គ្រូពេទ្យ​ជំនាញ​និយាយពី​វិធី​ការពារ និង​ការ​ព្យាបាល​ជំងឺរលាក​ថ្លើម​ប្រភេទ​សេ

ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ជំងឺថ្លើម​ត្រូវគេលើក​យកមក​និយាយជា​ទូទៅនៅ​កម្ពុជា ក្នុងនោះ​ជំងឺថ្លើម​ប្រភេទសេ ជាប្រភេទ​ជំងឺម្យ៉ាង​ដែលបាន​និងកំពុង​គំរាមកំហែង​សុខមាលភាព​សង្គម និង​សុខភាព​ប្រជាជន​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ប្រសិនជា​ក្រសួង​សុខាភិបាល​មិនមានវិធាន​ការណ៍ជាក់​លាក់ទេនោះ។

មេរោគ​វីរុស​ជំងឺ​រលាកថ្លើម​ប្រភេទ​សេ

មេរោគ​វីរុស​ជំងឺ​រលាកថ្លើម​ប្រភេទ​សេ

តើជំងឺថ្លើម​ប្រភេទសេ​មានសភាព​យ៉ាងដូចម្តេច? លោកវេជ្ជ​បណ្ឌិត ឆាយ គីមប៉ាវ ប្រធាន​ផ្នែកជំងឺ​ប្រព័ន្ឋ​រំលាយ​អាហារ នៃមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត​បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាពកម្ពុជា ដឹងកាល​ពីល្ងាចថ្ងៃ​ទី២០ តុលា​កន្លងមក​ថា ជំងឺថ្លើម​ប្រភេទសេ​ជាជំងឺ​ម្យ៉ាង ដែលបណ្តាល​មកពីមេរោគ​ថ្លើមប្រភេទ​សេ ហើយជំងឺ​នេះមិនសូវ​មានរោគ​សញ្ញានោះ​ទេ​ ប៉ុន្តែករណី​ខ្លះក៏មាន​រោគសញ្ញា​ផងដែរ​ក្រោយពីការ​ឆ្លងមេរោគនេះ ពី៣ទៅ​៦សប្តាហ៍ ដូចជា ស្បែកទ្បើង​លឿង ហើមជើង សន្លប់ ក្អួតឈាម លាមកព៌ណ​ខ្មៅ​នៅពេល​បន្ទោរបង់​ជាដើម។

លោកបន្តថា “អ្នកឆ្លង​មេរោគនេះ​២០ទៅ​៣០ភាគរយ​អាចជាមុន​រយៈពេល​៦ខែ ប៉ុន្តែប្រសិន​ជាមាន​មេរោគនេះ នៅក្រោយ​ពេលឆ្លង​រយៈពេល​៦ខែគេ​ហៅថា​ដំណាក់កាល​រុំារ៉ៃ អាចឈាន​ទៅធ្វើឲ្យ​ក្រិនថ្លើម​ និងឈាន​ដល់កើត​ជំងឺមហារីក​ថ្លើម ប្រសិនមិន​ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ”។ លោកបន្ត​ថា “មានអ្នកខ្លះ​ភ័យថាពេល​ដល់ដំណាក់​កាលរ៉ាំរ៉ៃ​ថាជាជំងឺ​ធ្ងន់ តែខ្ញុំសូម​បញ្ជាក់ថា​វាមិនមែន​ជាការពិតទេ ដំណាក់កាល​​រ៉ាំរ៉ៃ​គ្រាន់តែ​ជាការ​បញ្ជាក់ថា អ្នកជំងឺ​មានវត្តមាន​មេរោគលើស​ពី៦ខែក្នុង​ឈាមប៉ុណ្ណោះ”។

លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ បានបន្ត​ថា ជំងឺនេះ​មានរបៀប​ឆ្លងដូចគ្នា​នឹងជំងឺ​អេដស៍ គឺវាឆ្លង​ពីមនុស្ស​ម្នាក់ទៅ​មនុស្សម្នាក់​តាមរយៈ​ឈាម។ ការឆ្លងអាច​កើតមាន​តាមរយៈ​ការរួមភេទ ការប្រើប្រាស់​សឺរុំាង​រួមគ្នា។ ប្រសិនជា​មាត់មាន​ដំបៅក៏​អាចឆ្លង​ផងដែរ ប្រសិនជា​ពួកគេ​បឺតមាត់​គ្នា តែ​ប្រសិន​ជាគ្មាន​ដំបៅ ការ​បឺតមាត់​គ្នាមិន​ឆ្លងទេ ព្រោះកម្រិត​មេរោគ​នៅក្នុង​ទឹកមាត់​មិនអាចឆ្លង​ពីមនុស្សម្នាក់​ទៅមនុស្ស​ម្នាក់បាន​នោះទេ។ លោក​បន្តថា អ្នកឆ្លង​មេរោគនេះ​រយៈពេល​២០ឆ្នាំ ទើបអាច​វិវត្តន៍ទៅ​ជាក្រិនថ្លើម និងក្លាយជា​ជំងឺមហារីក​ថ្លើមបាន​និងក៏មាន​អ្នកនិពន្ឋ​ខ្លះបានលើក​ទ្បើងថា អ្នកជំងឺ​រលាកថ្លើម​សេខ្លះ​ក៏មិនវិវត្តន៍​ទៅជាក្រិន​ថ្លើមនោះ​ដែរ។

រហូតមក​ទល់ពេលនេះ ជំងឺថ្លើម​ប្រភេទសេ មិនទាន់មាន​វ៉ាក់សាំង​ការពារ​នោះទ្បើយ មានតែ​មេរោគថ្លើម​ប្រភេទបេ​ប៉ុណ្ណោះ​ទើបមាន​វ៉ាក់សាំង​ការពារ តែវិធី​ការពារ​មិនឲ្យកើត​ជំងឺនេះ គឺបើស្រ្តី​ជាម្តាយត្រូវ​ព្យាបាល​ម្តាយឲ្យបាន​ជាសះស្បើយ​ជាមុនទើប​យកបុត្រ​ជាការ​ប្រសើរ កុំប្រើប្រាស់​សារ៉ាំង​រួមគ្នា និងធ្វើយ៉ាង​ណាកុំឲ្យ​ប៉ះពាល់​ឈាមរបស់​អ្នកជំងឺ។

តើពេលណា​ទើបគ្រូពេទ្យ​ត្រូវព្យាបាល​អ្នកជំងឺ​ថ្លើមប្រភេទ​សេ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ បានមាន​ប្រសាសន៍ថា ការព្យាបាល​ជំងឺថ្លើម​ប្រភេទសេ​ត្រូវធ្វើទ្បើង​នៅក្នុង​លក្ខណៈ​វិនិច្ឆ័យបី​សំខាន់ៗ ដូចជា ទី១ ព្យាបាល​ពេលអ្នកជំងឺ ឈានដល់​ដំណាក់កាល​រុំារ៉ៃ ឬអាច​ព្យាបាល​ភ្លាមពេល​ដឹងថាឆ្លង​មេរោគ​ថ្លើម​ប្រភេទ​នេះ ទី២ ក្រោយការ​ពិនិត្យឃើញ​សាច់ថ្លើម​រលាកលើស​ពីកំរិតទី២ ឬទី៣លើស​ពីមនុស្ស​ធម្មតា និងទី៣ ខូចខាត​សាច់ថ្លើម​ចាប់ពី​កម្រិតទី២ ទ្បើងទៅ។

យោងតាម​ការសិក្សា​បានបង្ហាញ​ថា ប្រជាជន​កម្ពុជាមាន​ជំងឺថ្លើម​ប្រភេទសេចន្លោះ​​ពី២ទៅ​៤ភាគរយ និងអ្នក​មានជំងឺ​ថ្លើមប្រភេទ​បេចន្លោះ​ពី១០ទៅ​១៣ភាគ​រយ។ លោកវេជ្ជ​បណ្ឌិត ឆាយ គឹមប៉ាវ បានបន្តថា អ្នកប្រឈម​នឹងការឆ្លង​មេរោគនេះច្រើន​ជាងគេ គឺពួកអ្នក​ប្រើប្រាស់​គ្រឿងញៀន និងស្រ្តី​បំរើការងារ​នៅតាម​សេវា​កម្សាន្ត​សប្បាយដែល​មានដៃ​គូច្រើន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative