រដ្ឋមន្រ្តី​អប់រំៈ សិស្ស​ប្រលង​បាក់ឌុប​លើក​ទី២​ជាប់​តិច​ជាង​លើក​ទី១

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន​និងកីទ្បា​បានបញ្ជាក់​ថា សិស្សចូលរួម​ប្រលង​លើកទី២ ជាប់តិច​ជាងសិស្ស​ប្រលង​លើកទី១ ខណៈការ​ប្រលង​លើកទី១​កន្លងមក មានសិស្ស​ប្រលង​ជាប់តែ​ជាង២៥​ភាគរយ​ប៉ុណ្ណោះ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីទ្បា

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីទ្បា

លោករដ្ឋមន្រ្តី​បានមាន​ប្រសាសន៍​ឲ្យដឹង នៅការិយាល័យ​របស់លោក​នៅព្រឹក​ថ្ងៃទី២៥ តុលានេះ​ថា សិស្សានុសិស្ស​ប្រលង​លើកទី២នេះ ជាប់តិចជាង​ប្រលង​លើកទី១ បើទោះជា​ពួកគេ​ទទួលបាន​ការបំប៉ន​រយៈពេល១ខែ​ហើយក៏ដោយ តែលទ្ឋផល​នៃការប្រលង​របស់ពួកគេ​មិនល្អ​នោះទេ ទោះជា​យ៉ាង​ណា​ លោកមិនទាន់​បញ្ជាក់​ឲ្យដឹង ពីលទ្ឋផល​លម្អិតជាក់លាក់​នៅទ្បើយទេ ដោយសារ​ដំណើរការ​កំណែមិនទាន់​បានបញ្ចប់​នៅទ្បើយ។

ការប្រលង​លើកទី២នេះ មានបេក្ខជន​រហូតដល់​ជាង​១០.០០០​នាក់ មិនបាន​មកចូលរួម​ប្រលង ដោយសារ​ពួកគេដឹង​ពីសមត្ថភាព​របស់ពួកគេ​មិនអាច​ប្រលងជាប់។

លោកបណ្ឌិត ហង់ជួន ណារ៉ុន ធ្លាប់បាន​មានប្រសាសន៍​ឲ្យដឹងកាល​ពីសម័យ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើកទី២ កន្លង​មកថា ដំនើរការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប​លើកទី២​នេះមានសភាព​ល្អប្រសើរ​ជាងលើក​ទី១ ដោយការ​យកប្រុយយ៉ុង​ចូលមណ្ឌល​ប្រលងមាន​កាន់តែតិច មានសណ្តាប់​ធ្នាប់មានភាព​ល្អប្រសើរ​ជាងមុន និង​មិនមាន​បាតុភាព​អ្វីកើតទ្បើង​ដូចលើក​ទី១នោះទេ។ លោក​បន្តថា ទោះជាយ៉ាង​ណាការ​ប្រលង​លើកទី២នេះ​មានបេក្ខជន​អវត្តមាន​ច្រើន គ្រាន់តែនៅ​រាជធានី​ភ្នំពេញ​ដែលមាន១៥​មណ្ឌលប្រលង​មានបេក្ខជន​អវត្តមាន​ចំនួនជិត​១០០០​នាក់ ក្នុងនោះ​បេក្ខជន​ស្វ័យរិនមាន ប្រមាណ​២០០នាក់ និងអ្នកអវត្តមានផ្សេងៗទៀតប្រហែលគាត់អស់សង្ឃឹម ហើយសំរេច​ចិត្្ត​​មិនមក​ចូលរួម​ប្រលង​តែម្តង។

ការប្រលង​ជាប់លើក​ទី១ ពិន្ទុដែល​ក្រសួង​សម្រេចឲ្យ​ជាប់គឺមាន​២៣៧ពិន្ទុ ក្នុងនោះ​អ្នកបាន​និទ្ទេសអា គឺពួកគាត់​ទទួលបាន​៤២៥ពិន្ទុះ​ក្នុងចំណោម​៧មុខវិជ្ជា ក្នុងពេល​ក្រសួងកំណត់​ពិន្ទុះខ្ពស់​បំផុតត្រឹម​៥០០ពិន្ទុះ។

ទាក់ទងនឹង​បេក្ខជន​ប្រលងធ្លាក់​លើកទី២នេះ តើក្រសួង​នឹងមាន​គោលនយោបាយ​បែបណា? លោករដ្ឋមន្រ្តី​ក្រសួងអប់រំ​បញ្ជាក់ថា “ក្រសួងមាន​បំណងឲ្យ​ពួកគេ​រៀន​បន្ត ដោយពួកគេ​អាចរៀននៅ​ផ្ទះ​ដោយខ្លួន​ឯង ហើយពេល​ប្រលងមក​ដល់ ពួកគេអាច​ដាក់ពាក្យ​ប្រលងក្នុង​នាមជា​បេក្ខជន​ស្វ័យរិន ឬពួកគេ​អាច​ចូលរៀន​នៅតាម​សាលាបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដែលមាន​ទំហំទីផ្សារ​ការងារធំ ប៉ុន្តែ​ប្រសិនជា​ពួកគេចង់​រៀនបរិញ្ញាបត្រ​រង ពួកគេអាច​សម្រេចចិត្ត​ដោយខ្លួនឯង​អាចរៀន​ដោយខ្លួនឯង​បាន តែពួកគាត់​ត្រូវតែ​សិក្សាពី​ជំនាញ​ដែលខ្លួន​ជ្រើសរើស និងសិក្សា​ពីទីផ្សារ​ការងា​រខ្លួនឯង ដើម្បីកុំឲ្យ​រៀនចប់មិន​អាចរក​ការងារ​ធ្វើបាន”។

ការប្រលង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិលើក​ទី២នេះ មានបេក្ខជន​ចូលរួមប្រលង​ប្រមាណ​៦​០.០០០នាក់ និងមាន​មណ្ឌល​ប្រលង​សរុបចំនួន​១១៧មណ្ឌល​នៅទូទាំង​ប្រទេស៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative