កម្ពុជា​រៀបចំ​ការប្រឡង​ធ្វើតេស្ត ភាសា​កូរ៉េ​លើកទី​១១ ផ្តល់​ឱកាស​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ

ការប្រឡង​ធ្វើតេស្ត ដើម្បី​ទទួលបាន​ឱកាស ទៅធ្វើ​ការងារ នៅប្រទេស​កូរ៉េ​ខាងត្បូង បានចាប់ផ្តើម​ហើយកាល​ពីព្រឹកថ្ងៃ​ទី២៥ ខែតុលា​នេះ នៅតាម​មណ្ឌល​ប្រឡង នៅក្នុងរាជ​ធានីភ្នំពេញ តាកែវ កំពង់ស្ពឺ និងខេត្ត​កំពង់ឆ្នាំង ដោយមាន​បេក្ខជនចូល​រួមប្រលង​ជាង ៥ម៉ឺន​នាក់ ។ប៉ុន្តែភាគី​កូរ៉េត្រូវ​ការតែ​បេក្ខជន​៤ពាន់នាក់​ប៉ុណ្ណោះ។

រូបភាព សហការី

រូបភាព សហការី

លោក ពេជ សោភ័ន រដ្ឋលេខាធិការ​ក្រសួងការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជាប្រធាន​គណៈកម្មាធិការ​បណ្ដុះបណ្ដាល និងបញ្ជូន​ពលករ​ទៅបរទេស បានមាន​ប្រសាសន៍​នៅឯមណ្ឌល​ប្រលង​វិទ្យាល័យ​សាមគ្គី​ជាស៊ីមឲ្យ​ដឹងថាការ​ប្រលងធ្វើ​តេស្តភាសា​កូរ៉េលើកនេះ​គឺជាការ​ប្រលងលើក​ទី១១ ហើយការ​ប្រឡង ឆ្នាំនេះ មានលក្ខណៈ​តឹងរឹង ជាងមុន ដោយសារតែ​វិញ្ញាសារ និងការ​រៀបចំ ត្រូវបាន​ធ្វើឡើង ដោយផ្ទាល់​ពីសំណាក់​មន្រ្តីក្រសួង​ការងារ នៃសាធារណ​រដ្ឋកូរ៉េ ។ លោកបាន​បន្តថា ការប្រឡង​មានការស្កេន​មេដៃ របស់​បេក្ខជន ដែលមិន​អាចមាន​អ្នកបន្លំ ឬ អ្នកមក​ប្រឡងជំនួស បេក្ខជន បាននោះ​ទេ ដែលមាន​ការចូលរួម​ត្រួតពិនិត្យ​ដោយ​អនុរក្ស​កូរ៉េ​ផងដែរ។

លោកបាន​បន្ថែមថា​តាំងពីចាប់​ផ្តើមធ្វើ​វិញ្ញាសារ​ប្រលង​រហូតដល់​ចែកជួន​បេក្ខជន​ប្រលងសុទ្ធ​តែភាគីកូរ៉េ​ចាត់ចែង​ទាំងអស់​ដោយវិញ្ញាសារ​ប្រលងដឹក​តាមយន្តហោះ​ពីកូរ៉េមក​ហើយមករក្សា​ទុកនៅស្ថាន​ទួតកូរ៉េ​បន្ទាប់មក​យកមកចែក​តាមមណ្ឌល​ប្រលងនីមួយៗ​ហើយក្នុង​ថ្នាក់នីមួយៗ​ភាគីកូរ៉េត្រួត​ពិនិត្យមើល​ផងដែរ​ដោយបេក្ខ​ជនមិនមាន​ឪកាសលួច​ចំលងទេ។ ប្រលងចប់​យកវិញ្ញាសារ​ទៅប្រទេស​កូរ៉េវិញ​ដើម្បីកែ​ហើយប្រកាស​លទ្ធផល​អេឡេច​ត្រូនិច​ទៀត។ ដូចនេះសូម​អំពាវនាវដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំចាញ់បោក​បញ្ឆោតគេ​ថាចំណាយ​ប៉ុណ្ណេះប៉ុណ្ណោះ​បានទៅនោះ​វាមិនមែន​ជារឿង​ពិតទេ។

លោក Park Chanseot អគ្គនាយក​ការិយាល័យ​កម្លាំង​ពលកម្ម​ក្រៅប្រទេស របស់​សាធារណរដ្ឋ​កូរ៉េ ដែលបាន​មករៀបចំ​ការប្រឡង​ធ្វើតេស្ត​ភាសាកូរ៉េ ដល់ពលករ​កម្ពុជា បានប្រាប់​អ្នកសារព័ត៌មាន មុនបើក​ការប្រឡង​នេះថា ប្រទេស​កូរ៉េឆ្នាំនេះ នឹងទទួល​យកកម្លាំង​ពលកម្ម ៤ពាន់​នាក់ ពីប្រទេស​កម្ពុជា ទៅតាម​តម្រូវការ​ការងារ ក៏ដូចជា​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស ក្នុងនោះ មានផ្នែក​កសិកម្ម សំណង់ ឧស្សាហកម្ម​ជាដើម ។

លោកថា នៅប្រទេសកូរ៉េ ការងារដែល​ផ្តល់ជូនដល់​ពលករខ្មែរ នឹងតម្រូវ​គិតតម្លៃ​ជាប្រាក់ម៉ោង ហើយពលករ​ម្នាក់ អាចនឹង​ទទួលបាន​ប្រាក់ខែ យ៉ាង​ហោច​​ណាស់ប្រហែល​១ពាន់​ដុល្លារ ក្នុងមួយខែ ព្រមទាំង​មានការ​ដំឡើង ជាបន្ត​បន្ទាប់ ទៅតាម​អតីតភាព​ការងារ និង​ស្នាដៃ​របស់ពួកគេ ។ រហូតមក​​ដល់​ពេលនេះ មានពលករ​ខ្មែរប្រមាណ ២,៧ម៉ឺន​នាក់ហើយ ដែលកំពុង​ធ្វើការ នៅក្នុង​ប្រទេសកូរ៉េ ខណៈដែល​ប្រាក់ឈ្នួល​របស់ពួកគេ ដូចទៅនឹង​កម្មករ ក្នុងប្រទេស​កូរ៉េដែរ មានការ​កើនឡើង រៀងរាល់ឆ្នាំ។ នេះបើតាម​លោក ហេង សួរ ប្រធាន​គណៈកម្មការ​បញ្ជូនពលករ​ទៅប្រទេស​កូរ៉េ ។

លោក ពេជ សោភ័ន បានបញ្ជាក់​ថា ពលករខ្មែរ​ទាំងនោះ បានបញ្ជូន​ប្រាក់មកកាន់​ក្រុមគ្រួសារ នៅក្នុង​ប្រទេស​កម្ពុជា ប្រមាណ​២០០លាន​ដុល្លារ ក្នុងមួយ​ឆ្នាំៗ ក្រៅពី​នោះ ពួកគេ​ក៏ទទួល​បានជំនាញ​ផ្សេងៗ មកបង្កើត​មុខរបរ ឬអាជីវកម្ម នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ បន្ទាប់​ពីបញ្ចប់ កិច្ចសន្យា​ការងារ ដែលធ្វើ​ឡើង​រៀងរាល់ ​៤ឆ្នាំម្តង ។

លោក ហេងសួរ បន្តថា​កូរ៉េបាន​ចុះអនុស្សារណៈ​ជាមួយចំនួន​១៥ក្នុង​នោះមាន​ប្រទេសកម្ពុជា​ក្នុងការបញ្ជួន​ពលករទៅ​ធ្វើការនៅ​ប្រទេស​កូរ៉េ។ប្រទេសទាំង​១៥នោះកូរ៉េ​យកចំនួន​តែ៥៣០០០​នាក់ទេ ហើយក្នុង​ចំណោមនោះ​កូតាដែល​ភាគីកូរ៉េ​យកជនជាតិ​បរទេសទៅ​ធ្វើការនៅ​ស្រុកគាត់​តែ៤ម៉ឺន​នាក់ទេ។ លោកបាន​បន្ថែមថា​ការប្រលង​លើកនេះ ភាគីកូរ៉េ​ជ្រើសរើស​តែ៤ពាន់​នាក់ទេ។ បេក្ខជន​ដែលប្រលង​ជាប់នោះ​មិនមាន​ន័យថាពួក​គេបានទៅ​ទាំងអស់គ្នា​នៅទេ គឺ​វាអាស្រ័យ​​លើខាងភាគី​កូរ៉េជា​អ្នកសំរេច​ថាតើត្រូវ​យកបេក្ខជន​ណាម្នាក់នោះ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative