មន្រ្តី​កាំកុងត្រូល​ថារកមិន​ឃើញ​ប្រេងឆា​ដែល​ផលិត​នៅ​តៃវ៉ាន់​​នៅ​ទ្បើយ

មន្រ្តីជាន់ខ្ពស់​នៃអគ្គ​នាយកដ្ឋាន​កាំកុងត្រូល​បានអះអាង​ថា ក្រុមមន្រ្តី​កាំកុងត្រូល​មិនបានរក​ឃើញប្រេងឆា​ដែលផលិត​នៅប្រទេស​តៃវ៉ាន់មាន​នៅលើ​ទីផ្សារ​កម្ពុជា​នៅទ្បើយទេ តែការស្រាវ​ស្រាវបាន​និងកំពុង​បន្ត។

រូបភាព សហការី

រូបភាព សហការី

កាលពី​សប្តាហ៍មុន​ មន្រ្តីកាំ​កុងត្រូល នៃអគ្គ​នាយកដ្ឋាន​កាំកុងត្រូល​បានចុះតាម​ទីផ្សារ ដើម្បី​ស្រាវជ្រាវ​និងប្រមូល​យកផលិតផល​ប្រេងឆា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អំពីបាតុភាព​ពាក់ព័ន្ធនឹង​ការផលិត​ប្រេងឆា ចេញពី​កាកសំណល់​ប្រេងឆា​ដែលបាន​ប្រើរួច និងបាន​រកឃើញ​វ​ត្តមាន​សារធាតុគីមី បង់ស្សូ​អេពីរ៉ែន (Benzo (A) Pyrene) ផលិត​ដោយក្រុមហ៊ុន​មួយចំនួន​នៅតៃវ៉ាន់ និងបាន​ចែកចាយ​មកទីផ្សារ​មួយចំនួន​ក្នុងបណ្តា​ប្រទេស​នៅអាស៊ី អាជ្ញាធរ​មានសមត្ថកិច្ច​នៃប្រទេស​មួយចំនួន​នោះ បាន​ស្រាវជ្រាវ និងដាក់​ចុះនូវវិធាន​ការបន្ទាន់​ចំពោះបាតុភាព​ដែលបាន​កើតមាន​ឡើង ។

សូមចុចអាន កាំកុងត្រូល​កំពុងប្រមូល​ប្រេងឆា​ដែលនាំ​ចូលខូច​គុណភាព

លោក គឹម មាសសុខ​សីហា អគ្គនាយករង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃក្រសួង​ពាណិជ្ជកម្ម បានមាន​ប្រសាសន៍ឲ្យ​ដឹងតាមទូរស័ព្ទ​នៅថ្ងៃ​ទី២០ តុលានេះ​ថា មន្រ្តីអគ្គ​នាយកដ្ឋាន​កាំកុងត្រូល​មិនបានរក​ឃើញផលិតផល​ប្រេងឆា​ដែលមានម៉ាក​សញ្ញា​ផលិត​នៅកោះតៃ​វ៉ាន់នៅលើ​ទីផ្សារនោះទេ ប៉ុន្តែ​មន្រ្តីរបស់​យើងបាន​ប្រមូលយក​ប្រេងឆា​ដែលមាន​ស្លាកសញ្ញា​ផ្សេងៗ​មួយចំនួន ដើម្បីយក​មកធ្វើតេស្ត​នៅមន្ទីរ​ពិសោធន៍ ព្រោះយើង​បារម្ភថា​អាជីវករ​អាចបកស្លាក​សញ្ញា​ផលិតផល​នោះចេញ ហើយបិទ​ស្លាកសញ្ញា​ផលិតផល​ផ្សេងជំនួស​វិញ។

លោកបន្តថា “យើងមិន​ទាន់ដឹង​លទ្ឋផល​នៃការធ្វើ​ពិសោធន៍​នៅទ្បើយទេ ព្រោះពេល​ខ្លះយើងត្រូវ​យកផលិតផល​ទាំងនោះ ទៅធ្វើតេស្ត​នៅក្រៅ​ប្រទេស ដោយសារ​សមត្ថភាព​មន្ទីរពិសោធន៍​របស់យើង​នៅមាន​កម្រិត”។ លោកបន្តថា “ការស្រាវជ្រាវ​រកផលិតផល​ប្រេងឆាខូច​គុណភាព និងធ្វើឲ្យ​ប៉ះពាល់​សុខភាពអ្នក​ប្រើប្រាស់នេះ ត្រូវបានធ្វើ​ទ្បើងនៅ​គ្រប់ទីផ្សារ​ទូទាំង​ប្រទេស”។

បើយោង​តាមទីភ្នាក់​ងារអន្តរជាតិ​ស្រាវជ្រាវ​ជំងឺមហារីក នៃអង្គការ​សុខភាព​ពិលោក ការប្រើប្រាស់​ឬទទួលទាន​ប្រេងឆា​ដែលប្រើ​រួចហើយ​យកទៅ​កែច្នៃ​ឡើងវិញ នឹងមាន​ផលប៉ះពាល់​ជាអវិជ្ជមាន​ចំពោះ​សុខភាព បណ្តាលមក​ពីវត្តមាន នៃសារធាតុ​គីមីគ្រោះថ្នាក់​មួយចំនួន​ក្នុងផលិតផល​ទាំងនោះ ដែលក្នុង​នេះ មានសារធាតុ​គីមីគ្រោះថ្នាក់​មួយ គឺសារធាតុ បង់ស្សូ​អេពីរ៉ែន ដែលបាន​ចាត់ថ្នាក់ ជាសារធាតុ​បង្ករជំងឺ​មហារីក ។

យោងតាម​សេចក្តីប្រកាស​ព៌តមាន កាលពី​សប្តាហ៍មុន​របស់អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​បានឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព៌តមានពី​ការនាំចូល​ប្រេងឆា​ដែល​ជាប្រភេទ​ប្រេងឆា​ផលិតទ្បើងវិញ​ពីផលិត​ផលចាស់ អគ្គនាយក​ដ្ឋានពន្ឋដា​បានចាត់​វិធានការណ៍​មួយចំនួន ដូចជា ទី១ សហការ​ទប់ស្កាត់​ការនាំចូល​ប្រេងឆា​ដែលផលិត និង​ចែកចាយ​ដោយក្រុមហ៊ុន​ដូចបាន​កំណត់អត្ត​សញ្ញាណ​ជាក់លាក់ រួមទាំង​ផលិតផល​ប្រេងឆាពុំ​មានស្លាក​សញ្ញាសម​ស្រប ទី២ អនុវត្តកម្ម​វិធីអង្កេត​ទីផ្សារ​ទូទាំង​ប្រទេស​ដើម្បីឃ្លាំ​ពិនិត្យ និង​ស្វែងរក​ប្រេងឆា​ដែលមាន​អត្តសញ្ញាណ​មិនប្រក្រតី​ទាំងនោះ ប្រមូល​ចេញពី​ទីផ្សារ ព្រមទាំង​យកគម្រូ​ផលិតផល​ប្រេងឆា​ដទែទៀត បញ្ជូនមក​មន្ទីរពិសោធន៍ ដើម្បីវិភាគ​រកគ្រោះ និង​ចាត់វិធានការ​តាមនីតិវិធី​នៃច្បាប់​ជាធរមាន ទី៣ សហការ​ផ្សព្វ​ផ្សាយ​ដល់ពាណិជ្ជ អាជីវករ ម្ចាស់ហាង​លក់ទំនិញ​ធំ-តូច​លើទីផ្សារ ឲ្យមានការ​ប្រុងប្រយ័ត្ន​មុននឹងនាំ​ចូល ចរាចរតាំង​លក់ផលិតផល​ដែលមាន​អត្តសញ្ញាណ​មិនប្រក្រតីនេះ និងទី៤បន្ត​ស្រាវជ្រាវ​តាមដានអំពី​បាតុភាព និង​ព័ត៌មាន​ថ្មីៗ ដោយសហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​អាជ្ញាសុវត្ថិភាព​ម្ហូបអាហារ​នៃបណ្តា​ប្រទេសក្នុង​តំបន់ និងអង្គការ​អន្តរជាតិ​នានា ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative