អត្រា​ឆ្លង​មេរោគ​អេដស៍​ថ្មីនៅ​កម្ពុជា​ធ្លាក់ចុះ

អត្រាផ្ទុក​មេរោគ​អេដស៍​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបានគេ​មើលឃើញថា​មានការធ្លាក់​ចុះជាបន្ត​បន្ទាប់ ពោលគឺ​ថយចុះ​ពី១,៧% នៅឆ្នាំ​១៩៩៨ ដែលជា​អត្រាខ្ពស់​បំផុត មកនៅត្រឹម​ចន្លោះ០,៧​ទៅ០,៦% ហើយអាច​នឹងបន្ត​ធ្លាក់ចុះ​ថែមទៀត​រហូតដល់​០,៤%​នៅឆ្នាំ​២០១៤ ។ រីឯអត្រា​ករណីឆ្លង​មេរោគ​អេដស៍​ថ្មី​ក៏មាមការ​ធ្លាក់ចុះជា​លំដាប់​ផងដែរ។ អត្រាឆ្លងមេរោគអេដស៍ថ្មីនៅកម្ពុជាធ្លាក់ចុះពី៥៨១៤នាក់ ក្នុងឆ្នាំ២០០០ មកនៅត្រឹម៧៨៩នាក់
នៅឆ្នាំ២០១៤។

HIV prevalence logoលោកទេស​រដ្ឋមន្ត្រី អៀង ម៉ូលី ប្រធាន​អាជ្ជាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​បានមាន​ប្រសាសន៍ កាលពីថ្ងៃ​ទី២១តុលា​នៅក្នុង​ឱកាសបើក​កិច្ចប្រជុំ​ពេញអង្គ​របស់ អាជ្ញាធរ​ជាតិប្រយុទ្ធ​និងជំងឺ​អេដស៍លើក​ទី២ឆ្នាំ​២០១៤ នៅទីស្តី​ការគណៈ​រដ្ឋមន្ត្រី​ឲ្យដឹងថា​អត្រាករណី​ឆ្លងមេរោគ​អេដស៍ថ្មី​ក៏បានធ្លាក់​ចុះជា​លំដាប់ ពីខ្ពស់​បំផុតចំនួន​៥៨១៤នាក់ ក្នុងឆ្នាំ​២០០០ មកនៅ​ត្រឹមតែ​៧៨៩​នាក់ នៅឆ្នាំ​២០១៤។ ចំណែកចំនួន​ករណីស្លាប់​ដោយសារ​ជំងឺអេដស៍ ក៏ បានធ្លាក់​ចុះដូច​គ្នា ពីខ្ពស់បំផុត​ចំនួន៦៦៥៧​នៅឆ្នាំ​២០០៤​មកនៅត្រឹម​តែ៣០៧៤ ក្នុងឆ្នាំ​២០១៤នេះ។ តាមតួលេខ​ចុងក្រោយ​ទើបទទួល​បាន ប្រទេសកម្ពុជា​យើង មានអ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន៧២៥៤៥​នាក់។ ដោយឡែក​អ្នកត្រូវការ​ឱសថប្រឆាំង​មេរោគអេដស៍​មានចំនួន ប្រមាណជា​៥២៦៦២នាក់ និងអ្នក​ដែល​កំពុង​ទទួល​សេវាព្យាបាល មានចំនួន​៤៥៤៦៣​នាក់។

រាជរដ្ឋាភិបាល​កម្ពុជា និងអង្គការ​ដៃគូបាន​សម្តែង​ចំពោះផល​វិជ្ជមាន​នៃការទប់​ស្កាត់ចម្លង​មេរោគ​អេដស៍ (HIV) ពីមនុស្ស​ម្នាក់ទៅ​មនុស្សម្នាក់​ទៀតនៅក្នុង​ប្រទេស​កម្ពុជា​ខណៈដែល​ប្រទេសនេះ​បានកំណត់​គោលដៅ សូន្យបី (កុំបី) គឺកុំឲ្យ​មានការ​ចម្លងថ្មី, កុំឲ្យមាន​អ្នកស្លាប់​ដោយសារ​ជំងឺអេដស៍, និង កុំឲ្យមាន​ការរើសអើង​នៅត្រឹម​ឆ្នាំ២០២០។

លោក មាន ឈីវុន ប្រធាន​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹងជំងឺ​អេដស៍ សើស្បែក និង​កាមរោគ​បានឲ្យ​ដឹងថា នៅកម្ពុជា ការ រីករាលដាល​នៃមេរោគ​អេដស៍​មានការ​ថយចុះជា​បន្តបន្ទាប់។ ជាក់ស្តែង​កាលពីកន្លង​ទៅអត្រា​ឆ្លងមាន​ប្រមាណ​៣នាក់ ក្នុងមួយថ្ងៃ ឬប្រហែល​ជាង១,០០០​នាក់ ប៉ុន្តែមក​ទល់បច្ចុប្បន្ន​មានតែ​ប្រហែល​២នាក់ ក្នុងមួយ​ថ្ងៃប៉ុណ្ណោះ ឬក៏ប្រមាណ​ជា ៨៩៩នាក់ ក្នុងមួយឆ្នាំ ។ លោក មាន ឈីវុន បានឲ្យ​ដឹងបន្ថែម​ថាចំនួន​ថយចុះនេះ​ត្រូវបាន​ទទួលស្គាល់​ជាលក្ខណៈ​អន្តរជាតិ​ពីអង្គការ​សហប្រជាជាតិ ពិសេស​អង្គការ​សុខភាព​ពិភពលោក (WHO)។

លោក អ៊ុំ សុភាព ប្រធាន​អង្គការ​ខាន់ណា​កម្ពុជា (KHANA) ដែលធ្វើការ​លើវិស័យ​អេដស៍ និងកាមរោគ​បានឲ្យ​ដឹងថា អត្រា​នៃអ្នកផ្ទុក​មេរោគ​អេដស៍​មានចំនួន​ថយចុះ ប៉ុន្តែចំនួន​អ្នកទៅរក​សេវាប្រឹក្សា និងការធ្វើ​តេស្តឈាម​មានចំនួន​តិច។ ទោះជា យ៉ាងនេះ​ក្តី លោកបាន​សម្តែងនូវ​មោទនភាព​ដែល​កម្ពុជា​សម្រេចបាន​នូវអត្រា​ថយចុះ​នៃការរីករាល​ដាលមេរោគ​អេដស៍។

តាមរបាយ​ការណ៍របស់​អង្គការ​ខាន់ណា​កម្ពុជា បានឲ្យ​ដឹងថា រយៈពេល​៩ខែ ឆ្នាំ២០១៤នេះ ចំនួនអ្នកឆ្លង​មេរោគអេដស៍​មានចំនួន​១២៦នាក់​ក្នុងចំណោម​អ្នកដែលបាន​ទៅធ្វើតេស្ត​ឈាមចំនួន​៣១,៤៣៩នាក់។ អត្រាឆ្លង​ថ្មីនេះត្រូវ​បានរក​ឃើញ ទៅលើ​មនុស្សដែល​កំពុងរស់​នៅ និង​ធ្វើការ ក្នុងរាជធានី​ភ្នំពេញ ខេត្ត​សៀមរាប បាត់ដំបង និង​ខេត្តព្រះ​សីហនុ​យ៉ាងហោច​ណាស់ ៨០ភាគរយ។ ក្រុមប្រឈម​មុខខ្ពស់មាន ដូចជា៖ ក្រុមបុរស​ស្រឡាញ់បុរស​ក្រុមអ្នកធ្វើ​ការនៅកន្លែង សេវាកម្សាន្ត​សប្បាយ កន្លែង​ម៉ាស្សា ក្រុមប្រើប្រាស់​គ្រឿងញៀនជាដើម៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative