ប័ណ្ណ​សុខភាព និង​មូលនិធិ​សមធម៌​មិនច្បាស់​លាស់​សម្រាប់​ពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា

ក្រុមមន្រ្តី​ដៃគូ​ភិវឌ្ឈន៍​បានរក​ឃើញថា ប្រជាពលរដ្ឋ​ដែលទទួល​បានប័ណ្ណ​សមធ៌ម​សម្រាប់​ពិនិត្យ​សុខភាព មិនយល់​ពីការប្រើ​ប្រាស់ប័ណ្ណនេះ ឲ្យមាន​ប្រសិទ្ឋិ​ភាព​នោះទេ ប៉ុន្តែមន្រ្តី​ជំនាញ​សុខាភិបាល​បានអំពាវនាវ​ឲ្យប្រជាជន​ភ្ញាក់រលឹក​ខ្លួនឯង ហើយបញ្ជូន​កូនទៅ​សាលារៀន ដើម្បីពួក​គេអាចអាន​អក្សរនៅ​ប័ណ្ណនោះ​បាន និងត្រូវ​សាកសួរគេ​បើមិនយល់។

រូបភាព សហការី

រូបភាព សហការី

ការលើក​ឡើងនេះ ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពីការ​ផ្សព្វផ្សាយ​រួមបញ្ចូល​រវាង គម្រោង​ប័ណ្ណ​សុខភាព ជាមួយនឹង​គម្រោង​មូលនិធិ​សមធម៌​សុខាភិបាល ដែលបាន​ប្រារពធ្វើ​នៅព្រឹកថ្ងៃ​ទី២៣ តុលានេះ ។ សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះធ្វើ​ទ្បើង ក្រោយពី​ធ្វើការផ្ទាល់​ជាមួយ​ពលរដ្ឋ​ក្រីក្រ​នៅកម្ពុជា តំណាងម្ចាស់​ជំនួយរក​ឃើញថា អ្នកទាំង​នោះនៅមិន​ទាន់យល់​ច្បាស់ និង​ចេះប្រើប្រាស់​ឲ្យមាន​ប្រសិទ្ធភាព​លើប័ណ្ណ​សុខភាព និងមូល​និធិ​សមធម៌​សុខាភិបាល​ទេ។

លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធាន​គ្រប់គ្រង​គម្រោង​ប័ណ្ណសុខភាព​នៃអង្គការ​សកម្មភាព​ដើម្បី​សុខភាព (AFH) បានមាន​ប្រសាសន៍​ក្នុងសិក្ខា​សាលា​នោះ​ថា មូលនិធិ​សមធម៌​សុខាភិបាល ជាគម្រោង​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល ជួលផ្ដល់​លើសេវា​ព្យាបាល​ទូទៅ តែមិនរួម​បញ្ចូលថ្លៃ​អាហារ និងថ្លៃធ្វើ​ដំណើរ ចំណែកឯ​ប័ណ្ណសមធ៌ម សម្រាប់​ជួយលើជំងឺ​អាទិភាព​មួយចំនួន ដូចជា​ជំងឺភ្នែក សម្ភព ពន្យា​កំណើត និង​សុខភាពបន្ត​ពូជជាដើម ហើយមាន​បន្ថែមថ្លៃ​អាហារ និងថ្លៃធ្វើ​ដំណើរ​ផងដែរ។

លោក លឹម ហ៊ុយ បន្ថែមថា “គម្រោង​ប័ណ្ណសុខភាព​នៃមូលនិធិ​សមធ៌មនេះ បានសហការ​ជាមួយមន្ទីរ​ពេទ្យបង្អែក និង​មន្ទីរពេទ្យ​ឯកជន​មួយចំនួន ដើម្បី​ផ្តល់សេវា​សុខភាពដល់​ប្រជាពលរដ្ឋ​ក្រីក្រ ពេលទទួល​បានសេវា​ព្យាបាល​នៅមន្ទីរពេទ្យ តែអ្វីជា​បញ្ហាមាន​មណ្ឌល​សុខភាពខ្លះ មិនបានផ្តល់​សេវាល្អ​ដល់​ពលរដ្ឋ​នោះទេ។

លោក Tapley Jordanwood បានមាន​​ប្រសាសន៍ថា គម្រោង​នេះ​មាន​ប្រយោជន៍​​ខ្លាំងណាស់​​សម្រាប់​​ប្រជាជន​​ក្រីក្រ តែត្រូវការ​​ការពន្យល់​​អប់រំ​ពួកគេ​បន្ថែម​​ទៀត។ បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​យន្តការ​​ផ្សេងៗគ្នា​​ជាច្រើន ផ្តល់ការ​​ការពារ​សុខភាពសង្គម​ដល់ប្រជាជន​ក្រីក្រ និងអ្នក​ងាយរងគ្រោះ គម្រោង​នេះត្រូវ​អនុវត្តជា​ពីរគឺ អ្នកកាន់​អត្តសញ្ញាណ​អ្នកក្រីក្រ ហើយបើមាន​ប្រជាជន​ទៅកាន់​មន្ទីរពេទ្យ តែគាត់ជា​​ជនក្រីក្រ គ្មាន​លទ្ធភាព​​បង់ថ្លៃពេទ្យ គម្រោងនេះ​នឹងផ្តល់​ចេញប័ណ្ណ​ជូនគាត់​ភ្លាមៗតែ​ម្តងនៅ​កន្លែងនោះ។

មានសេចក្តី​រាយការណ៍​ពីអ្នកធ្វើ​ការតាម​សហគមន៍​ថា ដោយសារ​មិនយល់​ពីសារៈ​សំខាន់​របស់ប័ណ្ណ​សមធ៌ម ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនោះ​បានយក​ប័ណ្ណទាំង​នោះទៅ​ទុកចោល​ឬបោះចោល។

លោកស្រី សុខ កញ្ញា អនុប្រធាន​នាយកដ្ឋាន​ផែនការ​និងព៌តមាន​សុខាភិបាល​នៃក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍ថា ប័ណ្ណសមធ៌ម​បានចែកចាយ​ច្រើនដល់​សហគមន៍​ប្រជាពលរដ្ឋ ហើយ​ប័ណ្ណនេះ​ត្រូវបាន​រៀបចំទ្បើង​ដោយក្រសួង​ផែនការ និងផ្តល់​ដល់អាជ្ញាធរ​ឃុំ សង្កាត់​ដើម្បីចែក​ជូនប្រជាពល​រដ្ឋក្រីក្រ។ នៅពេល​អាជ្ញាធរឃុំ​ចែកប័ណ្ណ​ទាំងនោះ ពួកគាត់បាន​ផ្សព្វផ្សាយ ពន្យល់ពី​សារៈសំខាន់​របស់​ប័​ណ្ណនេះ​ដល់អ្នក​ទទួល តែបើនិយាយ​​ថាពួកគាត់​មិនយល់​មកពីពួក​គាត់ភ្លេច ឬមិនយក​ចិត្តទុកដាក់​ដោយខ្លួនឯង ហេតុនេះ​គាត់គួរ​បញ្ជូនកូន​ទៅរៀនឲ្យ​បានយ៉ាងតិច​ចេះអានបាន ពួកគេនឹង​អាចអាន​ឲ្យឪពុក​ម្តាយពួកគេ​ស្តាប់បាន។

លោកស្រី​បន្តថា “ប្រជាជនត្រូវ​តែរ៉ឹងប៉ឹង​ខ្លួនឯង ត្រូវតែភ្ញាក់​រលឹក​ខ្លួនឯង និងត្រូវ​ពិចារណា​ទ្បើងវិញ ហើយត្រូវ​តែបញ្ជូន​កូនពួកគាត់​ទៅសាលារៀន ដើម្បីអាច​អានអក្សរ​បាន”។ លោកស្រី​បន្តថា “រដ្ឋាភិបាល​បាននិង​កំពុងខិតខំ​ជួយគាត់ហើយ តែបើពួក​គាត់មិន​ភ្ញាក់រលឹក មិនរ៉ឹងមាំ​ខ្លួនឯង គាត់គួរ​តែបញ្ជូន​កូនទៅរៀន ហើយបើ​មិនយល់គាត់​អាចសួរ​គេបាន ”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative