ជប៉ុន​ផ្តល់ទឹក​ប្រាក់ជាង​១៤ម៉ឺន​ដុល្លារ​ សម្រាប់​គម្រោង​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព​មាតា និង​ទារក នៅខេត្ត​កំពង់ចាម

រាជរដ្ឋាភិបាល​ជប៉ុនបាន​ផ្តល់ទឹក​ប្រាក់​សរុប ១៤១២៣២ ដុល្លារ​អាម៉េរិក​ដល់អង្គការ​មូលនិធិ​ជប៉ុន ភី អេជ ជេ (PHJ) សម្រាប់គម្រោង​ពង្រឹងប្រព័ន្ធ​ថែទាំសុខ​ភាពមាតា និង​ទារក​នៅ​ខេត្ត​កំពង់ចាម។ គំរោងនោះ​នឹងជួយ​ស្ត្រី និង​ទារក​កម្ពុជា​ជាង៣ម៉ឺន​នាក់នៅ​ស្រុកប្រតិបត្តិ​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​នឹងទទួល​បានចំណេះ​ដឹងអំពី​បញ្ហា​សុខភាព​មាតា និង​ទារក និងបង្កើត​នូវរបៀប​របបនៃ​ការរស់នៅ​ប្រកប​ដោយអនាម័យ​និងមាន​សុខភាព និងការ​ថែទាំ​សុខភាព​កាន់តែល្អ​ប្រសើរ ។

រូបភាព សហការី

រូបភាព សហការី

កិច្ចសន្យា ផ្តល់ជំនួយ​បានត្រូវ​ចុះហត្ថ​លេខាដោយ លោក គូម៉ាម៉ារុ យូជិ ឯកអគ្គរាជ​ទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី អ៊ីឈីហារ៉ា កាហ្សូកូ (Ichihara kazuko ) នាយិកា​មូលនិធិជប៉ុន ភីអេជជេ​នៅស្ថានទូត​ជប៉ុនកាល​ពីពេល​ថ្មីៗនេះ។

លោកគូម៉ាម៉ារ៉ូយូជិ បានមាន​ប្រសាសន៍ថា​រដ្ឋាភិបាល​ជប៉ុនបាន​នឹងកំពុង​ជួយដល់កិច្ច​ខិតខំប្រឹង​ប្រែងដើម្បី​អភិវឌ្ឍន៍​របស់​ប្រជាជន​កម្ពុជាដោយ​ផ្តល់​ជំនួយ​​ឧបត្ថម្ភលើ​គម្រោង​ជាច្រើន​បែបមាន ដូចជាការកែ​លម្អសំណង់​អគារ​សុខាភិបាល និង​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស នៅក្នុង​វិស័យ​សុខភាព​មាតា​និងទារក។ ជាពិសេស​នៅមជ្ឈ​មណ្ឌលជាតិ​គាំពារមាតា និងទារក​ដែលត្រូវបាន​សាងសង់ឡើង​ដោយជំនួយ​របស់ជប៉ុន​នៅក្នុងឆ្នាំ ១៩៩៧ ក្នុងនោះ​រដ្ឋាភិបាល​ជប៉ុនបាន​ចាប់ផ្តើម​បញ្ជូនអ្នក​ជំនាញការ​មក និង​ជួយអភិវឌ្ឍន៍​ធនធាន​មនុស្ស។ យើងក៏បាន​ជួយផងដែរ​ដល់ការ​អភិវឌ្ឍធន​ធានមនុស្ស​នៅក្នុងខេត្ត​កំពង់ចាម​ក្រោមគម្រោង​ជំនួយសាង​សង់អគារ​បណ្តុះបណ្តាល​ថ្មីមួយនៅ​ក្នុងមជ្ឈ​មណ្ឌលជាតិ​គាំពារ​មាតា និង​ទារក។ លោកបាន​បន្តថា​គម្រោងនេះ​សង្ឃឹមថា នឹងជួយ​ពង្រឹងការ​យល់ដឹង​របស់ប្រជាជន​អំពីបញ្ហា​សុខភាព​មាតា​និងទារក និងបង្កើត​ឡើងនូវ​របៀបរបប​នៃការរស់​នៅប្រកប​ដោយ​អនាម័យ និងមាន​សុខភាពល្អ​ដល់ប្រជាជន​នៅក្នុងតំបន់​ប្រមាណ ៣២.០០០​នាក់។

លោកស្រី អ៊ីឈីហារ៉ា កាហ្សូកូ បានមាន​ប្រសាសន៍​ថា អង្គការ​មូលនិធិ​ជប៉ុន ភី-អេជ-ជេ (PHJ) បានបង្កើត​កម្មវិធីមួយ​ដើម្បីធ្វើ​ឱ្យសុខភាព​ម្តាយនិង​ទារកបាន​ប្រសើរឡើង​អស់រយៈពេល​១០ឆ្នាំ​នៅក្នុង​ខេត្តកំពង់ធំ។ ឥឡូវនេះ​យើងបាន​សម្រេចគោលដៅ​ដែលធ្វើឲ្យ​ប្រសើរឡើង​នៅក្នុងតំបន់​គោលដៅ​របស់​យើង​នៅក្នុង​ខេត្តកំពង់ធំ។ ក្រោយមក​យើងបាន​សម្រេចចិត្ត​ផ្លាស់ប្តូរពី​ខេត្តកំពង់ធំ​ទៅខេត្ត​កំពង់ចាម ចាប់ពីខែ​កញ្ញា ឆ្នាំ២០១៤​នេះតទៅ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative