សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​បើក​មហា​សន្និបាត​លើក​ទី១

នៅសណ្ឋាគារ​កាំបូឌីយ៉ាណា​កាលពីព្រឹក​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​បានបើក​មហាសន្និបាត​លើកទី១​ដោយមាន​គ្រូពេទ្យ​ផ្នែកជំងឺ​បេះដូង​ចូលរួម​យ៉ាងច្រើន។

វេជ្ជបណ្ឌិត សុខ ជួរ

វេជ្ជបណ្ឌិត សុខ ជួរ

លោកសាស្ត្រាចារ្យ​មហាបរិញ្ញា​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា និងជា​ប្រធាន​ផ្នែកជំងឺ​បេះដូង​មន្ទីរពេទ្យ​កាល់ម៉ែត​បានមាន​ប្រសាសន៍ថា​មហាសន្និបាត​លើកទី១​សមាគម​គ្រូពេទ្យ​ជំងឺបេះដូង​នេះប្រារព្វ​ធ្វើឡើងក្នុង​គោលបំណង​ដើម្បីប្រមូល​ផ្តុំនូវគ្រូពេទ្យ​ទាំងអស់​ផ្នែកជំងឺបេះដូង​មកជួបជុំគ្នា​ដើម្បីផ្លាស់​ប្តូរនូវ​បទពិសោធន៍​រវាងគ្នា​និងគ្នា​ធ្វើយ៉ាងណា​ខិតខំស្វែង​រកមធ្យោបាយ​ល្អៗ​ដើម្បីធ្វើ​ការព្យាបាល​អ្នកជំងឺ​បេះដូងឲ្យ​បានប្រសើរ។ពីព្រោះ​ថាជំងឺ​បេះដូង​នៅលើ​ពិភពលោក​ជាមូលហេតុ​ទី១ដែល​បណ្តាល​ឲ្យមនុស្ស​ស្លាប់។ លោក​បានបន្តថា​ដូចនេះ​គ្រប់សមាគម​នៃជំងឺបេះដូង​ទាំងឡាយ​គឺតែងតែ​ប្រារព្វ​មហា​សន្និបាត​នេះដើម្បីឲ្យ​គ្រូពេទ្យ​ដែលមាន​ជំនាញផ្នែក​បេះដូង​មកជួប​ជជែកគ្នា​ពីបញ្ហា​ជំងឺនិង​រកវិធី​ដោះស្រាយ។

លោក​បាន​លើកឡើង​របាយការណ៍​មកបញ្ជាក់​ថានៅលើ​ពិភពលោក​ក្នុង១ឆ្នាំ​មានមនុស្ស​ស្លាប់ប្រមាណ​១៧លាន​នាក់ដោយសារ​ជំងឺបេះដូង​ដែលភាគ​ច្រើន​កើតឡើង​នៅប្រទេស​អភិវឌ្ឍន៍។ចំណែកអ្នក​ជំងឺលើស​ឈាមនៅលើ​ពិភពលោក​មានចំនួន​១៥០០លាន​នាក់ស្មើនឹង​១ភាគ៣​នៃមនុស្ស​ពេញវ័យ​នៅលើ​ពិភពលោក។

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

លោកបាន​បញ្ជាក់ថា​ជំងឺបេះដូង​នៅស្រុកខ្មែរ​មានច្រើន​តែយើងនៅ​មិនទាន់មាន​តួលេខ​ណាមួយ​ជាក់លាក់​នៅឡើយទេ​ ពាក់ព័ន្ធ​នឹងជំងឺបេះដូង។ប៉ុន្តែបើតាម​របាយការ​របស់​អង្គការ​សុខភាព​ពិភពលោក​ជំងឺបេះដូង​មានការកើន​ឡើងខ្លាំង​នៅតាម​បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍​ពិសេស​ប្រទេស​កំពុងតែ​រីកចំរើន​លឿន​ ដូចជា​ប្រទេសកម្ពុជា​ដែលប្រជា​ពលរដ្ឋ​មានជីវភាព​ធូរធារការ​ហូបចុកក៏​សំបូរ​បែបដែល​ធ្វើឲ្យ​ជំងឺបេះដូង​មានការ​កើនឡើង​ជាគំហុគ។
គួរបញ្ជាក់​ថាសមាគម​គ្រូពេទ្យ​ជំងឺបេះដូង​កម្ពុជាទើប​តែបង្កើត​នៅខែឧសភា ឆ្នាំ២០១៤​នេះទេ ដែលបច្ចុប្បន្ន​នេះសមាគម​មានសមាជិក​ចំនួនជាង​៦០នាក់​ដែលនេះជា​ចំនួនតិច​នៅឡើយហើយ​សង្ឃឹមថា​ទៅថ្ងៃអនាគត​យើងនឹង​បង្កើន​ចំនួននេះ​ឲ្យបាន​ច្រើន​ថែមទៀត។

តាមអង្គការ​​អង្គការ​សុខភាព​​ពិភពលោក​​នៅប្រទេស​កម្ពុជាអ្នក​ដែលស្លាប់​ដោយសារ​ស្ទះ​សសៃ​ឈាម​បេះដូង​​មានរហូត​​ដល់ទៅ​​ជាង២០​​ភាគរយ។

ជំងឺ​បេះដូង​​មានច្រើន​​ប្រភេទ​មាន​មក​ពី​កំណើត​​បណ្តាលមក​​ពីរលាក​បំពង់ក​ និងរលាក​សន្លាករ៉ាំរ៉ៃ ជំងឺប្រឹស​បេះដូង ជំងឺស្ទះ​សសៃឈាម​បេះដូង​ដែលកើត​ឡើងញឹកញាប់​ជាងគេដែល​បណ្តាលមក​ពីអ្នកជំងឺ​មានជំងឺ​លើសឈាម​ ទឹកនោម​ផ្អែមធ្វើ​ឲ្យសសៃ​ឈានកក​ខ្លាញ់ទើប​បណ្តាលឲ្យ​ស្ទះសសៃ​បេះដូងធ្វើ​ឲ្យបេះដូង​ខូខ ឬគាំង។ ខ្លះបណ្តាល​មកពី​ចង្វាក់​បេះដូង​មានន័យថា​បេះដូងមិន​ខូចទេ តែចង្វាក់​បេះដូង​ដើរយឺត​ឬលឿន។ ជំងឺមិន​ទាក់ទង​នឹងសសៃ​ឈាម​ឬចង្វាន់​​បេះដូងទេ តែមកពី​សាច់ដុំ​បេះដូង​វាអាចឲ្យ​សាច់ដុំ​បេះដូងក្រាស់ ឬស្តើង​រីកជាដើម។ នៅកម្ពុជា​ភាគច្រើន​កើតជំងឺ​ស្ទះសសៃ​ឈាមបេះដូង ជំងឺប្រឹស​បេះដូង និងមាន​ជំងឺបេះដូង​ពីកំណើត​ទាំងបីនេះ​ច្រើនជាងគេ។

ការព្យាបាល​ជំងឺបេះដូង​ខ្លះព្យាបាល​ជាសះស្បើយ​តែខ្លះទៀត​មិនជាទេ​តែអាចឲ្យ​អ្នកជំងឺ​រស់ធម្មតា។ ដូច្នេះ​មធ្យោបាយ​ដែលល្អ​បំផុតនោះ​អ្នកជំងឺ​ត្រូវតែទៅ​ជួបគ្រូពេទ្យ​ជំនាញបេះដូង​ដើម្បីឲ្យ​គ្រូពេទ្យ​ព្យាបាលឲ្យ​បានត្រឹមត្រូវ​ មិនអាច​ព្យាបាល​ដោយថ្នាំ​ផ្តេសផ្តាស​ដោយខ្លួន​ឯនបានទេ។ ពិសេស​នៅមន្ទីរពេទ្យ​កាល់ម៉ែត​ដែលមាន​ឧបករណ៍​ទំនើប។

ចំពោះរោគ​សញ្ញាជំងឺ​បេះដូងមាន​ច្រើនដូចជា​មានចុក​ដើមទ្រូង​មានអាការៈ​ហត់ញ័រ​ដើមទ្រូង​ដែលមុខ​សញ្ញាបី​នេះកើត​ញឹកញាប់​ជាងគេ។ ក្រៅពីនេះ​មានខ្លះ​អ្នកជំងឺ​មានអាការៈ​សន្លប់ក៏​មានតែមិន​ញឹកញាប់។

អំពាវនាវ​សូមឲ្យប្រជាជន​យើងចូលរួម​កាត់បន្ថយ​ជំងឺនេះ​ដោយបញ្ឈប់​ការពិសារ​បារី ព្យាបាល​ជំងឺទឹកនោម​ផ្អែម ជំងឺលើស​ឈាមឲ្យ​បានល្អ និងត្រឹមត្រូវ បរិភោគ​អាហារ​ដែលមាន​ជាតិប្រៃ​ពេក បន្ថយជាតិ​អំបិល និងខ្លាញ់ និងធ្វើ​លំហាត់ប្រាណ​ឲ្យបាន​ទៀងទាត់។ ក្នុងករណី​សង្ស័យជំងឺ​ទាក់ទិននឹង​បេះដូង សូមប្រញាប់​មកពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បេះដូងដើម្បី​ឲ្យគ្រូពេទ្យ​ធ្វើរោគ​វិនិច្ឆ័យ និងព្យាបាល​ឲ្យបាន​ត្រឹមត្រូវ និងទាន់​ពេលវេលា៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative