ជំងឺមហារីក​បីប្រភេទ​កំពុងមាន​វត្តមាន​ច្រើនជាង​គេនៅ​កម្ពុជា

ដោយសារ​ការវិវត្តន៍​របស់​សង្គម និងអាយុ​ប្រជាជន​កើនទ្បើង គេឃើញ​មានវត្តមាន​ជំងឺមហារីក​កាន់តែច្រើន​នៅកម្ពុជា ក្នុងនោះ​ជំងឺមហារីក​មាត់ស្បូន ជំងឺមហារីក​សុដន និងជំងឺ​មហារីក​ត្រចៀក​​ច្រមុះ​បំពង់ក​មានច្រើន​ជាងគេ​នៅតាម​មន្ទីរពេទ្យ​នានា។

រូបភាព internet

រូបភាព Internet

លោកសាស្រ្តាចារ្យ គួយ សំណាង ឯកទេស​ផ្នែក​​វេជ្ជសាស្រ្ត​ទូទៅ និងផ្នែក​ជំងឺមហារីក និងជា​នាយផ្នែក​ជំងឺមហារីក​នៃមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត​បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាពកម្ពុជា ​ដឹងកាលពី​ព្រឹកថ្ងៃ​ទី១៧ តុលានេះ​ថា តាមរយៈ​ការពិនិត្យ​ព្យាបាល​នៅមន្ទីរពេទ្យ​នេះ យើងបាន​រកឃើញ​ថា​ជំងឺមហារីក​មាត់ស្បូន​ជាប់ចំណាត់​ថ្នាក់ទី១ ជំងឺមហារីក​ដោះជាប់​ចំណាត់​ថ្នាក់ទី២ និងជំងឺ​មហារីក​ត្រចៀក​ច្រមុះបំពង់ក​ជាប់ចំណាត់​ថ្នាក់លេខបី។

លោក​បន្តថា “ដោយសារ​សង្គមកាន់តែ​មានការ​វិវត្តន៍ ធ្វើឲ្យអ្វីៗ​ក៏មានការ​រីកលូតលាស់​ដែរ លូតលាស់​ទាំងភាព​វិជ្ជមាន​និង​អវិជ្ជមាន ហេតុនេះ​ប្រជាពល​រដ្ឋ គួររក​សេវាពិនិត្យ​ព្យាបាលឲ្យ​បានទាន់​ពេលវេលា និ​ង​ត្រឹមត្រូវ”។ លោក​បន្តថា “អ្នកជំងឺ​មករក​សេវា​ពិនិត្យ ព្យាបាល​នៅមន្ទីរពេទ្យ​ភាគច្រើន ច្រើនតែ​ស្ថិតក្នុង​ដំណក់កាល​ធ្ងន់ធ្ងរ ដែលធ្វើឲ្យ​មានការ​លំបាក​ផ្នែក​សុខភាព លំបាក​ទាំងថវិការ និងលំបាក​ទាំងការ​ព្យាបាល”។

រូបភាព សហការី

រូបភាព សហការី

លោកសាស្រ្តាចារ្យ គួយ សំណាង បានបន្ត​ថា ជំងឺមហារីក​មិនមាន​វិធី​ការពារ​ជារួម​បាននោះ​ទេ តែវាមាន​វិធីការពារ​ផ្សេងៗគ្នា​តាមប្រភេទ​ជំងឺ ដូចជា ជំងឺ​មហារីក​មាត់ស្បូន​មានវ៉ាក់សាំង​ការពារ តែមាន​ប្រសិទ្ឋិភាព​ពី៦០ទៅ​៧០ភាគរយ ប៉ុណ្ណោះ ជំងឺមហារីក​ត្រចៀក​ច្រមុះ​បំពង់ក មហារីកសួត គឺកុំជក់​បារី ព្រោះបារី ជារបស់​​ចង្រៃ​បំផុត ដែលធ្វើ​ឲ្យ​កើតជំងឺជាច្រើន​ដូចជា​ជំងឺបេះដូង មហារីកសួត និងជំងឺជា​ច្រើនទៀត។ លោក​បន្តថា ជំងឺមហារីក​កើតលើ​មនុស្ស​គ្រប់​ប្រភេទ​ទាំង អ្នកមាន និងអ្នក​ក្រីក្រ ប៉ុន្តែជំងឺ​នេះភាគច្រើន​កើតលើ​មនុស្សមាន​អាយុកាន់​តែច្រើន ស្របពេល​ដែលអាយុ​រ​បស់ប្រជាពលរដ្ឋ​កាន់តែវែង ធ្វើឲ្យ​អត្រាប្រឈម​នឹងជំងឺ​មហារីក​កាន់តែខ្ពស់។

នៅសួរថា​ជំងឺនេះកើន​ទ្បើងឬ​ថយចុះ លោកសាស្រ្តាចារ្យ គួយ សំណាង បានមាន​ប្រសាសន៍ថា ដោយសារ​យើងមិនបាន​សិក្សា​ច្បាស់លាស់ ពីអត្រា​ប្រេវ៉ាទ្បង់​របស់ជំងឺ​នេះជាក់​លាក់នោះ ទើបយើង​អាចនិយាយ​បានថា​ជំងឺនេះមិន​កើននោះទេ ប៉ុន្តែជាក់ស្តែង​អត្រាអ្នកមក​ពិនិត្យ​ព្យាបាលមាន​ការកើនទ្បើង ដោយក្នុង​មួយខែៗ យើងទទួល​អ្នកជំងឺថ្មី​ប្រមាណពី​១២០ទៅ​១៤០នាក់​ជារៀងរាល់​ខែ និងយើង​ទទួលពិនិត្យ តាមដាន និងព្យាបាល​ជំងឺនេះ​ប្រមាណ​៤៥០០​ទៅ៦០០០​នាក់ក្នុង​មួយឆ្នាំៗ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative