កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​ខ្លឹមសារ​ផែនការ​យុទ្ធសាស្ត្រ​បង្ការ​ជំងឺ​អេដស៍ និង​ជម្ងឺ​កាម​រោគ ឆ្នាំ​២០១៤​-​២០២០

មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹងជំងឺ​អេដស៍ សើរស្បែក និង​កាមរោគ​កាលពីថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០១៤ បានបើកកិច្ច​ប្រជុំពិគ្រោះ​យោបល់លើ​ខ្លឹមសារ​ផែនការ​យុទ្ធសាស្ត្រ ដើម្បីបង្ការ​ការរាលដាល​ជំងឺអេដស៍ និងជម្ងឺ​កាមរោគ និងការ​ថែទាំអ្នក​ផ្ទុកមេរោគ​អេដស៍ និងជម្ងឺ​កាមរោគក្នុង​វិស័យ​សុខាភិបាល ឆ្នាំ២០១៤​-២០២០ នៅសណ្ឋាគារ​សាន់វ៉េ ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត មាន ឈីវុន ប្រធាន​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើរស្បែក និងកាម​រោគ។

រូបភាព សហការី

រូបភាព សហការី

លោកបានមាន​ប្រសាសន៍ថា ការរៀបចំ​ផែនការនេះ ផ្អែកទៅលើ​សកម្មភាព​ក្នុងការបង្ការ​អប់រំ​ទប់ស្កាត់ ការផ្តល់​សេវាថែទាំ​ព្យាបាល និងសេវា​ផ្សេងៗ​ទៀតឱ្យ​បានទៅដល់​សហគមន៍ ពិសេស​ជំរុញការ​ប្រើប្រាស់​ស្រោមអនាម័យ​១០០ភាគរយ ដើម្បីឈាន​ទៅលុបបំបាត់​នូវការឆ្លងថ្មី​នៃមេរោគ​អេដស៍​នៅកម្ពុជា។

លោកបន្តថា ផ្អែកទៅ​លើលទ្ធផល ដែលកម្ពុជា​ទទួលបាន​មកពីគ្រប់​ជំនាញ និងផ្នែក​ទាំងអស់ ដែលបាន​អនុវត្ដជាង​២០ឆ្នាំ ក្នុងការបង្ការ និងថែទាំ​ជំងឺ​អេដស៍​កន្លងមក បានជោគជ័យ​ល្អណាស់ ផ្អែកលើបទ​ពិសោធន៍​ទាំងនេះ យើងអាច​ប្រកាសថា ការអនុវត្ដ​ចំពោះផែនការ​ថ្មីនេះ នឹងសម្រេច​នូវទិសដៅ​ក្នុងការ​​បញ្ឈប់ ឬកាត់​បន្ថយឱ្យ​នៅតិច​បំផុត នូវការឆ្លង​ថ្មីនៃមេរោគ​អេដស៍។

លោក វេជ្ជបណ្ឌិត​បន្ថែមថា យើងមាន​ទិសដៅ និង​សូចនាករ ជាក់លាក់ក្នុង​ការរៀបចំ និង​ប្រមូលនូវ​បទពិសោធន៍​ពីបណ្ដា​ប្រទេស​ក្នុងតំបន់ និងពិភព​លោក ក្នុងការអនុវត្ដ​លុបបំបាត់​នូវការ​ឆ្លងថ្មី និងបញ្ចប់​ការឆ្លងរាល​ដាលនៃមេរោគ​អេដស៍ ជំងឺអេដស៍ ពិសេស​ធានាថា ជំងឺអេដស៍​លែងជា​បញ្ហាចម្បង ចំពោះសុខភាព​សាធារណៈ​ទៀតហើយ នៅក្នុង​ប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត Masimi Fujita តំណាង អង្គការសុខភាព​ពិភពលោក​ប្រចាំកម្ពុជា បានលើក​ឡើងថា ការអនុវត្ដ​គម្រោង​កម្មវិធី​ប្រយុទ្ធនឹង​ជំងឺអេដស៍​នៅក្នុង​ប្រទេស​កម្ពុជា ទទួលបាន​នូវលទ្ធផល​ល្អប្រសើរ​ក្នុងរយៈពេល​ជាងពីរ​ទសវត្សរ៍​កន្លងមក ហើយកម្ពុជា​ជាប្រទេស​ទី០១ ដែលបាន​ចូលរួម​សម្រេច​បាននូវការ​លុបបំបាត់​ការឆ្លង​មេរោគ​អេដស៍ តាមរយៈការ​ប្ដេជ្ញាចិត្ដ​កាត់បន្ថយ​ទាំងស្រុង​នៅត្រឹម​ឆ្នាំ២០២០ ខាងមុខ។

លោក បានបន្ត​ថា ប៉ុន្តែដើម្បី​សម្រេចបាន​នូវបញ្ហា​ខាងលើ កម្ពុជាក៏​ជួបនូវ​បញ្ហាប្រឈម និងការលំបាក​មួយចំនួន​ជាច្រើនទៀត ដែលទាមទារ​ការខិតខំ​ប្រឹងប្រែង និងយកចិត្ដ​ទុកដាក់​ទៅលើអ្នក ដែលត្រូវ​ការចាំបាច់​បំផុត និងរៀបចំ​ផែនការ​សកម្មភាព​ដាក់បញ្ចូល​ឱ្យចំទិសដៅ​នៅតាម​ទីកន្លែង និងតំបន់ ក្នុងការផ្ដល់​សេវាព្យាបាល​ដល់អ្នកឆ្លង​មេរោគអេដស៍ ជំងឺអេដស៍ ប្រកបដោយ​ប្រសិទ្ធភាព​នៅទូទាំង​ប្រទេស។

សូមបញ្ជាក់​ថា តាមរបាយការណ៍​នៅឆ្នាំ២០១៣ ប្រជាពលរដ្ឋ​ទូទៅមាន​អត្រាឆ្លង​ត្រឹម០.៦% ក្នុងនោះ​ក្រុមដែលមាន​អត្រាឆ្លង​ខ្ពស់ជាងគេ គឺក្រុមបុរស​ស្រលាញ់​បុរសដែល​រួមភេទតាម​រន្ធគូថ​មានអត្រា​ឆ្លង ២.១% ក្រុមអ្នក​បំរើសេវា​កំសាន្ត (រកស៊ី​ផ្លូវភេទ) មានអត្រា​ឆ្លង ១៣.៩% និងក្រុម​ប្រើថ្នាំ​ញៀនដោយ​ការប្រើម្ជុល​សារាំង​ចាក់បន្ត​គ្នាមានអត្រា​ឆ្លង២៤%៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative