ការចរចា​ប្រាក់ឈ្នួលកម្មករ នឹងមាន​លទ្ធផលនៅ​ក្រោយ​បុណ្យ​អ៊ុំទូក

លោកស្រី ជូលី ជុង (Julie Chung) អនុប្រធាន​បេសកកម្ម​ការទូត របស់ស្ថាន​ទូតសហរដ្ឋ​អាមេរិក ប្រចាំនៅ​កម្ពុជា បានអះអាង​ថា «អាមេរិក​នឹងមិន​លូកដៃ ចូលនៅក្នុង​ការចរចា​ប្រាក់ឈ្នួល ដល់កម្មករ នៅកម្ពុជា​នោះទេ»។ ការចរចាប្រាក់ឈ្នួល ដល់កម្មករ កាត់ដេរកម្ពុជា នឹងមានលទ្ធផល នៅក្រោយបុណ្យអ៊ុំទូក ខាងមុខនេះ។

It Sam Heng and US Embassy 24 oct 2014លោកស្រី ជូលី ជុង បានមាន​ប្រសាសន៍​បែបនេះ​កាលពីរសៀល​ថ្ងៃទី២២ ខែតុលា ខណៈពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដែលនៅក្នុង​ជំនួបនោះ លោកស្រីមាន​បំណងចង់​ស្វែងយល់ពី​ដំណើរការ នៃការចរចា​ប្រាក់ឈ្នួល នៅក្នុង​ប្រទេស​កម្ពុជា ។

លោកស្រី ជូលី ជុង (Julie Chung) បានជំរាប​ជួនលោក​រដ្ឋមន្ត្រី​ថា «អាមេរិក គឺជាដៃ​គូ​ពាណិជ្ជកម្ម ដ៏ធំរបស់​កម្ពុជា ហើយអ្វី​ដែល អាមេរិក​ចង់ឃើញ ពេល​នេះ គឺកម្ពុជា​សន្តិភាព ស្ថេរភាព​នយោបាយ ប៉ុន្តែទោះ​ជាយ៉ាងណា សហរដ្ឋ​អាមេរិក មិនមាន​ជំហរអ្វី​មួយ ពាក់ព័ន្ធ​ទៅនឹងបញ្ហា​ប្រាក់ឈ្នួល​នៅកម្ពុជា នោះទេ ហើយសហរដ្ឋ​អាមេរិក បច្ចុប្បន្ន កំពុងតែ​ចរចា រឿងប្រាក់​ឈ្នួលនេះដែរ»។ ប៉ុន្តែយ៉ាងណា​ក៏ដោយ លោកស្រី​សង្ឃឹមថា «ការចរចា​ប្រាក់ឈ្នួល​របស់កម្មករ នៅឆ្នាំនេះ នឹងប្រព្រឹត្ត​ទៅ ដោយ​យុត្តិធម៌ និង​មិនមាន​បញ្ហា ដូចឆ្នាំ​មុននោះ​ទេ»។

ឆ្លើយតប​ទៅនឹង​តំណាងការ​ទូតសហរដ្ឋ​អាមេរិក លោក អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បានមាន​ប្រសាសន៍ថា ការចរចា​ប្រាក់ឈ្នួល នៅក្នុង​ឆ្នាំនេះ មានភាព​ប្រសើរ​ឡើងច្រើន ដោយសារតែ​ភាគី​សហជីព និង​និយោជក មានការ​បន្ទន់​ឥរិយាបទ​រៀងៗខ្លួន។ លោក​រដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​បន្តថា« ការចរចា​ប្រាក់ឈ្នួល ដល់កម្មករ កាត់ដេរ​កម្ពុជា នឹងមាន​លទ្ធផល នៅក្រោយ​បុណ្យអ៊ុំទូក​ខាងមុខនេះ» ។

គួរបញ្ជាក់ថា ដើម្បីឱ្យការ​ចរចាប្រាក់​ឈ្នួល កាន់តែ​ប្រសើរនោះ គណៈកម្មការ​ប្រឹក្សាការងារ បានបង្កើត​ក្រុមការងារ​ត្រីភាគី​មួយទៀត ដែលមាន​សមាស​ភាព​៩រូប មកពីខាង​សហជីព ៩រូបមក​ពីខាង​និយោជក (GMAC) និង៩រូប​មកពីខាង​រាជរដ្ឋាភិបាល ដើម្បីធ្វើ​ការចរចា រកចំណុច​ប្រហាក់​ប្រហែល​គ្នាមួយ ដើម្បីដាក់​ជូនដល់​គណៈកម្មការ​ប្រឹក្សាការងារ សម្រេចនៅ​ខែក្រោយ​ខាងមុខនេះ ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative