោកអាច​សន្និដ្ឋានថា «នៅអំឡុង​១០ឆ្នាំ​ទៀត ជំងឺមហារីក​ថ្លើមអាច​ដណ្តើមយក​ពាន់ឈរ​លំដាប់លេខ​១វិញ»។

យោងតាម​របាយការណ៍​របស់អង្គការ​សុខភាព​ពិភពលោក​បានឲ្យ​ដឹងថា ប្រទេសកម្ពុជា​ជាប់ចំណាត់​ថ្នាកទី៩​នៅលើពិភព​លោកដែល​មានកើត​ជំងឺមហារីក​ថ្លើម ហើយការកើត​ឡើងជំងឺនេះ គឺបណ្តាល​មកពីជំងឺ​ថ្លើមប្រភេទ​បេ។ សំរាប់ប្រទេស​​កំពុងអភិវឌ្ឍន៍​ដូចជា​កម្ពុជាអាច​នឹងត្រូវ​ទទួលបន្ទុក​ថែមទៀត​ជាមួយនឹង​ករណីជំងឺ​មហារីក ។ របាយការណ៍​នោះ ក៏បាន​ប​ញ្ជក់ថា នៅទូទាំង​ពិភពលោក​មានករណី​ស្លាប់ដោយសារ​ជំងឺមហារីក​ចំនួន​៧៤៦.០០០​ករណី​នៅជុំវិញ​ពិភពលោក​នាឆ្នាំ២០១២។

លោកវេជ្ជបណ្ឌិត សុខ សុធា បានឲ្យ​ដឹងថា”មូលហេតុ និង​កត្តា​គ្រោះថ្នាក់​នៃជំងឺ​មហារីកថ្លើម គឺបណ្តាល​មកពីជំងឺ​ថ្លើមប្រភេទB និងC​រាំរៃ ការប្រើប្រាស់​គ្រឿងស្រវឹង និងការទទួល​ទាននូវ​គ្រាប់​ធញ្ញជាតិ ក៏ដូចជា​អាហារដែល​មានឆ្លង​មេរោគផ្សិត ដូចជាសណ្តែក​ដីក្រៀម ម្ទេស​ក្រៀម និងខ្ទឹម។

លោកបាន​បន្តថា​ជំងឺមហារីក​ថ្លើមជាទូទៅ​មិនបង្ហាញ​រោគសញ្ញា​អ្វីទាំងអស់​នៅដំណាក់​កាលដំបូង។ ទោះជាយ៉ាងណា​ក៏ដោយដំពក​មហារីក​រីកធំ ឬរាល​ដាលទៅ​ផ្នែកផ្សេងៗ អ្នកជំងឺ​មានរោគ​សញ្ញផ្សេងៗ ដូចជា​បាត់បងចំណង​ញ៉ាំអាហារ ចង់ក្អួត និងក្អួត ឈឺក្រពះ ហើមពោះ ឈឺចាប់ក្នុង​ពោះផ្នែក​ខាងលើ រោគសញ្ញា​ជំងឺខាន់​លឿងដែល​ស្បែកនិង​ភ្នែកមាន​ពណ៌លឿង ទឹកនោម​មានពណ៌លឿង ខ្សោយ នឿយហត់ និងស្រក​ទំងន់។

អ្នកជំងឺ​ភាគច្រើន​ត្រូវបានរក​ឃើញថា​មានជំងឺ​មហារីកថ្លើម​នៅពេលពួក​គាត់ស្ថិត​នៅក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ គឺជាពេល​វេលាមួយ​ដែលសូម្បី​តែការវះកាត់​និងប្រើ​ឱសថ​ក៏មិនអាច​ព្យាបាល​បាន” ។

ការសិក្សា​នៅអ៊ឺរ៉ុបនិង សហរដ្ឋ​អាមេរិច​បានរក​ឃើញថា ណិចហ្សាវ៉ា​អាចពន្យាអាយុ​ជីវិតរបស់​អ្នកជំងឺមហារីក​ថ្លើមបានរហូត​ដល់ទៅ៤៤% ខណៈពេល​ដែលអ្នកជំងឺ​ដែលមិនបាន​ទទួលការ​ព្យាបាល​ដោយឱសថ​នេះអាចរស់​រានត្រឹម​តែ៧,៩ខែ ហើយអ្នក​ដែលទទួល​ការព្យាបាល​អាចរស់បាន​រហូតដល់​១០,៧ខែ។ នៅតំបន់​អាស៊ី ការព្យាបាលនេះ​ត្រូវបានគេរក​ឃើញថាអាច​ជួយពន្យា​អាយុជិវិត​អ្នកជំងឺ​រហូតដល់​ទៅ៤៧%។ អ្នកដែល​មិនបានទទួល​ការព្យាបាល​អាចរស់​បាន​៤,២ខែ នៅពេលដែល​ទទួលការ​ព្យាបាលអាច​រស់បាន​រហូតដល់​៦,៥ខែ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative