មន្ទីរពេទ្យ​​កាល់ម៉ែត​​មាន​ម៉ាស៊ីន​​ស្រាវជ្រាវ​​រក​មេរោគ​​ដែល​​​បណ្តាល​​ឲ្យកើត​​ជំងឺ​​មហារីក​​មាត់​​ស្បូន

ក្នុងគោលដៅ​ពង្រីក​សមត្ថភាព​នៃការ​ពិនិត្យ និង​ព្យាបាល​ឲ្យកាន់តែ​មាន​ប្រសិទ្ឋិភាព មន្ទីរពេទ្យ​កាល់ម៉ែត​បាននាំចូល​ម៉ាស៊ីន​ស្រាវជ្រាវ ដែលអាច​ពិនិត្យរក​មេរោគ​មហារីកមាត់​ស្បូនឈ្មោះ HPV ដើម្បីជួយ​ស្រ្តីពីហានិភ័យ​នៃការកើត​ជំងឺនេះបាន​ទាន់ពេលវេលា។

រូបភាព សហការី

រូបភាព សហការី

លោកសាស្រ្តាចារ្យ អ៊ាវ សុខា ប្រធានផ្នែក​ជំងឺមហារីក និង​ជំងឺឈាម​នៃមន្ទីរពេទ្យ​កាល់ម៉ែត​បានមាន​ប្រសាសន៍ ឲ្យគេហទំព័រ​សុខភាពកម្ពុជា​ដឹងតាម​ទូរស័ព្ទ នៅព្រឹកថ្ងៃ​ទី២៤ តុលា​កន្លងមក​ថា មន្ទីរពេទ្យ​បាននាំចូល​ម៉ាស៊ីនស្រាវជ្រាវ​រកមេរោគ ដែលបង្ក​ជំងឺមហារីក​មាត់ស្បូន និងបាន​ដាក់ឲ្យ​ដំណើរការ​ដោយរលូន​រយៈពេល១ឆ្នាំ​មកហើយ។ ម៉ាស៊ីននេះ​ជាម៉ាស៊ីន​ចុងក្រោយ និងមាន​ភាពទំនើប​ក្នុងពេល​ដែល​មន្ទីរពេទ្យ នៅប្រទេស​ជិតខាងមួយ​ចំនួនមិន​ទាន់មាន​ម៉ាស៊ីន​បែបនេះ​នៅទ្បើយទេ។

លោកបន្ត​ថា “ម៉ាស៊ីននេះ​មានសារៈ​សំខាន់​ណាស់ ព្រោះជួយ​ស្រាវជ្រាវ​រកមេរោគ​មហារីក​មាត់ស្បូន​បាន តែមិនទាន់​មានវិធីសាស្រ្ត​សំលាប់​មេរោគ​នេះទេ ប៉ុន្តែ​គ្រូពេទ្យនឹង​តាមដាន កោសិកា​​មហារីក​មាត់ស្បូន ហើយបើ​រកឃើញ​វាមានភាពប្រែប្រួល​គេអាច​ព្យាបាល​ទប់ស្កាត់ មិនឲ្យ​កើតជំងឺ​មហារីក​មាត់ស្បូន​បាន”។ លោកបន្ត​ថា “ស្រ្តីដែលមាន​ស្វាមីហើយ ត្រូវតែមក​ពិនិត្យរក​មេរោគនេះ ដើម្បីគ្រូពេទ្យ​អាចស្រាវជ្រាវ​រកមេរោគ និងអាច​ព្យាបាល​ទប់ស្កាត់​ជំងឺនេះ​បាន ប្រសិនជា​រកឃើញ​កោសិកាមាត់​ស្បូនមាន​ការប្រែប្រួល”។

លោកសាស្រ្តាចារ្យ អ៊ាវ សុខា បានបន្ត​ថា ក្នុងមួយថ្ងៃ មានស្រ្តី​ពី២០០​ទៅ៣០០នាក់​បានមក​ពិនិត្យ​ស្រាវជ្រាវ​រកមេរោគ HPV នៅមន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី
ឲ្យគ្រូពេទ្យ​ពិនិត្យ និងស្វែង​រកមេរោគ និង​តាមដានពី​ការវិវត្តន៍​នៃកោសិកា​មាត់ស្បូន​របស់ពួកគេ។ លោក​បន្តថា អ្នកជំងឺ​មហារីកមក​កាន់មន្ទីរពេទ្យ​នៅតែ​មាន​ការកើន​ទ្បើង​​ជារៀង​រាល់​ឆ្នាំ ហើយជំងឺ​​មហារីក​មាត់ស្បូន​នៅតែឈរ​លំដាប់​លេខ១ ជំងឺមហារីក​សុដនឈរ​លំ​ដាប់​លេខ២ មហារីក​ត្រចៀក​ច្រមុះ​បំពង់​ក ឈរលំដាប់​លេខបី មហារីក​ក្រពះពោះវៀន​ឈរលំដាប់​ថ្នាក់​លេខ៤ និង​មហារីកសួតជាប់​លំដាប់លេខ​៥នៅ​កម្ពុជា៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative