​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ បង្រ្កាប​គ្រឿងញៀន​៥៩​លើក​ ឃាត់​ខ្លួន​ជន​សង្ស័យ​២៦២​នាក់ ក្នុងពេល៩ខែ

នៅក្នុង​រយៈពេល​៩ខែ ឆ្នាំ២០១៤ នេះ នគរបាល​ខេត្តបន្ទាយ​មានជ័យ បានចេញ​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើសគ្រឿង​ញៀនបាន​ចំនួន៥៩​លើក ក្នុងនោះ​ចាប់​ឃាត់​ខ្លួនជន​សង្ស័យ ចំនួន ២៦២ មានស្រី​២០នាក់ ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់ការិយាល័យ​នគរបាល​ប្រឆាំងគ្រឿង​ញៀននៃស្នង​ការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មានជ័យ បានឱ្យដឹង​កាលពីថ្ងៃ​ទី២៤ ខែតុលា​ថា៩ខែ​នេះដែរ សមត្ថកិច្ច​បានដក​ហូតវត្ថុ​តាង​គ្រឿងញៀន​មេតំហ្វេតាមីន WY សរុបចំនួន ១៣៥៣៩ គ្រាប់ គ្រឿងញៀន​មេតំហ្វេតាមីន​ទឹកកក សរុបចំនួន​១៩២​កូនថង់ ស្មើនិង​ទម្ងន់​៧១៩,៧ ក្រាម គ្រឿងញៀន​កេតតាមីន ចំនួន៥០០ដប, ប្រាក់ខ្មែរ​ចំនួន​១០ ម៉ឺនរៀល, ប្រាក់ដុល្លារ​អាមេរិច ២១៦​ដូល្លារ, រថយន្ត​៣គ្រឿង, ម៉ូតូ២១​គ្រឿង ទូរស័ព្ទដៃ​១០៨គ្រឿង ជញ្ជីងថ្លឹង​គ្រឿងញៀន​៣គ្រឿង និងឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ធំផងដែរ ។

ចំនួននេះ​​បើធៀបនឹង​៩ខែឆ្នាំ​២០១៣​កន្លងទៅ ឃើញថា​ករណីបទ​ល្មើស៩ខែ​ឆ្នាំ២០១៤​ថយចុះ​ចំនួន០៣លើក ប៉ុន្តែការ​ឃាត់ខ្លួន ជនសង្ស័យ​មានការកើន​ឡើង៨១​នាក់ និង​ថ្នាំញៀន មេតំហ្វេតា មីន WY កើន​ចំនួន​១១.៤៥២​គ្រាប់ និង​គ្រឿងញៀន​មេតំហ្វេតាមីន ទឹកកកកើន ចំនួន​១១១កូន ថង់ ទម្ងន់កើន​៣៣៧ក្រាម ។

តាមរបាយ​ការណ៍ខាងលើ​បានបង្ហាញថា ៩ខែ​ឆ្នាំ២០១៣ បង្រ្កាប​បទល្មើស គ្រឿងញៀន​បានចំនួន​៦២លើក ឃាត់ខ្លួន​ជនសង្ស័យ ១៨១នាក់ ក្នុងនោះ​ស្រី៣៣​នាក់ ដកហូតបាន​ថ្នាំញៀន​មេតំហ្វេតាមីន WY ២.០៨៧​គ្រាប់ គ្រឿងញៀន​មេតំហ្វេតាមីន​ទឹកកក​សរុបចំនួន ៨១កូនថង់​ស្មើនិងទម្ងន់​៣៨១,៧​ក្រាម ។

ជុំវិញនៃ​ការបង្រ្កាប​បទល្មើសគ្រឿង​ញៀនខាងលើ លោកវរសេ​នីយ៍ឯក ឆេន ឈួត ស្នងការរង​នគរបាលខេត្ត​បន្ទាយមានជ័យ និងជាប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស បានប្រាប់ឱ្យ​ដឹងថាការ​ចេញប្រតិបត្តិ​ការបង្រ្កាប​គ្រឿងញៀន​សម្រេចបាន​លទ្ធផល​នៅពេលនេះ​មានការដឹក​នាំកម្លាំង​បញ្ជា​ផ្ទាល់​ពីលោកឧត្តម​សេនីយ៍ត្រី អាត់ ខែម ស្នងការ​នគរបាល ខេត្តបន្ទាយ​មានជ័យ ក៏ដូចជា​មានការ​សម្របសម្រួល​ការងារនៅ​ពេលចុះ​បង្ក្រាបពី​ស្ថាប័ន អយ្យការនៃ​សាលា​ដំបូងខេត្ត។ ក្នុងនោះ​សមត្ថកិច្ចចេញ​អនុវត្ត​បង្រ្កាបដោយ​ប្រើប្រាស់​វិធានការជំនាញ​ក៏ដូចជា​មានការចូល​រួមសហការ​ពីប្រជាពលរដ្ឋ​ផ្តល់ព័ត៌មាន​មកសមត្ថកិច្ច ទើបសមត្ថកិច្ច​ឈានដល់​បង្រ្កាបជន​សង្ស័យគ្រឿង​ញៀនបាន​ជាបន្ត​បន្ទាប់ ។

លោកស្នង​ការរងបាន​ប្តេជ្ញាថា «នគរបាល​ខេត្តបន្ទាយ​មានជ័យ និងខិតខំ​ប្រឹងប្រែង​អនុវត្តការងារ​នេះបន្ថែម​ទៀតសំដៅ​ធ្វើយ៉ាងណា​ដើម្បីកាត់​បន្ថយ​ចរាចរណ៍​គ្រឿងញៀន​ក្នុងខេត្ត​បន្ទាយមាន​ជ័យឱ្យមាន​ប្រសិទ្ធិភាព​ក្នុងការចូល​រួមលើក​កំពស់អនុវត្ត​គោលនយោបាយ​ភូមិឃុំមាន​សុវត្ថិភាពឱ្យ​កាន់តែ​ប្រសើរ »។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative