ក្រសួង​ការងារ​ណែនាំឲ្យ​ក្រុម​ចរចា​រឿង ប្រាក់​ឈ្នួល​កម្មករ​គោរព​ក្រម​សីលធម៌

ដើម្បីអនុវត្តន៍​នៅក្នុងពេល​ពិភាក្សារឿង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ និយោជិត ផ្នែកវាយន​ភ័ណ្ឌកាត់ដេរ​សម្លៀកបំពាក់ និងផលិត​ស្បែកជើង នាឆ្នាំ​២០១៥​ប្រកបដោយ​រលូន ក្រសួងការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បានធ្វើការ​ណែនាំដល់​ភាគីពាក់ព័ន្ធ​ទាំងអស់​ត្រូវគោរព​នូវក្រម​សីលធម៌៦​ចំណុច​​របស់​​ក្រសួង ។

រូបភាព សហការី

រូបភាព សហការី

ក្រមសីលធម៌​ចំនួន៦​ចំណុចនោះ ក្រសួង​ការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បានដាក់ចេញ​កាលពីល្ងាច​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ដើម្បីឲ្យ​ការជជែក​រឿងប្រាក់​ឈ្នួលអាច​ប្រព្រឹត្តទៅ​ដោយរបៀប​រៀបរយ និងក្រោម​បរិយាកាសល្អ​ប្រសើរ។ ក្រមសីលធម៌​ទាំង៦នោះ រួមមាន​

១. មិនត្រូវ​ប្រើប្រាស់​ពាក្យពេចន៍​បែបហិង្សា និងបង្ក​អរិភាពរវាង​គ្នា និងគ្នា។

២. មិនត្រូវ​ផ្សព្វផ្សាយ​ព័ត៌មានណា​មួយដែល​អាចបង្ក​ឲ្យមាន​អំពើ​ហិង្សា ការប្រមូល​ផ្តុំខុសច្បាប់ ដែលប៉ះពាល់​ដល់បរិយាកាស​វិនិយោគ សន្តិសុខ និង​សណ្តាប់។

៣.​មិនត្រូវ អវត្តមាន​ពីកិច្ចប្រជុំ និង​មិន​អនុញ្ញាត​ឲ្យមាន​តំណាង​ជំនួស​នោះឡើយ លើកលែងតែ​មានបញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ បុគ្គល ដែលអវត្តមាន​ក្នុងកិច្ចប្រជុំ​អាចប្រឈម​នឹងការបាត់​បង់សុពល​ភាព នៃការចូល​រួមសកម្មភាព​ត្រីភាគីនា​ពេលអនាគត។

៤. ត្រូវប្រើប្រាស់​ហេតុផល និងទឡ្ហីករណ៍​សមរម្យ ក្នុង ការការពារ​អំណះអំណាង​របស់ខ្លួន ឬភាគី​ខ្លួន។

៥. ត្រូវរក្សា​នូវការ​សម្ងាត់ នៃព័ត៌មាន ប្រសិនជា​មាន​សំណូមពរ។

៦. ត្រូវមាន​សុឆន្ទៈក្នុង​ការចរចា ដើម្បីរក​ដំណោះស្រាយ និងការពារ​នូវផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និងផលិត​ស្បែកជើង ក៏ដូចជា​ផលប្រយោជន៍​របស់បងប្អូន​កម្មករ និយោជិត​ក្នុងវិស័យ​នេះ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative