សង្គម​ស៊ីវិល និង​សហគមន៍​ស្នើសុំ​រដ្ឋាភិបាល​៦ចំណុច ដើម្បី​ការពារ​ព្រៃឈើ​នៅ​កម្ពុជា

បណ្តាញ​ជនជាតិ​ដើមភាគតិច និង​ព្រៃឈើ​ដែលមាន​អង្គការ​ជាសមាជិក​ចំនួន ៤២​កាលពីថ្ងៃ​ទី២២​តុលានេះ បានចេញ​សេចក្តីថ្លែង​ការណ៍មួយ​ដោយស្នើសុំ​ទៅរាជ​រដ្ឋាភិបាល​កម្ពុជាចំនួន​៦ចំណុច​ដើម្បីការពារ​ធនធានព្រៃឈើ​នៅប្រទេស​កម្ពុជា។

សំណើរទាំង​៦ចំណុច​ទៅរាជ​រដ្ឋាភិបាល​កម្ពុជា រួមមាន

១. ស្នើឲ្យមាន​ការរឹតបណ្តឹង​ចំពោះការ​អនុវត្តច្បាប់​លើការបង្ក្រាប​បទល្មើស​ព្រៃឈើ​អោយកាន់តែ​មានប្រសិទ្ធភាព និងតម្លាភាព

២.ស្នើសុំ​អោយរាជ​រដ្ឋាភិបាល​រឹតបណ្តឹង​ទៅលើការ​ត្រួតពិនិត្យ​រាល់ការ​ផ្តល់អាជ្ញា​ប័ណ្ណដល់​ក្រុមហ៊ុន​ឯកជន​ក្នុងការនាំ​ឈើចេញ និង​បញ្ជាក់អំពី​ទីតាំង តម្លៃ បរិមាណ និង​កាលបរិច្ឆេទ​នៃការប្រមូល​ឈើ ដើម្បីធានា​បាននូវ​តម្លាភាព និង​គណនេយ្យ​ភាព

៣. ស្នើសុំអោយ​មានការដាក់​ដេញថ្លៃ​ជាសាធារណៈ ចំពោះឈើ​ដែលរដ្ឋ​ប្រមូលរឹបអូស​បានដោយមាន​ការចូលរួម​ពីសង្គ​​​ម​ស៊ីវិល ព្រមទាំង​បង្ហាញអំពី​ចំណូលដែល​ទទួលបាន​ពីការដេញ​ថ្លៃ

៤. ស្នើឲ្យ​រាជរដ្ឋាភិបាល​ពន្លឿន​ក្នុងការ​អនុម័តលើ​អនុក្រិតគ្រប់គ្រង​តំបន់ព្រៃឡង់ និងដាក់​តំបន់ព្រៃឡង់​ទៅ ជាតំបន់​រេដបូក​ដើម្បី​ថែរក្សា សិក្សាពី​ធនធាន​សេនេទិច និងទុក​ឲ្យប្រជាជន​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​ក្នុងការលើក​កម្ពស់ជីវភាព​រស់នៅ

៥. ស្នើឲ្យមាន​ការពន្លឿន​ក្នុងការចុះ​បញ្ជី និងទទួល​ស្គាល់សហគមន៍​ព្រៃឈើ សហគមន៍​តំបន់ការពារ សហគមន៍​ជនជាតិដើម​ភាគតិច សហគមន៍​នេសាទ សហគមន៍​អេកូទេសចរណ៍ និងរដ្ឋ​គួរមាន​កញ្ចប់ថវិកា គ្រប់គ្រាន់​សំរាប់លំហូរ​ឲ្យសហគមន៍​ទាំងនោះក្នុង​ការគ្រប់គ្រង និងអភិវឌ្ឍន៍​សហគមន៌​របស់ខ្លួន​និង

ទី៦.ស្នើឲ្យ​ដាក់តំបន់​ជួរភ្នំក្រវាញ​ដែលជាតំបន់​ព្រៃឈើចុង​ក្រោយទៅ​ជាតំបន់​អេកូទេស​ចរណ៌ និងតំបន់ អភិរក្ស​សំរាប់ការ​បង្កាត់ពូជ និងអភិវឌ្ឍន៌​ធនធាន​សេនេទិច។

រូបភាព សហការី

រូបភាព សហការី

យោងតាម​សេចក្តីថ្លែង​ការណ៍ខាងលើ​ក៏បាន​សំដែងនូវ​ការព្រួយ​បារម្ភយ៉ាង​ខ្លាំង ទៅលើ​សោកនាដកម្ម​នៃការថយចុះ​ធនធាន​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុងកំឡុង​ពេល២ឆ្នាំ​ចុងក្រោយនេះ។

យោងតាម​ទិន្នន័យ​របស់វេទិកា​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពីកម្ពុជា​ដែលបាន​ចេញផ្សាយ នៅថ្ងៃទី​២២តុលានេះ បានអោយ​ដឹងថាគិត​ចាប់ពីដើម​ឆ្នាំ២០១២​រហូតដល់​ឆ្នាំ២០១៣ មានករណី​បទល្មើស​និងការជួញដូរ​ឈើប្រណិត​ចំនួន៥៣៥​ករណីដែល​បានកើត​មានឡើង ហើយបើ​យោងតាម​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​នៅក្នុងរយៈ​ពេល៩ខែ​ចុងក្រោយ​មានបទល្មើស​ព្រៃឈើ​ចំនួន​១៨៩១​ករណីដែល​បង្ហាញអំពី​ការកើនឡើង​នៃបទល្មើស​ព្រៃឈើ​នៅកម្ពុជា។ របាយការណ៍​ស្តីពីករណី​អភិវឌ្ឍន៍​តំបន់ព្រៃឡង់​ឆ្នាំ ២០១៣ ក៏បានបង្ហាញ​អំពីកត្តា​គំរាមកំហែង​ដល់ធនធាន​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​ដោយសារ​ការផ្តល់​សម្បទាន​រ៉ែ សម្បទានដី​សេដ្ឋកិច្ច និង​ការកើនឡើង​នៃបទល្មើស​ព្រៃឈើ។ ការស្រាវជ្រាវ​នេះក៏បាន​បញ្ជាក់អំពី​បញ្ហាព្រៃឈើ​នៅក្នុងតំបន់​ផ្សេងទៀត​នៅកម្ពុជា​ផងដែរ។

នៅក្នុងនោះ ករណីនៃ​ការជួញដូរ​ឈើប្រណិត និងការ​កាប់ទន្ទ្រាន​ព្រៃឈើ​ភាគច្រើន​កើតឡើង​នៅក្នុង​ភូមិភាគ​ឥសាន ឧត្តរ និងតំបន់​ជួរភ្នំក្រវាញ​នៃប្រទេស​កម្ពុជា ដូចជា​ខេត្តមណ្ឌល​គីរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរ​មានជ័យ ពោធិសាត់ កោះកុង និង​កំពង់ស្ពី។ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏បានបង្ហាញ​អំពីការនាំ​ចេញឈើ​ប្រណិតទៅ​ប្រទេសចិន​ចំនួន ៥,៥ម៉ឺន​តោន នៅក្នុង​កំឡុងពេល​៩ខែចុង​ក្រោយឆ្នាំ ២០១៤។ ជាក់ស្តែង​អង្គការ​ទិន្នន័យ​អំពីការ​អភិវឌ្ឍន៍​ឆ្នាំ ២០១៣ ក៏បាន​បង្ហាញអំពី​ការថយចុះ​នៃគម្របព្រៃ​នៅក្នុង​ប្រទេស​កម្ពុជា​នៅត្រឹមចំនួន​៤៦% ដែលរាប់​បញ្ចូលទាំង​ចំការ​ឈើដាំ។

លើស​ពីនេះ​​ទៅទៀត ​បណ្តាញ​​ជនជាតិ​ដើម​ភាគ​តិច ​និងព្រៃឈើ​​ក៍មានក្តី​​បារម្ភលើ​​សេចក្តី​​សម្រេច​​របស់រាជ​​រដ្ឋាភិបាល​​តាមរយៈ​​លិខិតលេខ ៨៥៤ សជណ ចេញដោយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៤ ដោយរាជ​រដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត​ឲ្យក្រុមហ៊ុន​ទ្រីភាព អ៊ីមផម អ៊ិចផត និង​ក្រុមហ៊ុន MDS THMODAR S.E.Z Co.,Ltd ធ្វើការប្រមូល​ឈើគ្រប់​ប្រភេទពីស្តុក​របស់​រដ្ឋបាល​ព្រៃឈើ ក្រសួង​បរិស្ថាន ដោយមិនមាន​ការបង្ហាញ​ឲ្យបានច្បាស​លាស់អំពី​កាលបរិច្ឆេទ បរិមាណ និងទីតាំង នៃការប្រមូល​ឈើ ព្រមទាំង​របាយ ការណ៍នៃ​ចំណូល​ដែលទទួល​បានពីការ​ប្រមូល​ទិញនេះទេ។

ប៉ុន្តែ​ទន្ទឹមនឹងនេះ​ សេចក្តីថ្លែង​ការណ៍រួម​នោះក៏បាន​កោតសរសើរ​ចំពោះកិច្ច​ខិតខំប្រឹងប្រែង​របស់រាជ​រដ្ឋាភិបាល​ក្នុងការគាំ​ពារលើវិស័យ​ព្រៃឈើ​តាមរយៈ​ការ​ចេញជា​គោលនយោបាយ​ជាច្រើន ដូចជាគោល​នយោបាយ​ព្រៃឈើ​ជាតិ សម្រាប់​ឆ្នាំ ២០១០-២០២៩ ច្បាប់ស្តី​ពីព្រៃឈើ ច្បាប់ស្តីពី​តំបន់​ការពារ និងគោល​នយោបាយ​ថ្មីៗមួយចំនួន​ទៀត ដូចជា​បទបញ្ជា​លេខ០១ និង​សេចក្តីប្រកាស​អន្តរក្រសួង​ស្តីពីការ​គ្រប់គ្រង​សម្បទាន​ដីសេដ្ឋកិច្ច៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative