កម្ពុជា​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ជិត​២០០​នាក់ ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ

ជនជាតិ​វៀតណាម​ដែលចូលមក​រស់នៅ​ប្រទេស​កម្ពុជា​ដោយខុសច្បាប់​ប្រមាណជិត​២០០នាក់​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជាបាន​ចាប់បញ្ជួន​ទៅស្រុក​កំណើត​របស់ខ្លួន​ជាបន្ត​បន្ទាប់។ ជនអន្តោ​ប្រវេសន៍​វៀតណាម​ជិត២០០​នាក់ គឺនៅ​ខេត្តស្វាយរៀង​ចំនួន១៥២​នាក់ និងខេត្ត​កំពង់ធំ​ចំនួន២២​នាក់។

រូបភាព សហការី

រូបភាព សហការី

បើតាម​លោក ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ បានប្រាប់​ឲ្យដឹង ថា នគរបាល​ខេត្តកំពង់ធំ នាពេល​ថ្មីៗនេះ​បានចាប់​បញ្ជូន ជនអន្តោ​ប្រវេសន៍ វៀតណាម​ចំនួន ២១នាក់​ហើយ ឲ្យត្រឡប់​ទៅកាន់ស្រុក​កំណើតវិញជា​បន្តបន្ទាប់។ ក្នុងនោះ ១៥នាក់​បានបញ្ជួន​កាលពី​ពេលថ្មីៗ​កន្លងមក​នេះ និង ៧នាក់​ទៀតយើង​ទើបបញ្ជួន​ទៅកាល​ពីថ្ងៃទី​១៨តុលា​នេះ។

លោកស្នងការ​បានបន្តថា ជនអន្តោ​ប្រវេសន៍​ទាំងអស់នោះ មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវទេ ដោយពួកគេ​ចូលមករស់​នៅខេត្ត​កំពង់ធំ​តាមរយៈ​ក្រុមហ៊ុន​ឯកជន​ដោយធ្វើការ​នៅតាម​សំណង់​ផ្សេងៗ។ លោកបាន​បញ្ជាក់ថា «ប្រសិនរក​ឃើញជន​អន្តោ​ប្រវេសន៍ អត់មាន​ច្បាប់អនុញ្ញាត​ទៀត លោកនឹង​រាយការណ៍​ទៅកាន់​អគ្គនាយក​ដ្ឋានអន្តោ​ប្រវេសន៍ ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់វិធាន​ការបញ្ជូន​ជនទាំងនោះ ទៅកាន់​ស្រុកកំណើត​វិញ»។ ចំពោះជន​អន្តោ​ប្រវេសន៍​វៀតណាម​១៥២នាក់​ទៀតនៅ​ខេត្តស្វាយរៀង​ត្រូវបាន​បញ្ជួនទៅ​ស្រុកកំណើត​វិញហើយ​ដែរ​កាលពី​ពេលថ្មី​ៗនេះ។

លោក​ឧត្តម​សេនីយ៍ឯក ម៉ម ស្រ៊ីម​វណ្ណា អគ្គនាយករង នៃអគ្គនាយក​ដ្ឋានអន្តោ​ប្រវេសន៍ ក្រសួង​មហាផ្ទៃ និងជា​ប្រធាន​ក្រុមការងារ​នៅតំបន់ទី៧​បានឲ្យ​ដឹងថា​ក្រសួងបាន​បញ្ជូនជនជាតិ​វៀតណាម ចំនួន​១៥២នាក់ ទៅប្រទេស​កំណើតវិញ​តាមច្រកព្រំដែន ដែលបាន​មកជួលផ្ទះ​ស្នាក់នៅ និងធ្វើការ​ក្នុងខេត្ត​ស្វាយរៀង ដោយខុស​ច្បាប់ និងគ្មាន​ឯកសារ ។

លោកបាន​បន្តថា​ក្រុមការងារ​នៅតំបន់​ទី៧ បានធ្វើ​ជំរឿន​នៅក្នុងខេត្ត​ស្វាយរៀង បានចំនួន​៧ស្រុក ក្នុងចំណោម​៨ស្រុក គឺក្រុង​បាវិត ដែលមិនទាន់​បានធ្វើ​ជំរឿន តែក្រុម​ការងារនឹង​ធ្វើក្នុងពេល​ខាងមុខ ហើយជា​លទ្ធផល​ក្នុងប៉ុន្មាន​ក្រុងនេះ គឺយើងធ្វើ​បាន២៤០​គ្រួសារ នៅមិនទាន់​បញ្ចប់ទេ ដោយសារ​នៅក្រុង​បាវិតយើង​មិនទាន់​បានធ្វើ ហើយយើង​បានចាប់​បញ្ជូនជន​បរទេសចូល​មកស្នាក់​នៅខុសច្បាប់ ដោយគ្មាន​ឯកសារ​ចំនួន១៥២​នាក់ ត្រូវបាន​បញ្ជូនឲ្យ​ត្រឡប់ ឲ្យ​ទៅ​តាមច្រក ដែលពួកគេ​បានចូល​មកកម្ពុជា ។

លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឲ្យ​ដឹងថា ក្រសួង​មហាផ្ទៃ បាននិរទេស​ជនបរទេស​ជាង២០០​នាក់ ក្នុងរយៈពេល​២ខែកន្លង​មក ដែលជា​ផ្នែកមួយ​នៃការបន្ត​ធ្វើជំរឿន​ទូទាំងប្រទេស​របស់ខ្លួន ។ លោកនាយ​ឧត្តម​សេនីយ៍ សុខ ផល បានមាន​ប្រសាសន៍ ថា «យើងបាន​ចាត់វិធាន​ការលើ​ជនអន្តោ​ប្រវេសន៍ ដែលមិនមាន​ឯកសារ​ក្នុងរយៈពេល​២ខែកន្លង​មក ហើយបាន​បញ្ជូនជន​បរទេស​២០០នាក់ ត្រឡប់​ទៅវិញ រួមមាន​ជនជាតិ​ស្បែកស ស្បែកខ្មៅ ជនជាតិ​វៀតណាម ថៃ និង​ជនជាតិ​ចិន​ជាដើម»។

លោកបាន​បន្ត​ថា យើងចាត់​វិធានការ​តាម៣របៀប ដែលមាន​ទី១ យើងត្រួត​ពិនិត្យជន​អន្តោប្រវេសន៍ ដែលមាន​ឯកសារហួស​សុពលភាព។ ទី២ យើង​ស្ទង់​មតិអ្នករស់​នៅក្នុង​ប្រទេសកម្ពុជា ដែលមាន​ឯកសារ ហើយទី៣ យើងចាត់​វិធានការលើ​អ្នកដែលមិន​មានឯកសារ ហើយបញ្ជូន​ពួកគេ​ត្រឡប់​ទៅវិញ។
មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​បានអំពាវ​នាវឲ្យ ជនជាតិ​វៀតណាម គ្រប់អាយុ ១៨ឆ្នាំ​ទាំងអស់​ដែលកំពុងរស់​នៅក្នុង​ទឹកដីកម្ពុជា ត្រូវធ្វើពាក្យ​ស្នើសុំជា​ជនអន្តោ​ប្រវេសន៍​ស្របច្បាប់​ពីអាជ្ញាធរ​កម្ពុជា​ទាំងអស់គ្នា។

គួរបញ្ជាក់ថា​កាលពីថ្ងៃ​ទី២៧ សីហា ឆ្នាំ២០១៤​កន្លងទៅ អាជ្ញាធរ​ប៉ូលិសបាន​ធ្វើពិធីចែក​ប័ណ្ណប្រកាស​ជាជន​អន្តោប្រវេសន៍​ស្រប ច្បាប់រស់​នៅកម្ពុជា ដែលចេញ​ដោយក្រសួង​មហាផ្ទៃ ជូនជនជាតិ​វៀតណាម ប្រមាណ​ជាង ១០០នាក់ នៅស្រុក​ល្វាឯម និងស្រុក​កៀនស្វាយ ខេត្តកណ្ដាល។ ប័ណ្ណនេះ​មានសុពលភា​ពរយៈពេល ២ឆ្នាំ និងត្រូវ​បង់ប្រាក់ ២៥ម៉ឺន​រៀល ហើយបើផុត​ពេលកំណត់ ត្រូវដាក់ពាក្យ​ស្នើសុំសិទ្ធិ​រស់នៅ​បន្តទៀត ក្នុងករណី​ដែលមិនទាន់​ចង់ចាកចេញ​ពីប្រទេស​កម្ពុជា៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative