លោក ទៀ បាញ់ ណែនាំឲ្យ​ទាហាន​មួកខៀវ​ទាំងអស់​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​អេបូឡា

លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋ​មន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បានផ្តាំផ្ញើ​ដល់កង​ទាហានមួក​ខៀវកម្ពុជា ទៅកាន់​ប្រទេស​អាហ្រ្វិក​កណ្តាល​ទាំងអស់ ត្រូវតែប្រុង​ប្រយ័ត្ន​កុំឲ្យមាន​ឆ្លងជំងឺ​អេបូឡា ។

រូបភាព សហការី

រូបភាព សហការី

មានប្រសាសន៍​នៅក្នុង​ពិធីជូន​ដំណើរកង​ទាហាន​មួយខៀវ ទាំង១៩៦​នាក់ កាលពីថ្ងៃ​ទី២២ ខែតុលា ឆ្នាំ២០១៤ នាព្រលាន​យន្តហោះ​យោធាកម្ពុជា រាជធានី​ភ្នំពេញ លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ បានមាន​ប្រសាសន៍​ថាបច្ចុប្បន្ន​នៅអាហ្វ្រិក កំពុងត​ទល់នឹង​ប្រភេទ ជំងឺឆ្លង​អេបូឡា​ដ៏កាចសាហាវ​ដែលនេះ​ជាបញ្ហា​ប្រឈម ដែលទាមទារ​ឲ្យយើង ប្រយ័ត្ន​ប្រយែង​ប្រកាន់ខ្ជាប់ នូវគោលការណ៍​ឲ្យកាន់តែ​ហ្មត់ចត់​ដើម្បីការពារ​ខ្លួនកុំឲ្យ​ឆ្លងជំងឺនេះ។

លោក Roger Carter ទីប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បានមាន​ប្រសាសន៍ថា នាពេល​បច្ចុប្បន្ននេះ​តំបន់អាហ្រ្វិក​ខាងលិច មិនត្រឹមមាន​ជម្លោះ​នោះទេ ដែលកំពុង​គម្រាម​កំហែង​ដល់ពិភពលោក ប៉ុន្តែ​តាមរយៈគ្រោះ​មហន្តរាយ និងការ​កើតចេញនូវ​ជំងឺរាត​ត្បាតថ្មី គឺជំងឺ​អេបូឡា ដែលបាន​ចាប់ផ្តើមនៅ​ក្នុងតំបន់​ខាងលើ វាជា​ប្រធានបទ ដែលពិភព​លោក​កំពុង​ព្រួយ​បារម្ភមួយ។

រូបភាព សហការី

រូបភាព សហការី

លោកថា “ដើម្បីទប់​ស្កាត់នូវ​ជំងឺនេះ ត្រូវផ្តល់នូវ​ព័ត៌មានឲ្យ​បានជាក់លាក់ ក្នុងនាមជា​កងរក្សា​សន្តិភាព អស់លោកនឹង​ត្រូវមាន​សមត្ថភាព​ទទួលខុស ត្រូវ​ក្នុងការ​ទទួលព័ត៌មាន ព្រមទាំង​ធ្វើការ​ឆ្លើយតប លើរាល់​សំណួរបាន​យ៉ាងត្រឹមត្រូវ ដើម្បីផ្តល់​ព័ត៌មាន​ដល់ប្រជាជន​ផ្សេងៗទៀត ឲ្យបានទាន់​ពេលវេលា”។
ទាក់ទងនឹង​បញ្ហាជំងឺ​អេបូឡានេះ នាយឧត្តម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សាសន្តិភាព បានមាន​ប្រសាសន៍​ថា យើងមាន​ការជឿជាក់ ទៅលើ​សមត្ថភាព​អង្គការសហ​ប្រជាជាតិ ពេលបញ្ជូន​ទៅ គឺបានត្រួត​ពិនិត្យ និង​ចាក់វាក់​សាំងការពារ​រួចហើយ។

នាយឧត្តម​សេនីយ៍ បន្ថែមថា “ពេលទៅ​ដល់ទីនោះ មានមន្ទីរពេទ្យ​ចាប់ពី Level 1 ដល់ Level 4 សម្រាប់ធ្វើការ​ពិនិត្យ​សុខភាព ក្នុងករណី​អីដែល​សង្ស័យ គឺត្រូវ​បាន គេបញ្ជូន​ទៅមន្ទីរពេទ្យ​ជាបន្ទាន់ នៅតាមតំបន់​បំពេញ​បេសកកម្ម គឺមាន​ពេទ្យ​ទាំងអស់”។

សូមបញ្ជាក់​ថា រហូតមកដល់​ពេលនេះ អ្នកស្លាប់​ដោយជំងឺ​អេបូទ្បា មានចំនួន ៤.៤៤៧​នាក់ និងមាន​អ្នកផ្ទុក​មេរោគនេះ​ចំនួន ៨.៩១៤​នាក់ ដោយក្នុង​នោះ ក៏មាន​ប្រជាជន​អាម៉េរិក ២នាក់ ដែលបានឆ្លង​ជំងឺអេបូទ្បា ដែលក្នុងនោះ​មានម្នាក់បាន​បាត់បង់​ជីវិត និងមាន​ជនជាតិ​អេស្បាញ​ម្នាក់ដែរ ដែលបាន​ឆ្លងជំងឺ​នេះ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative