កម្ពុជា ថៃ និង​វៀតណាម​​បើក​វេទិកា​​ពីការ​ប្រែប្រួល​អាកាសធាតុ​នៅអាស៊ី​អាគ្នេយ៍

តំណាងអង្គការ​សហភាព​អន្តរជាតិ ដើម្បីការ​អភិរក្ស​ធម្មជាតិ (IUCN) មកពីប្រទេស​ចំនួន៣ មាន​វៀតណាម ថៃ និង​កម្ពុជា រួមគ្នាបើក​វេទិកាថ្នាក់​តំបន់ប្រចាំ​ឆ្នាំលើក​ទី៣ រយៈពេល​៣ថ្ងៃ គឺចាប់ពី​ថ្ងៃទី២៣​ដល់២៥​តុលា ឆ្នាំ២០១៤ នៅសណ្ឋាគារ​ឆ្នេរសុខា ខេត្ត​ព្រះសីហនុ ដើម្បីចែក​រំលែកបទ​ពិសោធន៍​ស្ដីពី​គម្រោង នៃការ​កសាងភាព​ធន់ទ្រាំទៅ​នឹងផល​ប៉ះពាល់ នៃការប្រែ​ប្រួលអាកាស​ធាតុនៅ​អាស៊ី​អាគ្នេយ៍។

រូបភាព​ សហការី

រូបភាព​ សហការី

លោក គង់ គឹមស្រេង មន្ត្រីជាន់ខ្ពស់​នៃកម្មវិធី​អង្គការ​សហភាព​អន្តរជាតិ ដើម្បីការ​អភិរក្ស​ធម្មជាតិ ឬហៅ​កាត់ថា អាយយូ​ស៊ីអិន (IUCN) ប្រចាំប្រទេស​កម្ពុជា មានប្រសាសន៍​ថា គម្រោងនៃ​ការកសាង​ភាពធន់ទ្រាំ​ទៅនឹងផល​ប៉ះពាល់ នៃការប្រែប្រួល​អាកាសធាតុ​របស់ អាយយូ​ស៊ីអិន សម្រាប់​កម្ពុជា គឺបាន​ជ្រើសតំបន់ឆ្នេរសមុទ្រខេត្តកំពត និងកោះកុង ដើម្បីផ្ដោតលើការការពារធនធានធម្មជាតិ និងផ្តល់ការ​អប់រំផ្សេងៗ​ដល់ប្រជា​សហគមន៍​ដែលងាយ​រង​គ្រោះ។ លោកបន្ត​ថា មុននឹង​អនុវត្ត​គម្រោងនេះ គឺអង្គការ អាយយូ​ស៊ីអិន បានធ្វើ​ផែនការ​គ្រប់គ្រង និងប្រើប្រាស់​​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ព្រមទាំង​បានកាត់​បន្ថយការ​គំរាមកំហែង​ទៅលើធនធាន​ធម្មជាតិ និងជួយ​បង្កើនភាព​ធន់ទ្រាំដល់​ប្រជាសហគមន៍ តទល់នឹង​ការប្រែប្រួល​អាកាសធាតុ។

លោកបន្ថែម​ថា ការងារ​របស់ អាយយូ​ស៊ីអិន ប្រចាំកម្ពុជា គឺបានជួយ​អភិរក្សដែន​ជម្រកសត្វ​ព្រៃពាម​ក្រសោប ដើម្បីជួយ​កាត់បន្ថយ​ហានិភ័យ​របស់​សហគមន៍​កោះកាពិ ពីការប្រែប្រួល​អាកាសធាតុ តាមរយៈការ​ស្ដារឡើងវិញ​នូវផ្លូវទឹក​ធ្វើដំណើរ​ពីកោះកាពិ មកទីរួម​ខេត្តកោះកុង ព្រមទាំង​បានកំណត់​ផែនទី និងការ​អនុវត្តជាក់​ស្តែងអំពី​ព្រៃកោងកាង និងស្មៅ​សមុទ្រនា​ខេត្តកំពត ដើម្បី​រួមចំណែក​ដល់ការការពារ​ពីផលប៉ះពាល់ និងបញ្ហា​ប្រឈម​រវាងប្រជា​ពលរដ្ឋ​នៅក្នុងសហ​គមន៍មាន​លំនៅឋាន និង​ប្រកបរបរ​តាមឆ្នេរ​សមុទ្រ៖ «អ្វីដែលជា​បទពិសោធន៍​នៅខាងថៃ ឬ​វៀតណាម និងអ្វីដែល​ជាបទពិសោធន៍​នៅខាងថៃ និង​វៀតណាម ឬអ្វីដែល​ជាបញ្ហា​នៅខាងថៃ និង​វៀតណាម ឬនៅ​កម្ពុជា យើងអាច​ផ្លាស់ប្ដូ​​រ​នៅក្នុង​វេទិកានេះ។

លោក គង់ គឹមស្រេង ចាត់ទុក​កិច្ចគាំពារ​បរិស្ថាន និងការ​អភិរក្សធនធាន​ធម្មជាតិ​តំបន់ឆ្នេរ​សមុទ្រ ថាជាបញ្ហា​ប្រឈមដ៏​លំ​បាកមួយ ដោយសារ​​តែកំណើន​ប្រជាពលរដ្ឋ ការអភិវឌ្ឍ​​គ្មាននិរន្តរ​ភាព និងការ​ថយចុះធនធាន​ធម្មជាតិ ដែលនាំឲ្យ​បាត់បង់​តុល្យភាព​នៃប្រព័ន្ធ​អេកូឡូស៊ី និងធ្វើឲ្យ​ខូចដល់​សុខមាលភាព​ធនធាន​ធម្មជាតិ ដែល​ទ្រទ្រង់ និង​ផ្តល់សេវាកម្ម​ដល់ចង្វាក់​ចំណីអាហារ ទីជម្រក​លំនៅឋាន និង​ថាមពល។ លោកថា ទន្ទឹមគ្នា​នេះ ការប្រែប្រួល​អាកាស​ធាតុ ក៏ជាបញ្ហា​ប្រឈមចម្បង​មួយទៀត​ដែលបានបង្ក​ឲ្យមានគ្រោះ​ទឹកជំនន់ គ្រោះរាំង​ស្ងួត ខ្យល់ព្យុះ រន្ទះបាញ់ និង​រលកកម្ដៅ ហើយភាព​អវិជ្ជមាននេះ បានបង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់អាយុ​ជីវិត ផលដំណាំ ហេដ្ឋារចនា​សម្ព័ន្ធ របរចិញ្ចឹម​ជីវិត សេដ្ឋកិច្ច​សង្គម និងប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​ប្រទេស​កម្ពុជា។ ហើយបញ្ហា​ប្រឈមនេះ គឺសហគមន៍​តាមតំបន់​ឆ្នេរជាអ្នក​មានភាព​រងគ្រោះ​ជាងគេ ទៅនឹងផល​ប៉ះពាល់នៃ​ការប្រែប្រួល​អាកាសធាតុ ដោយសារ​តែ​អសមត្ថភាព​នៃការបន្ស៊ាំ​ខ្លួនរបស់​ប្រជាសហគមន៍​រស់តាម​មាត់សមុទ្រ បានយល់​ដឹងតិចតួច និង​ជីវភាពពឹង​ផ្អែកទាំងស្រុង​ទៅលើធន​ធានធម្មជាតិ និង​ការ​ខ្វះព័ត៌មាន​ជាដើម។

បញ្ហានេះដែរ លោក ចាយ សាមិត្ត ប្រតិភូរាជ​រដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្សធម្មជាតិ​នៃក្រសួង​បរិស្ថាន មាន​ប្រសាសន៍ថា បញ្ហាប្រែប្រួល​អាកាសធាតុ គឺជាការ​គំរាមកំហែង​ដ៏ធ្ងន់ធ្ងរ ដែលពិភព​លោកកំពុង​ជួបប្រទះ។ បញ្ហា​ប្រឈមនេះ ក៏បានជះ​ឥទ្ធិពលដល់​កម្ពុជា ថៃ និង​វៀតណាម ថែមទៀត។ លោកបន្ត​ថា បញ្ហាប្រឈម​នៃការប្រែប្រួល​អាកាសធាតុនេះ ប្រមុខដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ក៏បានដាក់​បញ្ចូលទៅ​ក្នុងគោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ ហើយក្រសួង​បរិស្ថាន ក៏បានសហ​ការធ្វើការ​ងារនេះ​ជាមួយដៃ​គូអភិវឌ្ឍន៍ វិស័យ​ឯកជន និង​អង្គការក្រៅ​រដ្ឋាភិបាលនានា​ជាបន្តបន្ទាប់។

លោក ចាយ សាមិត្ត ទទួលស្គាល់​តម្លៃនៃ​ប្រព័ន្ធ​អេកូឡូស៊ី​នៅតាមតំបន់​ឆ្នេរសមុទ្រ ដូចជា​ព្រៃកោង​កាង និងស្មៅ​សមុទ្រ​ជាដើម ថាបានជួយ​លើកកម្ពស់​ដល់ជីវភាព​រស់នៅរបស់​ប្រជា​សហគមន៍​តំបន់ឆ្នេរ និងតួនាទី​របស់វា ក្នុងការកាត់​បន្ថយហា​និភ័យពីការ​ប្រែប្រួល​អាកាសធាតុ​ថែមទៀត។ លោកបាន​បន្ថែម​ថា៖ «ចឹង ហើយបាន​ជាបញ្ចូល​បញ្ហាប្រែប្រួល​អាកាសធាតុ​ចូលទៅក្នុង​យុទ្ធសាស្ត្រ ចតុកោណ​របស់​រដ្ឋាភិបាល ក្នុងការធ្វើ​ម៉េចបន្ស៊ាំ​ការប្រែប្រួល​អាកាសធាតុ​ទៅដល់សហគមន៍ មូលដ្ឋាន អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ ដើម្បីឲ្យ​ទទួលបាន​នូវការយល់​អំពីការ​ប្រែប្រួល​អាកាស​ធាតុ ក៏ដូចជា​ការបន្ស៊ាំ​ទៅនឹងការ​ប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​របស់យើង»។

គម្រោងការ​កសាងភាព​ធន់ទ្រាំ​ទៅនឹងផល​ប៉ះពាល់ នៃការ​ប្រែប្រួល​អាកាសធាតុ​អាស៊ីអាគ្នេយ៍ ដែលមាន​ការិយាល័យ​តំណាងនៅ​ប្រទេស​វៀតណាម ថៃ និងកម្ពុជា របស់​សហភាព​អន្តរជាតិ ដើម្បីការ​អភិរក្ស​ធម្មជាតិ ផ្តល់មូលនិធិ​ដោយសហ​ភាពអឺរ៉ុប ដោយចាប់ផ្ដើម​តាំងពីឆ្នាំ​២០១១ មកម្ល៉េះ។ តាមរយៈ​វេទិកា​ថ្នាក់​តំបន់នេះ មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល និងមន្ត្រី​អង្គការ អាយយូស៊ីអិន អះអាងថា តាមរយៈ​វេទិកាប្រចាំ​ឆ្នាំថ្នាក់​តំបន់ ហើយមានការ​ចូលរួមផ្តល់​នូវបទ​ពិសោធន៍ ចំណេះដឹង និងការ​អនុវត្តល្អៗ​ពីកម្រិត​ថ្នាក់តំបន់ ដល់ថ្នាក់​មូលដ្ឋាន រវាងអ្នក​ពាក់ព័ន្ធ​ប្រទេស​ទាំង៣ គឺកម្ពុជា វៀតណាម និងថៃ នឹង​ជំរុញ​ឲ្យការបន្ស៊ាំ​ខ្លួនរបស់​ប្រជាសហគមន៍ ទៅនឹងការ​ប្រែប្រួល​អាកាសធាតុ និងការ​អភិរក្ស​ធនធាន​ធម្មជាតិ​សមុទ្រមាន​លទ្ធផល​ប្រសើរនា​ថ្ងៃអនាគត៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative