មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ ធ្វើការ​វះកាត់​ជំងឺបេះដូង​កុមារ​ជារៀង​រាល់ថ្ងៃ

មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ ដែលជា​មន្ទីរពេទ្យ​មួយផ្តល់​សេវាព្យាបាល​ដោយឥត​គិតថ្លៃ​ធំជាងគេ​នៅខេត្ត​សៀមរាប បាននិង​កំពុងផ្តល់​សេវាវះកាត់​ជំងឺបេះដូង​កុមារជា​រៀងរាល់​ថ្ងៃ និងធ្វើទ្បើង​ដោយក្រុម​គ្រូពេទ្យខ្មែរ ដែលបាន​ទទួលការ​បណ្តុះបណ្តាល​ពីគ្រូពេទ្យ​បរទេស។

រូបភាព សហការី

រូបភាព សហការី

លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា នាយក​មន្ទីរពេទ្យ​ជ័យវរ្ម័នទី៧ បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាពកម្ពុជា ដឹងតាម​ទូរស័ព្ទ​នៅព្រឹក​ថ្ងៃទី២២ តុលា​នេះថា ក្នុងមួយថ្ងៃ​គ្រូពេទ្យខ្មែរ​បានផ្តល់​សេវាវះកាត់ និង​ព្យាបាលជំងឺ​បេះដូងកុមារ​១ករណី និងធ្វើការ​ភ្ជិតរន្ឋបេះដូង​ប្រហោង​១ករណី​ក្នុងមួយថ្ងៃ។ លោក​បន្តថា ការវះកាត់​នេះធ្វើទ្បើង​ដោយគ្រូពេទ្យ​ខ្មែរ ដែលបាន​ទទួលការ​បណ្តុះបណ្តាល​ពីគ្រូពេទ្យ​ជំនាញមក​ពីបរទេស។ បច្ចុប្បន្ន​នេះមាន​កុមារកើត​ជំងឺ​បេះដូង​ចំនួន​៦០នាក់ បាននិង​កំពុងសម្រាក​រង់ចាំធ្វើ​ការវះកាត់​ជាបន្ត​បន្ទាប់។

លោកបន្តថា “ចាប់តាំង​ពីឆ្នាំ២០១១​មក ក្រុមគ្រូពេទ្យ​ខ្មែរបានផ្តល់​ការវះកាត់​ជំងឺបេះដូង​ដល់កុមារ​ចំនួន៤០០​ករណីហើយ ប៉ុន្តែគ្រូពេទ្យ​ខ្មែរយើង​អាចវះកាត់​បានតែ​ករណីជំងឺ​បេះដូង​ធម្មតា​ប៉ុណ្ណោះ រីឯករណី​ជំងឺបេះដូង​ស្មុគ្រស្មាញ​ខ្លាំងពួកគាត់​មិនអាចធ្វើ​បាននៅ​ទ្បើយទេ”។ លោក​បន្តថា “អត្រា​ស្លាប់ដោយ​ជំងឺបេះដូង​មានប្រមាណ​២០ភាគរយ នៃករណី​ស្លាប់សរុប​នៅកម្ពុជា។ ការផ្តល់​សេវាវះកាត់​បេះដូងបាន​រួមចំណែក​កាត់បន្ថយ​អត្រាស្លាប់​យ៉ាងច្រើន”។

នៅថ្ងៃ​ទី២៧ តុលាខាង​មុខនេះ ក្រុមគ្រូពេទ្យ​រ៉េណេត្រែត មកពីប្រទេស​ស្វីសមួយ​ក្រុមនឹងមក​ជួយវះកាត់​ជំងឺបេះដូង​កុមារ ដោយឥតគិត​ថ្លៃរយៈពេល​១០ថ្ងៃ និងនៅថ្ងៃ​ទី៨ វិច្ឆិកា​ខាងមុខក្រុម​គ្រូពេទ្យ​មកពី John Hopkins Hospital មកពីរដ្ឋបាល់​​ទីម័រ សហរដ្ឋ​អាមេរិក នឹងមកជួយ​ធ្វើការពិនិត្យ ព្យាបាល​និងវះកាត់​ជំងឺបេះដូង​លើកុមារ​កម្ពុជា ដោយឥតគិត​ថ្លៃក្នុងរយៈ​ពេល១០ថ្ងៃ​ផងដែរ។ នេះបើតាម​ការឲ្យដឹង​ពីលោកសាស្រ្តា​ចារ្យ យ៉ៃ ចន្ទនា។

លោកបន្តថា ការវះកាត់​ជំងឺបេះដូង​កុមារ គឺមានការ​ចំណាយខ្ពស់​ណាស់ ដោយការ​ភ្ជិតបេះដូង​មួយករណី ត្រូវចំណាយ​ទឹកប្រាក់​ប្រមាណ​២០០០​ដុល្លារ​អាមេរិក និងការវះ​កាត់ជំងឺ​ធម្មតា ត្រូវចំណាយ​រហូតដល់​៣០០០ដុល្លារ​អាមេរិក។ កុមារកើត​ជំងឺបេះដូង​មានអាការៈ ដូចជាស្គម ក្រិន ប្រាជ្ញា​អន់ខ្សោយ មិនឆ្លាត​វាងវៃ ប៉ះពាល់ដល់​សួត និងសរីរាង្គ​ដទៃទៀត​នៃរាងកាយ​កុមារ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative